បញ្ហាអន្តរជាតិ គឺជារបៀបវារៈសម្រាប់ជំនួបហោ ណាំហុង និងចន ឃែរី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក ចន ឃែរី រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអង្គារទី២៦ មករានេះ បានជួបពិភាក្សាជាមួយលោកហោ ណាំងហុង រដ្ឋមន្ត្រីការបរទេសកម្ពុជានៅទីស្តីការក្រសួងក្នុងទីក្រុងភ្នំពេញ។ ក្រោយជំនួបរយៈពេលមួយម៉ោង លោកហោ ណាំហុង បានលើកឡើងថាអាមេរិកបានលើកឡើងពីបញ្ហាអន្តរជាតិច្រើនជាងបញ្ហានៅក្នុងស្រុកកម្ពុជា។
បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាក្រុមភារកម្មជ្រុលនិយម និងបញ្ហាសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាប្រធានបទពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងអាមេរិក។ ក្រោយជំនួបរយៈពេល១ម៉ោង លោក ហោ ណាំហុងបានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកចន គីរី ពិភាក្សាច្រើនស្តីពីបញ្ហាតំបន់ និងបញ្ហាអន្តរជាតិដែលកំពុងគម្រាមកំហែងពិភពលោក និងតំបន់ផ្ទាល់។ ពោលគឺការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងដោយសន្តិវិធី និងគោរពតាមក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងដែលបានសម្រេចកាលពីឆ្នាំ២០០២កន្លទៅ។ សម្រាប់បញ្ហានេះកម្ពុជាប្រកាន់គោលជំហរគោរពតាមសេចក្តីថ្លែងការួម និងគោរពតាមច្បាប់អន្តរជាតិ។ នេះបើតាមលោកហោ ណាំហុងដដែល។ ការលុបបំបាត់ក្រុមភារៈកម្មជ្រុលនិយម និងការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ចំពោះបញ្ហាទាំងអស់នេះ កម្ពុជាប្រកាន់គោលការអព្យាក្រិត្យ អធិបតេយ្យ និងការពារផលប្រយោជន៍មនុស្សជាតិ។ បើតាមលោកហោ ណាំហុងដដែល បញ្ហាភារៈកម្ម និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជាអ្វី ដែលកម្ពុជាជំទាស់ជាដាច់ខាត់។
ដោយឡែកបញ្ហានយោបាយកម្ពុជា លោក ឃែរីមិនបានលើកឡើងច្រើនឡើយប៉ុន្តែបានសម្តែងក្តីព្រួយបារម្ភចំពោះបញ្ហាបក្សប្រឆាំងនៅកម្ពុជា។ បក្សប្រឆាំងដែលកំពុងរងសម្ពាធនយោបាយ។ បើតាមប្រមុខការទូតកម្ពុជាដដែល លោកចន ឃែរី មិនបានលំអិតបញ្ជាក់ពីមូលហេតុដែលលោកព្រួយបារម្ភពីគណបក្សប្រឆាំងនោះទេ។ ហើយអាមេរិកក៏មិនបានលើកឡើងដើម្បីឱ្យមានការសម្របសម្រួលនយោបាយរវាងបក្សទាំងពីរផងដែរ។
នៅព្រឹកថ្ងៃអង្គារនេះ ក្រៅពីជំនួបជាមួយលោកហោណាំហុង លោក ចនឃែរី បានជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិផងដែរ ហើយបន្ទាប់មកលោកនឹងជួបជាមួយសង្គមស៊ីវិល និងចុងក្រោយគឺធ្វើសន្និសិទការសែតមុនពេលចាកចេញពីប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនៈកិច្ចនៅកម្ពុជារបស់ប្រមុខការទូតសហរដ្ឋអាមេរិកនេះ គឺធ្វើឡើងនៅមុនពេលជំនួបផ្លូវការណ៍ដ៏កម្ររវាងលោកប្រធានាធិបតីអាមេរិក បារ៉ាក អូបាម៉ា និងបណ្តាប្រមុខរដ្ឋាភិបាលអាស៊ាននៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។ យ៉ាងណាក៏ដោយ ក្នុងជំនួបរវាងប្រមុខការទូតទាំងពីរ លោកហោណាំហុងបានបញ្ជាក់ថា ដំណើរទស្សនៈកិច្ចរបស់លោកចន ឃែរី នេះ មិនមែនមកបញ្ចុះបញ្ចូលកម្ពុជាដែលជាមិនជិតស្និទនឹងប្រទេសចិននៅមុនជំនួបនាខែកុម្ភៈឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ