អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​សម្បូរ​ត្រី​ធម្មជាតិ​ តែ​ប្រជាជន​ភាគ​ច្រើន​បរិភោគ​ត្រី​ចិញ្ចឹម

សំឡេង ០៥:៣៧
ត្រី​កាន់តែ​ក្រ​ទៅៗ​ ដោយសារ​តែ​មាន​បទ​ល្មើស​នេសាទ​ ពេញ​បន្ទុក​គ្រប់ទី​កន្លែង។​
ត្រី​កាន់តែ​ក្រ​ទៅៗ​ ដោយសារ​តែ​មាន​បទ​ល្មើស​នេសាទ​ ពេញ​បន្ទុក​គ្រប់ទី​កន្លែង។​ ©​ អ៊ឹម ណាវិន
ដោយ៖ ញឹម សុផល
៣២ នាទី

ជា​ច្រើន​សម័យ​កាល​ ប្រទេស​កម្ពុជា​តែង​មាន​មោទនភាព​ចំពោះ​ត្រី​ទឹក​សាប​របស់​ខ្លួន​ ដែល​ជា​ត្រី​ធម្មជាតិ ​មាន​រសជាតិ​ឆ្ងាញ់។ ក៏​ប៉ុន្តែ​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ​ ជនជាតិ​ខ្មែរ​បាន​នាំ​គ្នា​ទទួល​ទាន​ត្រី​ចិញ្ចឹម​ច្រើន​ជាង​ត្រី​ធម្មជាតិ។ ការ​ធ្វើ​ដូច្នេះ​ក៏ព្រោះ​ត​ត្រី​ធម្មជាតិ​ត្រូវ​បាន​បំផ្លាញ​ គ្រប់​រូបភាព​ ជួន​ពេល​ដែល​ចំនួន​ប្រជាជន​ខ្មែរ​មាន​ការ​កើន​ឡើង។ ការ​គោរព​ច្បាប់​ជលផល​ទាំង​អស់​គ្នា ​និង​ឆន្ទៈ​រួមគ្នា​ក្នុង​ការ​អភិរក្ស ​រួម​ទាំង​លុប​បំបាត់​ រូបភាព​ផ្សេង​ៗ​ដែល​រំខាន​ដល់​ត្រី​គេ​ជឿ​ថា ​កម្ពុជា​នឹង​សម្បូរ​ត្រី​ធម្មជាតិ​ឡើង​វិញ​ សម្រាប់​បំរើ​ដល់​ប្រជាពល​រដ្ឋ​ក្នុង​ស្រុក។

ផ្សាយពាណិជ្ជកម្ម

កម្ពុជា​តូច​ពិត​តែ​សម្បូរ​ សម្បត្តិ​ហៀហូរ​ ហើយ​ប្លែក​ៗ​ ត្បូង​ មាស ធ្យូង​ថ្ម សំណរ ដែក ប្រេងកាត​អនេក​នៅ​ក្នុង​ដី។ មើល​ទៅ​មេសូត្រ​ដែល​សិស្ស​ធ្លាប់​ទន្ទេញ​ចាំ​មាត់​នៅ​ថ្នាក់​បឋម​សិក្សា​ ប្រហែល​ជា​គ្រាន់​តែ​នៅ​ក្នុង​អារម្មណ៍​ ឬ​ក៏​នៅ​តែ​លើ​ក្រដាស​សៀវភៅ​ទេ។ តែ​ប្រសិន​បើ​ធនធាន​ធម្មជាតិ​ទាំង​អស់​នេះ​នៅ​គង់វង្ស​ ដល់​បច្ចុប្បន្ន​ វា​អាច​ជា​ការ​លួង​ចិត្ត​មួយ​ដល់​កូន​ខ្មែ​រ ចំពោះ​មោទនភាព​ទ្រព្យ​ធម្មជាតិ​ទាំង​នេះ។ នេះ​បើ​និយាយ​ពី​ទ្រព្យ​នៅ​ក្នុង​ដី។

ដោយ​ឡែក​ទ្រព្យ​សម្បត្តិ​ដ៏​ស្តុក​ស្តម​នៅ​ក្នុង​ទឹក​វិញ​ បើ​គេ​និយាយ​ពី​ប្រទេស​កម្ពុជា​គឺ​«ត្រី»។​នៅ​ស្រុក​ខ្មែរ​កន្លង​មក​នរណា​ក៏​ដឹង​ដែរ​ថា «មាន​ទឹក​គឺ​មាន​ត្រី»។ សម​ដូច​កំណាព្យ​មួយ​វាក្យ​ខណ្ឌ​ ដែល​បាន​ពោល​ថា​«ត្រី​ក្រាញ់​លលេញ​ ដេញ​ត្រី​ក្រោះ ​ត្រី​ក្រឹម​ក្រាប​ចុះ​ឈប់​បង្អង់​ ត្រី​ក្រាយ​ហែល​ក្រោយ​បណ្តោយ​ត្រង់​ ត្រី​ក្រឹម​វិល​វង់​ក្រោយ​ត្រី​ក្រាយ»។ តាម​រយៈ​កំណាព្យ​ដូន​តា​ដូច្នេះ ​បង្ហាញ​ថា​ កម្ពុជា​ជា​ប្រទេស​សម្បូរ​ត្រី​ធម្មជាតិ​ ប្រជាពលរដ្ឋ​គ្រាន់​តែ​ធ្វើ​ការ​ឬ​ប្រកប​អាជីវកម្ម​ ប្រមូល​កំរៃ​មក​រក្សា​ទុកដាក់​ជា​ការ​ស្រេច​ រី​ឯ​ម្ហូប​មិន​មាន​អ្វី​ជា​កង្វល់​ទេ គឺ​មាន​ត្រី​ជា​តំណាង​ស្រាប់​។

តើ​នេះ​ជា​រឿង​អកុសល ​ឬ​ក៏​ជា​ការ​វិវត្ត​ទៅ​តាម​ស្ថានភាព​សង្គម​ និង​នយោបាយ​ស្រុក​ទេស​ បាន​ជា​ប្រជាជន​ខ្មែរ​ពេល​នេះ​នាំ​គ្នា​ទទួល​ទាន​តែ​ត្រី​ចិញ្ចឹម​ ហើយ​កំរ​នឹង​ស្គាល់​ជាតិ​ត្រី​ធម្មជាតិ​ដូច្នេះ?

មាន​ហេតុ​ផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ផ្លាស់​ប្តូរ​ពី​ទឹកដី​សម្បូរ​ត្រី​ធម្មជាតិ​ ទៅ​ជា​រាជាណាចក្រ​មួយ​ដែល​បរិភោគ​ត្រី​ចិញ្ចឹម​ច្រើន​នោះ​គឺ​ទី​១ ទាក់ទង​ទៅ​នឹង​កត្តា​ប្រជាសាស្ត្រ។ ប្រជាជន​កម្ពុជា​បាន​កើន​ឡើង​រហូត​ដល់​ជាង​១៤លាននាក់​ ​រីឯ​ផ្ទៃ​ទឹក​សម្រាប់​ជម្រក​ត្រី​រស់នៅ​ក៏​កាន់​តែ​រួញ ផ្ទុយ​ពី​ផ្ទៃ​ដី​ដែល​មាន​ការ​កើន​ឡើង ដោយសារ​ដី​មាន​តម្លៃ ហើយ​ថ្លុក​ត្រពាំង​ បឹង​បួរ​ រួមទាំង​ទន្លេ​ត្រូវ​គេ​ចាក់​ដី​លុប។

ទី២.ការ​អនុវត្ត​ច្បាប់​ជលផល​កន្លង​មក​មិន​មាន​ប្រសិទ្ធិភាព។ ត្រី​ទឹក​សាប​កម្ពុជា​ដែល​ល្បីល្បាញ​លើ​ពិភពលោក​ត្រូវ​បាន​បើកដៃ​ឲ្យ​បំផ្លាញ​ដោយ​ទ្រង់ទ្រាយធំ​-តូច តាម​លទ្ធភាព​ដែល​អាច​បំផ្លាញ​បាន។ ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ធ្លាក់​ចុះ ​ដោយសារ​មាន​ការ​ព្យាយាម​ប្រើប្រាស់​ឧបករណ៍​ហាមឃាត់ ​ដែល​ធ្វើ​ឲ្យ​ត្រី​មិន​អាច​ក៏​កើត​បាន​ឆាប់​រហ័ស​ដើម្បី​បំរើ​តម្រូវ​ការ​របស់​អ្នក​បរិភោគ។

ងាក​ទៅ​មើល​ជង្រុក​ត្រី​ទឹក​សាប​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា​វិញ​គឺ​បឹង​ទន្លេសាប​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ស្ថានភាព​ខុស​ប្លែក​ពី​ទសវត្ស​មុន​ៗ ដោយហេតុ​ថា​វត្តមាន​ផ្ទះ​បណ្តែត​ទឹក​របស់​និគម​ជន​វៀតណាម​ជា​ច្រើន​គ្រួសារ មិន​ត្រឹម​តែ​ទៅ​ដណ្តើម​ជម្រក​ត្រី​ទេ​ ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពូជ​ពង្ស​ត្រី​ដែល​ខ្មែរ​ធ្លាប់​តែ​អួត​អន្តរជាតិ​ទៀត​ផង។

ផល​ប៉ះពាល់​នោះ​គឺ​ការ​ចាក់​កាក​សំណល់​គ្រប់​ប្រភេទ​ទៅ​ក្នុង​ទឹក ក្នុង​នោះ​ក៏​មាន​បង្គន់​អនាម័យ​ផង​ដែរ។ មិនថា​រដូវ​ហាម​នេសាទ ​ឬ​មិន​ហាម​នោះ​ទេ តែ​កាល​ណា​នៅ​លើ​ទឹក​ហើយ​ប្រាកដ​ជា​នេសាទ​ត្រី​គ្រប់​ពេល​វេលា​ជាក់​ជា​មិន​ខាន សូម្បី​តែ​ពូជ​ត្រី​ពង​ពេញ​ពោះ​ក៏​ក្លាយ​ជា​អាហារ​ដូចជា​ត្រី​មួយ​ក្បាល​ដូច្នោះ​ដែរ។

មួយ​វិញ​ទៀត ការ​ប្រើប្រាស់​កាណូត​ម៉ាស៊ីន ហើយ​បង្ហូរ​ប្រេង​ចូល​ទៅ​ក្នុង​ទឹក​ជា​រៀងរាល់​ថ្ងៃ​សុទ្ធសឹង​ជា​បច្ច័យ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ត្រី ខណៈ​ដែល​កាក​សំណល់​គ្រប់​ប្រភេទ​រួម​ផ្សំ​នឹង​ដី​ល្បាប់​បាន​ប្រែ​ក្លាយ​បឹង​ទន្លេសាប​ឲ្យ​គោក​រាក់​បន្តិច​ម្តង​ៗ។

លើស​ពី​នេះ​ការ​ប្រើប្រាស់​សារធាតុ​គីមី​បាញ់​ទៅ​លើ​ដំណាំ​ដែល​គេ​ដាំ ​ដោយ​រាន​យក​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេ​សាប​ក៏​ជា​ហេតុផល​មួយ​បំផ្លាញ​ត្រី​ផង​ដែរ គឺ​នៅ​ពេល​ទឹក​ឡើង​ហើយ​ត្រី​បាត់បង់​កន្លែង​ពង​កូន​ ថែម​ទាំង​រង​នូវ​ជាតិ​គីមី​ដ៏​ធ្ងន់ធ្ងរ។

និយាយ​ពី​បញ្ហា​ត្រី​នេះ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​បាន​សម្រេច​លុប​ឡូដ៍​នេសាទ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ជា​បន្ត​បន្ទាប់ ដែល​នេះ​ជា​ការ​អបអរ​ពី​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ជា​ពិសេស​ប្រជា​នេសាទ។ ក្រៅ​ពី​រក្សា​ទុក​ដែន​អភិរក្ស​ពូជ​ត្រី​ប្រមាណ​ជា​១​០ភាគរយ កម្មសិទ្ធិ​ឡូដ៍​នេសាទ​លែង​មាន​ទៀត​ហើយ។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដែរ​ នៅ​ក្នុង​ឱកាស​ទិវា​មច្ឆជាតិ​១​កក្កដា នៅ​ឯ​ខេត្ត​កំពង់​ចាម ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​ព្រលែង​កូន​ត្រី​ចម្រុះ​និង​មេត្រី​ជាង​១​លានក្បាល និង​បង្កង​១​សែន​ក្បាល​ ដែល​សកម្មភាព​នេះ រំពឹង​ថា​ផលត្រី​នឹង​សម្បូរ​បន្ថែម​ទៀត ប្រសិន​បើ​មាន​ការ​ការពារ និង​ថែទាំ។

ជារួម​ប្រសិន​បើ​ចង់​ឲ្យ​ខ្មែរ​ទូទាំង​ប្រទេស​បាន​ស្គាល់​រសជាតិ​ត្រី​ធម្មជាតិ​ច្រើន​ឡើង​វិញ គេ​គួរ​តែ​មាន​ការ​ការពារ​និង​អភិរក្ស​ត្រី​ ដោយ​ឈរ​លើ​ការ​គោរព​ច្បាប់​រដ្ឋ​ទាំង​ប្រជាពលរដ្ឋ​និង​មន្ត្រី​ អនុវត្ត​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្លួន ​ក្នុង​នោះ​មាន​ការ​ទប់ស្គាត់​ការ​ប្រើប្រាស់​ឧបករណ៍​ហាម​ឃាត់ លុប​បំបាត់​រាល់​រូបភាព​ដែល​រំខាន​ដល់​ការ​រស់នៅ​និង​កន្លែង​ពងកូន​របស់​ត្រី ជា​ពិសេស​នៅ​តំបន់​បឹងទ​ន្លេសាប។ បង្កើន​ការ​យល់​ដឹង​ដល់​ប្រជា​នេសាទ។ល។និង។ល។

ប្រសិន​បើ​អនុវត្ត​ដូច្នេះ​បាន​នោះ​ជន​កម្ពុជា​អាច​នឹង​មាន​ត្រី​ទឹក​សាប​ធម្មជាតិ​គ្រប់គ្រាន់ ​សម្រាប់​បម្រើ​ដល់​ប្រជាជន​នៅ​ក្នុង​ស្រុក ដោយ​កាត់​បន្ថយ​ការ​បរិភោគ​ត្រី​ចិញ្ចឹម​ ដែល​មាន​រសជាតិ​មិន​ឆ្ងាញ់​ដូច​ត្រី​ធម្មជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ