អានតួអត្ថបទ
កម្ពុជា-នយោបាយ

រយៈ​ពេល​ជិត​១​សប្តាហ៍​លោក​កឹម​ សុខា ​​ចុះ​មូល​ដ្ឋាន​បាន​ជិត​១០​ខេត្ត​ក្រុង

លោក កឹម សុខា អនុ​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​​ពេល​​កន្លង​ទៅ។
លោក កឹម សុខា អនុ​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​​ពេល​​កន្លង​ទៅ។ rfi/siv channa
ដោយ៖ សឿង ភារៈ
១៨ នាទី

គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ជិត​១​សប្តាហ៍​ហើយ ​ដែល​លោក​កឹម ​សុខា ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំងសម្រុក​ចុះ​មូល​ដ្ឋាន​ ក្រោយ​ពេល​ដែល​លោក​ទទួល​បាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្ស​ក្រកម្ពុជា ​កាល​ពីចុង​ឆ្នាំ​២​០១​៦​កន្លង​ទៅ។​ ដំណើរ​ចុះ​មូល​ដ្ឋាន​របស់​លោក​​​គឺធ្វើឡើង​ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ជិតឈាន​មក​ដល់​។

ផ្សាយពាណិជ្ជកម្ម

 

ប្រធានស្តីទីគណ​បក្សស​ង្រ្គោះ​ជាតិ​លោក​កឹម ​សុខា ចាប់​តាំង​ពី​ថ្ងៃទី​២២ ខែ​មករា​ មក​បាន​ផ្តើម​យុទ្ធនាការ​ចុះមូល​ដ្ឋាន​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ក្នុង​ខេត្ត​ក្រុង​ប្រមាណ​៨​ ដើម្បី​ជួប​អ្នក​គាំទ្រ ថ្នាក់​ដឹក​នាំ​គណបក្ស​នៅ​តាម​មូលដ្ឋាន​ និង​ដើម្បី​ជ្រើស​រើស​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នាពេល​ខាង​មុខ​។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​កឹម សុខា។

នៅ​ថ្ងៃ​ទី២៧ ខែ​មករា លោក កឹម សុខា​បាន​ជួប​ប្រជុំ​ក្រុម​ការងារ​ជា​មួយ​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន​ក្នុង​ខេត្ត​ប៉ៃ លិន ហើយ​លោក​កឹម សុខា បាន​កត់​សម្គាល់​ថា​ខេត្ត​ប៉ៃលិន ​គឺ​ជា​មូល​ដ្ឋាន​នៃ​ការ​ផ្លាស់​ប្តូរ។ លោក​កឹម សុខា បានសរសេរ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា ឆន្ទៈ​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ប៉ៃ​លិន គឺ​ស្រប​នឹង​គោល​នយោបាយរបស់​គណបក្ស​ប្រឆាំង​មួយ​នេះ។

លោក​អេង ឆៃអ៊ាង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ថា ការ​ចុះ​មូល​ដ្ឋាន​របស់​ថ្នាក់​ដឹក​នាំ​គណ​បក្សសង្រ្គោះ​ជាតិ​គឺ​មិន​មាន​រឿង​អ្វី​ចម្លែក​នោះ​ទេ​ ព្រោះ​នេះ​គឺ​ជា​រឿង​ធម្មតា​របស់​មេ​ដឹក​នាំ​គណបក្ស​នយោបាយនី​មួយៗ ដែល​ត្រូវ​ផ្សារ​ភ្ជាប់​ខ្លួន​ឯង​ទៅ​នឹង​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន ហើយ​នេះ​គឺ​ជា​រឿង​ចាំបាច់​។ លោក​បន្ថែម​ថាក្នុង​ឋានៈ​លោក​កឹម សុខា ជា​ប្រធាន​ស្តីទី ដូច្នេះ​លោក​ត្រូវ​ចុះ​មូល​ដ្ឋាន​ ដើម្បី​សួរ​សុខ​ទុក្ខ​ផង​ និង​ស្តាប់​មតិយោបល់​របស់​អ្នក​នៅ​មូល​ដ្ឋាន​ផង។

លោក​អេង ឆៃ​អ៊ាង ​បញ្ជាក់​ទៀត​ថា​នៅ​ក្នុង​ខែ​កុម្ភៈខាង​មុខ​នេះលោក​កឹម សុខា​នឹង​ចុះ​មូល​ដ្ឋាន​ជួប​បេក្ខ​ជនឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នៅ​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា ក្រោយ​ពី​គណបក្ស​នេះ បានរៀប​ចំ​បេក្ខជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​បាន​ប្រមាណ​៩៥​ភារយ​ហើយ ​តាម​ខេត្ត​នី​មួយ​ៗ។ ការ​ចុះ​ជួបបេក្ខ​ជន​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​របស់​គណ​បក្ស លើក​ទី២​ ក៏​មាន​ការ​ចូល​រួម​ពី​លោក​សម រង្សី​ប្រធាន​គណបក្សប្រឆាំង តាម​ប្រព័ន្ធ​វីដេអូ​ខនហ្វឺរិន​ដែរ​។ 

សូម​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃទី​២២ ខែ​មករា លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្តើមចុះ​មូល​ដ្ឋាន​សាជា​ថ្មី ក្រោយ​ពី​លោក​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្ស​ត្រកាល​ពី​ខែ​តុលា​ឆ្នាំ២០១៦។ ខេត្ត​ព្រះ​សីហនុ និង​ខេត្ត​កំពត​ដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​កម្ពុជា គឺ​ជា​ទឹក​ដី​ដំបូង​គេ​ដែល​ប្រធាន​ស្តីទីគណបក្ស​ប្រឆាំង​បាន​ធ្វើ​ដំណើរ​ទៅ​។

ទន្ទឹម​នឹង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​មូល​ដ្ឋាន​របស់​លោក កឹម សុខា រដ្ឋ​សភា​ជាតិ​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃទី​៣១មករា​ខាង​មុខ ដើម្បី​សម្រេច​ធ្វើ​វិសោធន​កម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា​ត្រង់​ប្រកា​៤៨​ថ្មី (បី) លុប​ចោល​តំណែងប្រធាន​ក្រុម​មតិ​ភាគ​តិច​នៃ​រដ្ឋសភា​របស់​លោក កឹម សុខា ដែល​មាន​ឋានៈ​ស្មើ​នា​យក​រដ្ឋ​មន្រ្តី។ សេច​ក្តីសម្រេច​នេះ​ គឺ​ធ្វើ​ឡើង​តាម​សំណើ​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​៥៥​រូប​ ដែលបាន​ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង​ថា​ គ្មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ការចរចា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ