អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ធនធាន​ធម្មជាតិ​​ជា​​បាត​​គ្រឹះ​​នៃ​​សង្គម​​កម្ពុជា​

សំឡេង ០៧:១៤
តំបន់​ព្រៃ​អារ៉ែង​ សម្បត្តិធនធាន​​ធម្មជាតិ​ខ្មែរ​ដែលកំ​ពុង​រង​ការ​គំរាម​កំហែង​
តំបន់​ព្រៃ​អារ៉ែង​ សម្បត្តិធនធាន​​ធម្មជាតិ​ខ្មែរ​ដែលកំ​ពុង​រង​ការ​គំរាម​កំហែង​ @Mother Nature Cambodia
ដោយ៖ ឯម មាឃ

ប្រជាជន​​កម្ពុជា​​ក៏​ត្រូវ​​មា​​នក​តញ្ញុ​តា​​ចំពោះ​​ធនធាន​ធម្មជាតិ​​ដែល​​បុ​ព្វបុរស​​ខ្លួន​​ខំ​​រក្សា​​ទុក​ឱ្យ​។ ​ភាព​សម្បូរ​​ហូរហៀរ​​នៃ​​ធនធាន​​នេះ​​ជា​​គ្រឹះ​​នៃ​​អរិយធម៌​​ខ្មែរ​បុរាណ​ ហើយ​​តែងតែ​​ជា​​ទ្រព្យ​​មិន​អាច​​ខ្វះ​​បាន​​សម្រាប់​​ទ្រទ្រង់​​សង្គម​​កម្ពុជា​​រហូត​ដល់​​បច្ចុប្បន្ន​។ ​មិន​​ត្រឹម​​ប៉ុណ្ណោះ ​ចំពោះ​​ព្រៃឈើ ​វា​​ជា​​អលង្ការ​​ដ៏​​សំខាន់​​ដែល​​ពិភពលោក​​ដ៏​​ក្តៅ​​នេះ​​ត្រូវការ​។ ​ដូច្នេះ ​ធនធាន​ធម្មជាតិ​ផ្សេងៗ​ទៀត​​របស់​​កម្ពុជា​ គួរ​តែ​​ជា​​ប្រភព​​នៃ​​មោទនភាព​​ដែល​​ប្រជាជន​​កម្ពុជា​​ត្រូវ​​ថែរក្សា ​និង​​ប្រើប្រាស់​​ឱ្យ​បាន​​ត្រឹមត្រូវ​ ដូច​​មរ​តក​​ដទៃ​ទៀត​​ដែរ​។​

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា​បាន​ជ្រាប​ច្បាស់​អំពី​ផលវិបាក​បណ្តាល​ពី​បញ្ហា​បរិស្ថាន ហើយ​បាន​ផ្ញើ​សារ​ប្រារព្ធ​ខួបលើក​ទី២០នៃ​ទិវា​បរិស្ថាន​ជាតិ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥នេះ ដោយ«ផ្តោតលើ​ការគិតគូរ​អំពី​ការប្រើប្រាស់​ធនធានធម្មជាតិ​ឱ្យបាន​សមស្រប ឆ្លើយតប​នឹង​តម្រូវការ​ចំពោះមុខ​ក្នុងការ​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​រីកចម្រើន ដោយ​ធានា​រក្សា​ឱ្យបាន​នូវ​តុល្យភាព​រវាង​ការអភិរក្ស និង​ការអភិវឌ្ឍ»។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កេតឃើញថា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់​កន្ត្រាក់ បាន និង​កំពុង​សម្លាប់​មនុស្ស បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​រារាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ស្ទើរ​រៀងរាល់ឆ្នាំ។ ឆ្នាំ២០១៥នេះ​ក៏​ជា​ឆ្នាំ​ដែល​រដ្ឋាភិបាល​កម្ពុជា​ស្នើឱ្យ​រដ្ឋសភា​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ជាការ​ប្រញាប់ បន្ទាប់ពី​ប្រទេស​នេះ​ជួប​គ្រោះធម្មជាតិផ្ទួន។

 
កម្ពុជា​មិនអាច​គេច​ពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​បាតុភូត​កំណើន​កំដៅ​ភពផែនដី ដែល​បង្កឡើង​ដោយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បានទេ។ ជាទូទៅ បណ្តា​ប្រទេស​ក្រីក្រ​ដូច​កម្ពុជា​រួមចំណែក​ប​ង្ក​បញ្ហា​បរិស្ថាន​ពិភពលោក​តិចតួច​ណាស់ ប៉ុន្តែ​រងគ្រោះ​លឿន និង​ធ្ងន់​ជាងគេ ពី​ការប្រែប្រួល​អាកាសធាតុ ហើយ​តែង​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ការពារ​បរិស្ថាន និង​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព ដោយមាន​ជំនួយខ្លះៗពី​ប្រទេស​អភិវឌ្ឍន៍​ដែល​បំពុលបរិស្ថាន​ខ្លាំងជាងគេ។ មុន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ត្រូវបាន​អនុម័ត ព្រះរាជក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​ឆ្នាំ១៩៩៣ បាន​បង្កើត​ឧទ្យាន​ធម្មជាតិ៧ ដែនជម្រកសត្វព្រៃ១០ តំបន់ការពារទេសភាព៣ និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង៣ ដែលមាន​ទំហំ​សរុប៣លាន៤សែន​ហិកតា។ បន្ទាប់មក ច្បាប់​ស្តីពី​កិច្ចការពារបរិស្ថាន និង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ត្រូវបាន​ប្រកាស​ឱ្យប្រើ​នៅ​ឆ្នាំ១៩៩៦ ពោលគឺ១០ខែក្រោយ​ការបង្កើត​ក្រសួងបរិស្ថាន។

ធនធានធម្មជាតិ​រប​ស់​កម្ពុជា​រួមមាន​ដីធ្លី ទឹក អាកាស ខ្យល់ ភូគព្ភសាស្ត្រ ប្រព័ន្ធ​អេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាត ឧស្ម័ន ថ្ម ខ្សាច់ ត្បូងថ្ម ព្រៃឈើ អនុផល​ព្រៃឈើ សត្វព្រៃ មច្ឆា​ជាតិ និង​ធនធាន​ជលផល​ជាដើម។ សម្បត្តិ​ធម្មជាតិ​ទាំងនេះ​ជា​ខឿន​នៃ​អរិយធម៌​ខ្មែរ​តាំងពី​សម័យ​នគរ​ភ្នំ រហូតដល់​សម័យអង្គ​រ និង​សម័យក្រោយៗ ដែល​តែង​ពឹងផ្អែក​លើ​របរ​កសិកម្ម​ជា​ចម្បង។ នៅ​ឆ្នាំ២០១៣ កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​មាន​ដល់​ទៅជិត៥០ភាគរយ​នៃ​សកម្មភាព​សេដ្ឋកិច្ចកម្ពុជា ពេលដែល​វិស័យ​ឧស្សាហកម្ម​ស្រូបយក​ជិត២០ភាគរយ រីឯ​វិស័យ​សេវាកម្ម​ទាញ​បាន​ជាង៣០ភាគរយ។ ថ្វីបើ​ចំនួន​កសិករ​ថយ​ជា​លំដាប់​ដោយសារ​កំណើន​កម្មករ​និង​សេវាករ ប៉ុន្តែ​ថយ​ក្នុង​ល្បឿន​តិចជាង២ភាគរយ​ក្នុង​មួយឆ្នាំ បើ​គិតពី​ឆ្នាំ២០០៩ដល់​ឆ្នាំ២០១៣។ ដូច្នេះ វិស័យ​កសិកម្ម​ដែលមាន​ធនធានធម្មជាតិ​ជា​ទុន និង​ដែល​តំណាងឱ្យ​ជិត១ភាគ៣នៃ​ផលិតផល​ក្នុងស្រុក​សរុប នៅតែ​ជាស​រសរ​ស្តម្ភ​មួយ​នៃ​សេដ្ឋកិច្ចកម្ពុជា។

ក្រៅពី​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុង​វិស័យ​កសិកម្ម ធនធានធម្មជាតិ​មាន​តួនាទី​ធានា​ចីរភាព​បរិស្ថាន ដែលជា​គោលដៅ​ទី៧នៃ​ការអភិវឌ្ឍ​សហសវត្ស។ ថ្មីៗនេះ បរិស្ថាន​បានក្លាយ​ជា​ស្នូល​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្រោយ​ឆ្នាំ២០១៥។ ការអភិវឌ្ឍ​ដោយ​និរន្តរភាព​គឺ​សំដៅ​ដល់​លទ្ធភាព​ឆ្លើយតបបាន​តា​ម​តម្រូវការ​នៃ​មនុស្ស​ជំនាន់​បច្ចុប្បន្ន ដោយ​មិន​ធ្វើឱ្យ​មនុស្ស​ជំនាន់​ក្រោយ​ខ្វះខាត។ ព្រៃឈើ គុណភាព​ដី ទឹក​ក្រោម​ដី និង​វាលស្មៅ​ជាដើម សុទ្ធសឹង​ជា​មូលធន​បរិស្ថាន​ដែលជា​ផ្នែក​មួយ​នៃ​មូលធន​ធម្មជាតិ​ទូទៅ​នៃ​ប្រទេសមួយ។ ដោយសារ​វិធីសាស្ត្រ​ផលិត​មិន​ធានា​និរន្តរភាព ការធ្វើឱ្យ​ខូចគុណភាព​ដី ប្រព័ន្ធ​ទឹក និង​ព្រៃឈើ អាច​កាត់បន្ថយ​ផលិតភាព​របស់​ជាតិ​ច្រើន​ក្នុង​រយៈពេល​យូរ ទោះបី​វិធី​បែប​នោះ​មើលទៅ​ដូចជា​ជួយ​បង្កើន​ចំណូល​ជាតិ​សរុប​ក្តី។ ទន្ទឹមនេះ កង្វះ​អនាម័យ និង​កង្វះ​ទឹកស្អាត ប៉ះពាល់​ជាពិសេស​អ្នកក្រ ហើយ​ជាដើម​ហេតុ​ចម្បង​នៃ​ជំងឺឆ្លង​នៅ​ទូទាំង​ពិភពលោក។

កម្ពុជា​ដែលមាន​ប្រជាជន​កើន​ក្នុង​អត្រា​ជិត១,៥ភាគរយ និង​កំណើនសេដ្ឋកិច្ច​មធ្យម​ប្រចាំឆ្នាំ​លើសពី៧ភាគរយ ចៀស​មិន​ផុតពី​ការបំផ្លាញ​បរិស្ថាន​ឡើយ។ ជាដំបូង ព្រៃឈើ​ដែល​គ្រប់​ដណ្តប់​លើ៧ភាគ១០នៃ​ផ្ទៃដី​កម្ពុជា​សរុប ក្នុង​ទស្សវត្ស១៩៦០ ត្រូវ​រដ្ឋាភិបាល​ប៉ាន់​ស្មានថា​ថយ​អស់​ប្រហែល២២ភាគរយ ឬ២លាន៨សែន៥ម៉ឺន​ហិកតា ពី​ឆ្នាំ១៩៩០ដល់​ឆ្នាំ២០១០ ក្រោម​ដៃ​កសិកម្ម និង​ពាណិជ្ជកម្ម។ ការបំផ្លាញ​ព្រៃឈើ​ដែល​នៅតែ​បន្ត​ដល់​បច្ចុប្បន្ននេះ ធ្វើឱ្យ​ខូច​ប្រព័ន្ធ​អេកូឡូស៊ី ប្រព័ន្ធ​ទឹក​ក្រោម​ដី និង​ជម្រក​មច្ឆា​ជាតិ។ បន្ទាប់មក ការនេសាទ​ខុសច្បាប់​ដែល​មិនអាច​គ្រប់គ្រង​បាន ជា​សម្ពាធ​យ៉ាង​ធ្ងន់​លើ​ធនធាន​ជលផល​កម្ពុជា ថ្វីបើ​ការ​លុប​ឡូត៍​នេសាទ​បាន​បង្កលក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​ក៏ដោយ។

លើសពីនេះ​ទៀត គម្លាត​នៃ​ការប្រើប្រាស់​ទឹកស្អាត និង​ការរស់នៅ​មាន​អនាម័យ​រវាង​អ្នកមាន និង​អ្នកក្រ​នៅ​កម្ពុជា គឺ​នៅ​ធំ ស្រប​ពេលដែល​ប្រជាជន​កម្ពុជា​ចេះតែ​បង្ហូរ​កាកសំណល់​រឹង​រាវ​គ្រប់​ប្រភេទ​ចូលទៅ​ក្នុងព្រៃ បឹង ស្ទឹង ទន្លេ សមុទ្រ​ឥតឈប់ឈរ។ ចុងក្រោយ វិវាទ​ដីធ្លី​គឺ​នៅតែ​ជា​បញ្ហា​ដែល​ពិបាក​ដោះស្រាយ ហើយ​ដែល​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ពិបាក​ចាក​ចេញពី​ភាពក្រីក្រ។

សេដ្ឋវិទូ​ខាង​អភិវឌ្ឍន៍​បាន​យល់ស្រប​គ្នា​ថា ការពិចារណា​ផ្នែក​បរិស្ថាន​គួរតែ​ត្រូវធ្វើឡើង​គ្រប់​ដំណាក់​នៃ​ការផ្តួចផ្តើម​គោលនយោបាយ​នានា។ ដូច្នេះ វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​គុណភាព​បរិស្ថាន​ត្រូវបាន​គិតគូរ​នៅក្នុង​ការវិភាគ​សេដ្ឋកិច្ច។ ការបង្កើត​ច្បាប់ និង​គោលនយោបាយ​ជាច្រើន​ក្នុងពេល​កន្លងទៅ ក្នុងនោះ​មាន​ទាំង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ ណា​ហ្គូ​យ៉ា ទាក់ទង​នឹង​សិទ្ធិ​ទទួលផល​ពី​ធនធាន​សេ​នេ​ទិ​ក និង​ការបែងចែក​ផលប្រយោជន៍​ពី​ការប្រើប្រាស់​ធនធាន​សេ​នេ​ទិ​កដោយ​ស្មើ ភាព និង​សមធម៌​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​ពី​ឆ្នាំ២០១៤ដល់​ឆ្នាំ២០២៣ ពិតជា​បង្ហាញថា រដ្ឋាភិបាល​កម្ពុជា​បាន​យល់ដឹង​យ៉ាងច្បាស់​អំពី​ភាពចាំបាច់​នៃ​កិច្ច​គាំពារ​បរិស្ថាន កា​អភិរក្ស​ជីវចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ឱ្យបាន​សមស្រប ក្នុងការ​រក្សា​ឱ្យបាន​នូវ​សុវត្ថិភាព​នៃ​ភពផែនដី វឌ្ឍនភាព​សង្គម និង​ការរស់នៅ​ប្រកបដោយ​ចីរភាព។

ប៉ុន្តែ ចំណេះដឹង​នឹង​ឆន្ទៈ​នេះ​ត្រូវតែ​ប្រែក្លាយ​ឱ្យទៅជា​ការអនុវត្ត​ជាក់ស្តែង​ដ៏​ស្មោះត្រង់ តាមរយៈ​ការ​កៀរគរ​ធនធាន​សម្រាប់​ធ្វើ​សកម្មភាព​ឱ្យស្រប​តាមច្បាប់ គោលនយោបាយ  និង​ផែនការ​យុទ្ធសាស្ត្រ​ទាំងនោះ ទើប​អាច​ធានា​និរន្តរភាព​បរិស្ថាន និង​ធនធានធម្មជាតិ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន។ មូលធន​ធម្មជាតិ​នៃ​ប្រទេសមួយ ព្រមទាំង​គុណភាព​ល្អ​នៃ​ខ្យល់ ទឹក និង​ដី គឺជា​មរតក​សម្រាប់​ម​នុស្ស​គ្រប់​ជំនាន់។ ការបំផ្លាញ​ធនធានធម្មជាតិ​ដើម្បី​គោលដៅ​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី​គឺជា​ការដាក់ទណ្ឌកម្ម​លើ​មនុស្ស​ជំនាន់​បច្ចុប្បន្ន ជាពិសេស​លើ​មនុស្ស​ជំនាន់​ក្រោយ។ ដល់ពេល​ហើយ​ដែល​អ្នកតាក់តែង​គោលនយោបាយ​អភិវឌ្ឍន៍​កម្ពុជា បញ្ចូល​គណនេយ្យ​បរិស្ថាន ពោលគឺ​ការ​គណនា​ផលចំណេញ និង​ការខូចខាត​ផ្នែក​បរិស្ថាន ទៅក្នុង​ការវិភាគ​បរិមាណ​នៃ​សកម្មភាព​សេដ្ឋកិច្ច ពេលធ្វើការ​សម្រេចចិត្តម្តង។ កំណើនសេដ្ឋកិច្ច​ដែល​កើតឡើង​ពី​ការបាត់បង់​បរិស្ថាន​ធម្មជាតិ​គឺ​ដើរ​ផ្ទុយទៅនឹង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ