អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អំពើ​ទេ​ ដែល​ឆ្លុះ​ឃើញ​ដល់​បេះដូង​មនុស្ស មិន​មែន​សញ្ជាតិ​ទេ

សំឡេង ០៦:០៦
ដោយ៖ ឯម មាឃ
៣៣ នាទី

ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ខ្មែរ​គឺ​មាន​សព្វ​មាន​គ្រប់៖ មាន​ទាំង​មេដឹកនាំ​ខ្មែរ​បម្រើ​ខ្មែរ មាន​ទាំង មេដឹកនាំ​ខ្មែរ​តែ​បំផ្លាញ​ខ្មែរ ហើយ​ក៏​មាន​បរទេស​បំផ្លាញ​ខ្មែរ និង​បរទេស​ជួយ​ខ្មែរ​ដែរ។ មេរៀន​ទាំង​នេះ​ល្មម​ឱ្យ​ខ្មែរ​យល់​បាន​ថា អំពើ​ទេ​ដែល​ឆ្លុះ​ឱ្យ​ឃើញ​បេះដូង​របស់​មនុស្ស​ចំពោះ​ជាតិ​ខ្មែរ មិន​មែន​ភាព​ជា​ខ្មែរ​របស់​គាត់​ទេ ទោះ​អ្នក​នោះ​ជា​ជន​សាមញ្ញ​ក្តី ឬ​ជា​មេដឹកនាំ​ក្តី។

ផ្សាយពាណិជ្ជកម្ម

 

ជាតិ​ខ្មែរ​បាន​រុង​រឿង​នៅ​សម័យ​អង្គរ ហើយ​ធ្លាក់​វឹកវរ​នៅ​សម័យ​ក្រោយ​ៗ មិន​អាស្រ័យ​លើ​កត្តា​ដែល​អ្នក​ដឹកនាំ​ជា​ជន​ជាតិ​ខ្មែរ​តែ​ម្យ៉ាង​ទេ។ មាន​កត្តា​ច្រើន​ណាស់​ដែល​មាន​ឥទ្ធិពល​លើ​ការ​រីក​ចម្រើន ឬ​ការ​ថម​ថយ​ចុះ​នៃ​សង្គម​ខ្មែរ រាប់​ចាប់​ពី​វប្បធម៌​បរទេស ដល់​ធនធាន​ធម្មជាតិ ដែល​អាស្រ័យ​លើ​សមត្ថភាព​គ្រប់​គ្រង និង​ដឹកនាំ​របស់​អ្នក​នយោបាយ​ខ្មែរ។

មហានគរ​ដែល​បាន​កកើត​ឡើង​លើ​ទឹក​ដី​កម្ពុជា​នា​ដើម​សតវត្សរ៍​​ទី​៩ ជា​ស្នាដៃ​នៃ​ព្រះរាជា​ខ្មែរ​ជំនាន់​នោះ​ពិត​មែន​ហើយ ប៉ុន្តែ​គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ដែល​បាន​ស្គាល់ និង​ចេះ​ប្រើ​ទស្សន​វិជ្ជា​បរទេស ដូចជា​ព្រហ្មញ្ញសាសនា និង​ពុទ្ធសាសនា ឱ្យ​ក្លាយ​ទៅ​ជា​ប្រយោជន៍​ជាតិ។ នៅ​ក្នុង​សម័យ​អង្គរ ស្តេច និង​មន្ត្រី​ខ្មែរ​ដែល​ផ្តល់​តម្លៃ​ខ្ពស់​ដល់​ជំនឿ​លើ​អំពើ​ល្អ ឈ្លាសវៃ​ណាស់ ខាង​ដឹកនាំ​រាស្ត្រ​កសាង​ជាតិ​ឱ្យ​រីក​ចម្រើន​បាន​៦​សតវត្សរ៍ ដោយ​ពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ។

ចាប់​ពី​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៥​មក ចក្រភព​ខ្មែរ​បាន​ថយ​ឥទ្ធិពល​បន្តិច​ម្តង​ៗ​នៅ​ចំពោះ​មុខ​ការ​ឈ្លាន​ពាន​ផ្ទួន​ៗ​ពី​បរទេស​ជិត​ខាង​ដូច​ជា​សៀម និង​យួន​ជា​ដើម។ ជនជាតិ​ខ្មែរ​ដែល​ជាប់​ពូជ​ពង្ស​ស្ថាបនិក​ប្រាសាទ​អង្គរ​ដ៏​អស្ចារ្យ អស់​អំណាច​រលីង ហើយ​វិះ​បាត់​ទឹកដី​ទាំង​ស្រុង​នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី​១៩ មុន​ពេល​ដែល​បារាំង​យល់​ព្រម​ធ្វើ​អាណាព្យាបាល​ក្នុង​ឆ្នាំ​១៨៦៣​តាម​សំណើ​របស់​ហ្លួង​ខ្មែរ ព្រះ​បាទ នរោត្តម។

អន្តរាគមន៍​បរទេស​មក​ពី​អឺរ៉ុប​នេះ បាន​ជួយ​ស្តារ​អត្ថិភាព​ជនជាតិ​ខ្មែរ​បន្តិច​ម្តង​ៗ រហូត​អាច​ជួយ​ការពារ និង​ពង្រីក​ទឹកដី​ខ្មែរ​បាន​បន្តិច​ឡើង​វិញ តាម​រយៈ​សន្ធិ​សញ្ញា​កំណត់​ព្រំដែន​ដ៏​មាន​តម្លៃ​សម្រាប់​ខ្មែរ​បច្ចុប្បន្ន។ មិន​តែ​ប៉ុណ្ណោះ ទោះ​ជា​ការ​ជួយ​ខ្មែរ​ក្នុង​នាម​អាណាព្យាបាល​នា​គ្រា​ដំបូង បាន​ប្រែ​ជា​ការ​ជិះ​ជាន់​តាម​បែប​អាណានិគម​និយម​នៅ​គ្រា​ក្រោយ​មក​ក្តី ក៏​បារាំង​បាន​នាំ​មក​នូវ​វប្បធម៌​ថ្មី​មួយ​បែប​ទៀត​សម្រាប់​ឱ្យ​ខ្មែរ​ម្ចាស់​ស្រុក​ដែល​និយម​ព្រះពុទ្ធ​សាសនា ប្រើ​ប្រាស់​ដើម្បី​ស្ថាបនា​ជាតិ​ឱ្យ​រីក​ចម្រើន​ឡើង ក្រោយ​ពី​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣​ដែរ។

ប៉ុន្តែ អ្នក​នយោបាយ​ខ្មែរ​មិន​សុទ្ធ​តែ​បាន​យក​វប្បធម៌​លោក​ខាង​លិច មក​ចម្រាញ់​ឱ្យ​ចេញ​ជា​ប្រយោជន៍​ជាតិ​ខ្លួន​ជានិច្ច​កាល​ទេ ហើយ​ជា​ញឹក​ញាប់ ពួក​គេ​បាន​ធ្វើ​ឱ្យ​ជនជាតិ​ខ្មែរ​បែក​បាក់​គ្នា ហើយ​រុញ​ប្រទេស​ឱ្យ​វិល​ទៅ​រក​វិនាស​អន្តរាយ​វិញ​ដោយ​ខ្លួន​ឯង ដោយសារ​តែ​មិន​យល់​ និង​មិន​ចេះ​ប្រើ​ទ្រឹស្តី​បរទេស​ឱ្យ​បាន​ផល​ល្អ​នៅ​កម្ពុជា។ ជាក់​ស្តែង ចាប់​តាំង​ពី​ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច សីហនុ ដែល​ជា​ព្រះ​រាជ​នត្តា​ទួត​នៃ​ហ្លួង​នរោត្តម​នៅ​ឆ្នាំ​១៩៧០ មេដឹកនាំ​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​ខំ​រត់​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី បន្ទាប់​មក​មេដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ប្រឹង​លោត​តាម​លទ្ធិកុម្មុយនីស្ត និង​ចុង​ក្រោយ​មេដឹកនាំ​នៃ​របប​សាធារណៈ​រដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​ដើរ​តាម​លិទ្ធិ​សង្គម​និយម បាន​ដុត​ប្រទេស​កម្ពុជា​ឱ្យ​ឆេះ​ជា​ថ្មី ​ទោះ​ជា​មេដឹកនាំ​ខ្មែរ​ក្នុង​របប​នីមួយ​ៗ មាន​បេះដូង​ស្នេហា​ជាតិ​យ៉ាង​ណា​ក៏​ដោយ។ ក្នុង​សង្គ្រាម​បី​របប​ដែល​ជា​វិបាក​នៃ​ការ​ប្រទាញ​ប្រទង់​នៃ​មហា​អំណាច​បរទេស​នោះ អ្នក​នយោបាយ​ខ្មែរ​មួយ​ក្រុម​បាន​ទាញ​ជាតិ​ខ្លួន​ឱ្យ​ធ្លាក់​ក្នុង​ឋាន​នរក​ជិត​៤​ឆ្នាំ មុន​ពេល​ដែល​អ្នក​នយោបាយ​ខ្មែរ​មួយ​ក្រុម​ទៀត​ខំ​ស្រង់​មក​ដាក់​ក្នុង​ក្រញាំ​ដៃ​វៀតណាម ឬ​យួន​ជា​ថ្មី អស់​ជាង​១០​ឆ្នាំ​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បរទេស​ក៏​បាន​ជួយ​សង្គ្រោះ​ជន​ជាតិ​ខ្មែរ ក្នុង​អំឡុង​ពេល​សង្គ្រាម​ដែរ។ ថៃ និង​វៀតណាម បាន​ផ្តល់​អាហារ និង​ជម្រក​ដំបូង​ៗ ឱ្យ​ខ្មែរ​ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​មាតុភូមិ​ទាំង​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ពេល​ឆ្លង​កាត់​ព្រំដែន ដើម្បី​គេច​ពី​សង្គ្រាម ឬ​ពី​ការ​ធ្វើ​ទុក្ខ​ដោយ​មេដឹកនាំ​ខ្មែរ​ក្នុង​របប​នយោបាយ​ប្លែក​ៗ​របស់​កម្ពុជា។ ថ្វី​បើ​ពេល​ខ្លះ ជន​ភៀស​​ខ្លួ​នខ្មែរ​ជា​ច្រើន ត្រូវ​បាន​ទាហាន​បរទេស​សម្លាប់ មុន​ពេល​ទៅ​ដល់​ជំរុំ​អង្គការ​សហប្រជាជាតិ​នៅ​តាម​ព្រំដែន​ក៏​ដោយ ក៏​សំណាង​ល្អ​នៅ​មាន​សម្រាប់​ជន​ភៀស​ខ្លួន​ខ្មែរ​ភាគ​ច្រើន​ដែរ។ ខ្មែរ​២សែន​៦ម៉ឺន​នាក់​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ខ្មែរ​ទាំង​អស់​ដែល​មាន​ច្រើន​ជាង​១​លាន​នាក់ ត្រូវ​បាន​សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី និង​ប្រទេស​មួយ​ចំនួន​ទៀត យក​ទៅ​ចិញ្ចឹម​រហូត​ក្លាយ​ជា​ពលរដ្ឋ​របស់​គេ​រៀង​ៗ​ខ្លួន។ ឥណ្ឌូនេស៊ី និង​បារាំង បាន​ទាំង​ជួយ​សម្រប​សម្រួល​ឱ្យ​មេដឹកនាំ​នៃ​ភាគី​ខ្មែរ​នានា រក​ឃើញ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដើម្បី​ឈាន​ទៅ​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​តាំង​ពី​ឆ្នាំ​១៩៧០​ផង។ កិច្ច​ព្រម​ព្រៀង​នោះ​កើត​ចេញ​ពី​ឆន្ទៈ​របស់​មេដឹកនាំ​ខ្មែរ ដែល​អាច​ធ្វើ​ឱ្យ​មហា​អំណាច​បរទេស​គាំទ្រ។ វា​បាន​បើក​ឱកាស​ឱ្យ​ខ្មែរ ខ្មែរ​សញ្ជាតិ​បរទេស និង​បរទេស រួម​គ្នា​ជួស​ជុល​ការ​ខូចខាត​ដោយសារ​សង្គ្រាម​​នៅ​កម្ពុជា និង​កសាង​ថែម​ នូវ​អ្វី​ដែល​កម្ពុជា​មិន​ធ្លាប់​មាន ដើម្បី​ឱ្យ​ខ្មែរ​ក្លាយ​ជា​ម្ចាស់​វាសនា​ខ្លួន នៅ​លើ​ទឹក​ដី​អង្គរ​ពិត​ៗ។ 

សរុម​មក​វិញ ភាព​ថ្កុំថ្កើង និង​ភាព​អាប់ឱន​នៃ​ប្រជាជាតិ​ខ្មែរ នៅ​ក្នុង​ប្រវត្តិសាស្ត្រ អាស្រ័យ​លើ​ធាតុ​ខ្មែរ​ខ្លួន​ឯង​ផង និង​ធាតុ​បរទេស​ផង។ ពេល​ប៉ះ​នឹង​ធាតុ​បរទេស​ម្តង​ៗ​ អ្នក​នយោបាយ​ខ្មែរ​ពេល​ខ្លះ បាន​ធ្វើ​ឱ្យ​កម្ពុជា​ងើប​ឡើង ហើយ​ពេល​ខ្លះ​ទៀត​បាន​ធ្វើ​ឱ្យ​វា​លិច​ចុះ។ ឯ​បរទេស​បាន​ជួយ​ខ្មែរ​ផង និង​បាន​បំផ្លាញ​ខ្មែរ​ផង។ ការណ៍​នេះ​បញ្ជាក់​ថា ភាព​ជា​ខ្មែរ ឬ​ភាព​ជា​បរទេស​នៃ​មនុស្ស ជា​ជន​សាមញ្ញ​ក្តី ជា​អ្នក​ដឹកនាំ​ក្តី មិន​អាច​ឱ្យ​គេ​មើល​ធ្លុះ​បេះដូង​របស់​អ្នក​នោះ​ចំពោះ​ខ្មែរ​ឡើយ។ លុះត្រា​តែ​មនុស្ស​នោះ​ប្រើ​ធាតុ​បរទេស​ដើម្បី​ស្ទួយ​ខ្មែរ​ឱ្យ​រីក​ចម្រើន ឬ​ដើម្បី​សង្កត់​ខ្មែរ​ឱ្យ​ថយ​ថោក ទើប​គេ​អាច​ឆ្លុះ​ឃើញ​ដល់​ជម្រៅ​បេះដូង​របស់​គាត់​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ