កម្ពុជា

ក្រសួង​ធនធានទឹក​៖ តំបន់​ឆ្នេរ​សមុទ្រ​ទទួល​រងឥទ្ធិពល​ខ្យល់​កន្ត្រាក់​ច្រើន​ជាងគេ​

ខ្យល់​​កន្រ្តាក់​​ដែល​បាន​​ធ្វើ​ឲ្យ​​រលំ​ដើម​ឈើ​សង្កត់​ឡាន
ខ្យល់​​កន្រ្តាក់​​ដែល​បាន​​ធ្វើ​ឲ្យ​​រលំ​ដើម​ឈើ​សង្កត់​ឡាន

គិតតាំង​ពីដើមខែ​ កក្ក​ដា​នេះ​ បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុ​ជាបាន​រង​ឥទ្ធិ​ពល​ខ្យល់​កន្រ្តាក់​ ជាច្រើន​ករណី​ដែលបំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​។ មូលហេតុ​នៃ​ខ្យល់​កន្ត្រាក់​កើតឡើង​ដោយសារ​តែ​ កូនព្យុះ​តាឡាស​ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេ​មេគង្គ​ នៅទូទាំង​ប្រទេស​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ២១​ កក្កដា​។ ហើយកូន​ព្យុះ​នេះ​ បានជះ​ឥទ្ធិ​ពល​ខេត្ត​ដែលនៅជិតតំបន់​មាត់សមុទ្រ​ច្រើន​ជាងគេ​។

ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ តាន់ គឹមច័ន្ទវាសនា និង​ទី កញ្ញា

លោក​ កែវ​ វី​ នាយក​ខុទ្ទ​កា​ល័យ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ បាន​ឲ្យ​ដឹងថា​ បើ​គិត​ចាប់ពី​កូនព្យុះ​តាឡាស​បានកើត​ឡើង​ មានផលប៉ះ​ពាល់ជា​ខ្យល់​បក់បោក​ភាគច្រើន​ នៅតាម​តំបន់​ឆ្នេរ​សមុទ្រ​ ដូចជា​ខេត្ត​កំពត​ កោះកុង​ និងព្រះសីហនុ​។ ដែល​បង្ក​អោយ​ផ្ទះ​រលំ​៨ខ្នង​ ផ្ទះ​រងការ​ខូចខាត​ និង​របើក​ជញ្ជាំង​ ១៩៩ខ្នង​ របើក​ដំបូល​អគារ​រដ្ឋ​បាល​មួយ​ខ្នង​ លិច​ទូក​នេសាទ​៣គ្រឿង​ ដែល​ក្នុង​នោះពីរ​គ្រឿង​លិច​ចូល​ក្នុង​សមុទ្រ​ពុំទាន់​រកឃើញ​នៅឡើយ​ ហើយ​អ្នក​នេសាទ​បួននាក់​ បានបាត់​ខ្លួន​ និង​សង្គ្រោះ​បាន៨នាក់​។

ខណៈពេល​ដែល​ភ្លៀង​បន្ត​ធ្លាក់​ ទឹក​ទន្លេ​នៅតែ​កើនឡើង​បន្ត​បន្ទាប់​ ក្រសួង​ធនធាន​ទឹក​បានអំពាវនាវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាមផ្លូវ​ទឹក​ បង្កើន​ការយក​ចិត្ត​ទុក​ដាក់​ និងប្រុង​ប្រយ័ត្ន​ ជាពិសេស​ចំពោះក្មេង​។ ទឹកដែលកើនឡើង​នេះ​ បន្ត​ហូរចូលទៅកាន់​អូ​រ ព្រែក​ តំបន់ទំនាបនានា​ ក្រសួង​ក៏បាន​ប្រាប់​ឲ្យ​ប្រជា​កសិករ​ប្រមូល​កសិផល​ឲ្យ​បាន​រួសរាន់​ទាន់ពេលវេលា​ ជៀសវាងលិចលង់​។

លោក​ ចាន់​ យុត្ថា​ នាយក​ខុទ្ទ​កាល័យ​ និង​អ្នក​នាំពាក្យ​ក្រសួង​ធនធានទឹក​បានអោយដឹងថា​ ចំពោះ​ខ្យល់​កន្ត្រាក់​នេះ​ មិនបានប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ប្រជាពល​រដ្ឋ​នោះទេ​ តែបាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ ដូចជា​ ផ្ទះ​សម្បែង​ រថយន្ត​និង​ធ្វើ​ឲ្យ​លិចទូកនេសាទ​ជាដើម​។ តែបើគិត​ត្រឹម​ព្រឹក​ថ្ងៃ​១៨​ កក្កដា​នេះ​ ខ្យល់​កន្ត្រាក់​ បានថយ​ឥទ្ធិ​ពល​ហើយ​ បើទោះជា​ផ្ទៃ​មេឃនៅតែ​មានសភាព​អាប់អួរ​ក៏​ដោយ​។​ ក្រោយ​ពី​ខ្យល់​កន្ត្រាក់​នេះអស់​ឥទ្ធិ​ពល​ អាចនឹងកើតឡើង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាបមួយ​ថ្មី​ ដែលជាហេតុ​ធ្វើ​ឲ្យ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​។

គួរអោយ​ដឹងដែរថា​ នៅ​ខេត្ត​កោះកុង​ ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​ជាមួយ​នឹង​ខ្យល់​កន្ត្រាក់​ បានវាយប្រហារ​មកលើ​ក្រុង​ខេមរ​ភូមិន្ទ​ នាព្រឹក​ថ្ងៃ​ទី១៧​ ខែ​កក្កដា​ ដោយបង្ក​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើរថយន្ត​ និងផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ ហើយតំបន់មួយ​ចំនួន​កំពុង​រង​ការលិចលង់​។ ដោយឡែក​ នៅខេត្ត​ព្រះសីហនុ​ ភ្លៀង​បានបន្ដ​ធ្លាក់​ជាប់ៗគ្នា​៣ថ្ងៃ​ បណ្ដាល​ឲ្យ​តំបន់វាលទំនាប​មួយចំនួន​រងការជន់លិច​ ជាហេតុ​ធ្វើ​ឲ្យ​អា​ជ្ញា​ធរ​ ធ្វើ​ការអំពាវនាវ​ឲ្យ​ប្រជា​នេសាទ​ត្រូវតែ​អនុវត្តន៍​តាមការហាមប្រាម​របស់​សមត្ថ​កិច្ច​ ជៀស​វាង​មាន​គ្រោះ​ថ្នាក់​កើតឡើង​ ចំណែក​ប្រជាពលរដ្ឋ​ដែលទៅលេង​កម្សាន្ដ​នៅតំបន់ឆ្នេរសមុទ្រ​ ត្រូវតែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។

គួរជម្រាបជូនថា កូន​ព្យុះ ឈ្មោះ ​តា​ឡាស ​ជា​ព្យុះ​ទី​៤ ប្រ​ចាំ​ឆ្នាំ​ ២០១៧​ ។ កូន​ព្យុះនេះ បាន​កើត​ឡើង និង​កំពុង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែលធ្វើ​ឲ្យ​ភ្លៀង​បន្ត​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្របខណ្ឌ​ទូ​ទាំង​ប្រទេស​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី ២១ កក្កដា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI