អគ្គលេខាធិកាគ.ជ.បថ្មី នឹងបង្ហាញមុខនៅមុនពាក់កណ្តាលខែនេះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃទី៣១ ធ្នូ បានសរុបចំនួនបេក្ខជនតំណែងជាអគ្គលេខាធិការ និងអគ្គលេខាធិការរងដែលបានបំពេញលក្ខខណ្ឌបានត្រឹមត្រូវ គឺបេក្ខជនតំណែងជាអគ្គលេខាធិការមានចំនួន១២នាក់ និងអគ្គលេខាធិការរងមានចំនួន៧៤នាក់។ ទោះបីពេលនេះ បេក្ខជនទាំងអស់កំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសបន្តក្តី ប៉ុន្តែអ្នកនាំពាក្យគ.ជ.បលើកឡើងថា បេក្ខជនចុងក្រោយ អាចនឹងបង្ហាញមុខនៅមុនពាក់កណ្តាលខែនេះ។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានសន្មត់ប្រាប់វិទ្យុបារាំងអន្តរជាតិ ថាអគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចនឹងបង្ហាញវត្តមាននៅមុនថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ។ ការសន្មត់របស់លោកអ្នកនាំពាក្យគ.ជ.ប នៅពេលនេះ គឺបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)កាលពីថ្ងៃទី៣១ ធ្នូ បានសរុបចំនួនបេក្ខជនតំណែងជាអគ្គលេខាធិការ និងអគ្គលេខាធិការរងដែលបានបំពេញលក្ខខណ្ឌបាននត្រឹមត្រូវ ដោយមានបេក្ខជនចំនួន៨៦នាក់ក្នុងនោះតំណែងជាអគ្គលេខាធិការមានចំនួន១២នាក់ និងអគ្គលេខាធិការរងមានចំនួន៧៤នាក់។
លោកហង្ស ពុទ្ធា បានគូសបញ្ជាក់ថា បេក្ខជនទាំងនេះនឹងត្រូវឆ្លងកាត់ការជ្រើសរើសពីរដំណាក់ផ្សេងទៀត មុនឈានដល់ការប្រកាសលទ្ធផលចុងក្រោយ។ គឺដំណាក់ទីមួយ ត្រូវជ្រើសរើសដោយទុកតែ៣នាក់សម្រាប់តំណែងអគ្គលេខាធិការ និង២០នាក់សម្រាប់តំណែងជាអគ្គលេខាធិការរង។ ចំណែកដំណាក់កាលបញ្ចប់ នឹងជ្រើសរើសតែមួយរូបជាអគ្គលេខាធិការ និង៤រូបជាអគ្គលេខាធិការរងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បើតាមលោកហង្ស ពុទ្ធា ការជ្រើសរើសតាមដំណាក់កាលនីមួយៗ គឺអាស្រ័យលើការសម្រេចរួមរបស់សមាជិកទាំង៩រូបរបស់ គ.ជ.ប។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។ លោកទេព នីថា អតីតអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាស់ និងមន្ត្រីជាន់ខ្ពស់របស់អង្គការសង្គមស៊ីវិលមួយចំនួនទៀត បានដាក់ពាក្យធ្វើជាអគ្គលេខាធិការ និងអគ្គលេខាធិការរងនេះ។ កាលពីថ្ងៃព្រហស្បតិ៍ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីត្រូវធ្វើការជ្រើសរើសបេក្ខជនចំពោះតំណែងទាំងនេះ ដោយតម្លាភាព និងយុត្តិធម៌។ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ក៏ជឿជាក់ថា គ.ជ.បថ្មី នឹងបើកចំហរាល់ព័ត៌មានទាក់ទងទៅនឹងការសម្រាំង និងការសម្រេចចិត្តក្នុងការជ្រើសរើសបេក្ខជន ដើម្បីបង្ហាញពីឯករាជ្យភាព និងអព្យាក្រឹត្យរបស់ស្ថាប័នមួយនេះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោកហង្ស ពុទ្ធា បានស្វាគមន៍ចំពោះការស្នើនេះ។ លោកបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំនីវិវិធីនៃការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងប្រកបដោយតម្លាភាព។ តម្លាភាពចំពោះមុខរដ្ឋសភាជាតិ ដោយយោងទៅតាមច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ