កម្ពុជា-បោះឆ្នោត

អ្នក​ជំនាញ និងគ.ជ.ប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ ខណៈ​ថ្ងៃ​បិទ​បញ្ជី​ជិត​មក​ដល់

អ្នក​​ជំនាញ និងគ.ជ.ប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ
អ្នក​​ជំនាញ និងគ.ជ.ប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ

មុន​ថ្ងៃ​បិទ​បញ្ចប់​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​មក​ដល់ អង្គការ​ជំនាញ​ខាង​កិច្ច​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ ហើយ​មិន​ទាន់​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩ ខែ​វិច្ឆកា ខាង​មុខ​នេះ។ គ.ជ.ប បញ្ជាក់​ថា អ្នក​មិន​បាន​ចុះ​ឈ្មោះ នឹង​មិន​មាន​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (និកហ្វិក) បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន និង​អ្នក ដែល​គ្រប់​អាយុ​១៨​ឆ្នាំ អញ្ជើញ​មក​ចុះ​ឈ្មោះ​ទាំង​អស់​គ្នា ព្រោះ​ការ​ចុះ​ឈ្មោះ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ នៅ​សល់​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

លោក​លើក​ឡើង​ថា បើ​មិន​បាន​មក​ចុះ​ឈ្មោះ​នៅ​ពេល​នេះ​ទេ នោះ​មិន​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ឡើយ។ លោក សំ គន្ធាមី បន្ថែម​ថា​ចំពោះ​អ្នក​ក្រៅ​ប្រទេស ដូច​ជា​នៅ​ត្រឹម​ប្រទេស​ថៃ ជា​ដើម បើ​អាច​មក​ចុះ​ឈ្មោះ​បាន គួរ​តែ​អញ្ជើញ​មក​ឲ្យ​បាន​គ្រប់​គ្នា។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា នេះ​ថា​ គ.ជ.ប ធ្លាប់​រំពឹង​ថា​នឹង​មាន​ពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ឱកាស​ធ្វើ​បច្ចុប្បន្ន​ភាព​ឆ្នាំ​២០១៧​នេះ ប្រមាណ​៥០​ម៉ឺន​នាក់។ ប៉ុន្តែ​តួ​លេខ​ជាក់​ស្តែង​គិត​ត្រឹម​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា មាន​ប្រជាពលរដ្ឋ​ប្រមាណ​៤៩​ម៉ឺន​នាក់​ ឬ​ស្មើ​នឹង​៣០.០៥​ភាគ​រយ​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ នេះ​បើ​តាម​លោក ហង្ស ពុទ្ធា។

លោក​បញ្ជាក់​ថា បើ​បូក​នឹង​ចំនួន​អ្នក​បាន​មក​ចុះ​ឈ្មោះ​កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​៨១.៣៨​ភាគ គឺ​បាន​កើន​មក​ដល់​៨២​ភាគ​រយ។ អ្នក​នាំ​ពាក្យ​បន្ថែម​ថា នេះ​គឺ​ជា​តួ​លេខ​នៃ​អ្នក ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ខ្ពស់​ជាង​គេ​ប្រៀប​ធៀប​នឹង​ប្រទេស​នានា ដែល​មាន​ការ​បោះ​ឆ្នោត​ដូច​ប្រទេស​កម្ពុជា។​

សូម​ជម្រាប​ជូន​ថា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ឆ្នាំ​២០១៧ បាន​ប្រព្រឹត្តិ​ទៅ​ចាប់​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ តាម​ការ​ប៉ាន់​ស្មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) មាន​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ក្នុង​ការ​ចុះ​ឈ្មោះ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​នេះ ប្រមាណ​១​លាន​៦​សែន​នាក់។

លោក សំ គន្ធាមី បាន​លើក​ឡើង​ដោយ​យោង​លើ​តួ​លេខ​របស់ គ.ជ.ប ថា​មាន​ពលរដ្ឋ​ប្រមាណ​៧០​ភាគ​រយ​មិន​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​នេះ។ លោក​កត់​សម្គាល់​ថា​អ្នក​នៅ​ក្នុង​ស្រុក​បាន​មក​ចុះ​ឈ្មោះ​ភាគ​ច្រើន ហើយ​អ្នក​ដែល​មិន​បាន​ចុះ​គឺ​ជា​ពលករ​នៅ​ក្រៅ​ប្រទេស។ អ្នក​ជំនាញ​ខាង​ការ បោះ​ឆ្នោត​រូប​នេះ ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដែរ​ចំពោះ​ប្រជាពលរដ្ឋ​ជាង​១​លាន​នាក់​ទៀត ដែល​នឹង​បាត់​បង់​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

លោក​ហង្ស ពុទ្ធា​អ្នក​នាំ​ពាក្យ​គ.ជ.ប ​សង្ឃឹម ថា​ប្រជាពលរដ្ឋ​នឹង​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ច្រើន នៅ​កៀក​ថ្ងៃ​បិទ​បញ្ចប់​នៃ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រៀប​ចំ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៧​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI