លោក ទេព នីថា និងលោក នី ចរិយា ជាប់ជាបេក្ខជនក្នុងវគ្គជំរុះតំណែងអគ្គលេខានិងអគ្គលេខារង គ.ជ.ប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើការជ្រើសរើសចុងក្រោយនូវបេក្ខជនអគ្គលេខាធិការម្នាក់ និងអគ្គលេខាធិការរង៤នាក់នៅថ្ងៃសុក្រសប្តាហ៍ក្រោយ បន្ទាប់ពីបានចំរាញ់នៅថ្ងៃនេះសល់បេក្ខជនចំនួន១៥នាក់។ បេក្ខជនដែលជាប់ក្នុងវគ្គជម្រុះនេះ ភាគច្រើនមកពីអង្គការមិនមែនរដ្ឋាភិបាល។ តែអគ្គលេខាធិការចាស់លោកទេព នីថា ក៏មាននៅក្នុងShort Liste ដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា គ.ជ.ប បានបញ្ចប់កិច្ចការមួយជំហ៊ានទៀតហើយនៅថ្ងៃពុធនេះ ដោយបានជ្រើសរើសបេក្ខជនអគ្គលេខា អគ្គលេខារង គ.ជ.ប ក្នុងវគ្គជម្រុះនៅសល់១៥នាក់ចុងក្រោយ។ ពោលគឺ បេក្ខជនសម្រាប់ប្រជែងយកតំណែងអគ្គលេខាធិការនៅសល់៣នាក់ និងបេក្ខជនសម្រាប់តំណែងអគ្គលេខាធិការរងចំនួន១២នាក់។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថាចំណាត់ការបន្ត គ.ជ.បនឹងពិនិត្យទៅលើលិខិតថ្កោលទោសបេក្ខជនទំាំងអស់ ដោយកន្លងមកបេក្ខជនទាំងនោះបានដាក់តែបង្កាន់ដៃចំលង មិនមានដាក់ជាលិខិតថ្កោលទោសអ្វីទេ។
ជាមួយគ្នានេះ គ.ជ.ប បានកំណត់ហើយថាគណៈវិនិច្ឆ័យរបស់ខ្លួននឹងធ្វើការចំរាញ់ចុងក្រោយ នូវអគ្គលេខាធិការចំនួនមួយរូប និងអគ្គលេខាធិការរងចំនួន៤រូប នៅថ្ងៃទី១៥ខែមករាខាងមុខ បន្ទាប់ពីបេក្ខជនទាំងអស់ផ្តល់លិខិតថ្កោលទោសឲ្យគ.ជ.ប រួចរាល់ហើយ។
ក្នុងចំណោមបេក្ខជនដែលជាប់វគ្គជំរុះនេះត្រូវគេស្គាល់ថាធ្លាប់បង្ហាញមុខញឹកញាប់នោះគឺ លោក ហេង មុនីចិន្តា ប្រធានអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ លោកទេព នីថា និងលោកយ៉ា ណាវុធ ប្រធានអង្គការខារ៉ាមកម្ពុជា។ អ្នកទាំងបីប្រជែងគ្នាក្នុងតំណែងអគ្គលេខាធិការ។ រីឯតំណែងអគ្គលេខាធិការរងវិញនោះ ត្រូវគេស្គាល់ថាមានលោកនី ចរិយា មន្ត្រីជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សអាដហុកផងដែរ។
សូមបញ្ជាក់ថា ដើម្បីបង្ហាញនូវតម្លាភាព និងការបើកទូលាយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសជ្រើសរើសអគ្គលេខាធិការចំនួន១រូប និងអគ្គលេខាធិការរងចំនួន៤រូបកាលពីថ្ងៃទី១៦ធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ។ ការជូនដំណឹងនេះ ត្រូវបានភ្ជាប់នូវលក្ខណៈសម្បត្តិចំនួន៦ចំណុច ក្នុងនោះ បេក្ខជនមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិតែមួយគត់ ក្នុងរយៈពេលបំពេញការងារ។ មានអាយុយ៉ាងតិច៣០ឆ្នាំគិតដល់ថ្ងៃតែងតាំង។ មានសិទ្ធិបោះឆ្នោត។ មានសញ្ញាបត្រចាប់ពីថ្នាក់ឧត្តមសិក្សាឡើងទៅ។ មានបទពិសោធន៍ការងារយ៉ាងតិច៥ឆ្នាំ និងមិនត្រូវជាសហព័ទ្ធឬញាតិលោហិត ឬញាតិពន្ធរះឲហូតដល់ថ្នាក់ទី៣របស់ប្រធាន អនុប្រធានគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ ជាការកត់សម្គាល់មានបេក្ខជនប្រមាណជាង៨០នាក់បានចាប់អារម្មណ៍និងដាក់ពាក្យប្រជែងយកតំណែងដ៏សំខាន់នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ