អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ​នឹងលោក ​កឹម សុខា ​ប្រឈម​នឹង​ការ​ដកសិទ្ធិ​ក្នុង​ការ​ចុះ​ឈ្មោះ​និង​ឈរ​ឈ្មោះ​បោះ​ឆ្នោត​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងទៅកាន់​អ្នក​សារព័ត៌​មាននៅថ្ងៃទី​២៩ ខែ មិថុនា ២០១៥។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងទៅកាន់​អ្នក​សារព័ត៌​មាននៅថ្ងៃទី​២៩ ខែ មិថុនា ២០១៥។ © siv channa
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

ប្រធាន​​គណបក្ស​ប្រឆាំង​​លោក ​សម រង្ស៊ី ​និង​​អនុប្រធាន​​របស់​លោក ​គឺ​​លោក ​កឹម សុខា ​ដែល​​កំពុង​​ញ៉ាំ​ញី​​ដោយ​​បណ្តឹង​​នៅ​ក្នុង​​តុលាការ ​កំពុង​​ប្រឈម​​នឹង​​ការ​ដក​​សិទ្ធិ​​ក្នុង​ការ​​ចូល​រួម​​ចុះ​​ឈ្មោះ​​បោះ​ឆ្នោត ​ដែល​​គ្រោង​​ធ្វើ​ឡើង​​ចាប់​ពី​​ថ្ងៃទី​១​កញ្ញា​​ខាង​មុខ​នេះ។​ ប្រធាន ​គ.ជ.ប ​លោក​ស៊ិ​ក​ ប៊ុន​ហុក ​បាន​​ប្រាប់​​កាសែត​​ក្នុង​ស្រុក​​ថា ​លោក ​សម រង្ស៊ី ​នឹង​​មិន​អាច​​ចុះឈ្មោះ​​និង​​ឈរឈ្មោះ​​បាន​ទេ។ ​ប៉ុន្តែ​​ប្រធាន​​អង្គការ​​ខុមហ្វ្រែល ​បាន​ទាមទារ​​ឲ​..ប ពន្យល់​​ឡើងវិញ ពី​​ករណី​នៃ​ការដក​សិទ្ធិ​អ្នកបោះឆ្នោត​នេះ។

ផ្សាយពាណិជ្ជកម្ម

 

“យោងតាម​ច្បាប់បោះឆ្នោត​មាត្រា៤៦ បាន​ហាមឃាត់​ជន​ទាំងឡាយណា ដែលជា​ទណ្ឌិត ឬ​មាន​សាលក្រម​ស្ថាពរ​ពី​តុលាការ មិនត្រូវ​អនុញ្ញាត​ឲ្យ​ចុះឈ្មោះ ឬ ឈរ​ឈ្នោះ​បោះឆ្នោត​នោះទេ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប ទៅកាន់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃ​ទី​១២​សីហា។

លោក ស៊ិ​ក ប៊ុន​ហុក បាន​បញ្ជាក់ថា ស្ថិតនៅក្នុង​លក្ខខណ្ឌ​នៅពេលនេះ លោក សម រង្ស៊ី ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ច្បាប់​ហាមឃាត់ មិន​ឲ្យ​ចុះឈ្មោះ​បោះឆ្នោត និង ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ២០១៧និង​ឆ្នាំ២០១៨ ខាងមុខ​នោះទេ។ចំណែក​​ករណី​របស់លោក កឹម សុខា វិញ ដែល​កំពុង​រង​បណ្តឹង​មួយចំនួន​នៅក្នុង​តុលាការ​នោះ ​ក៏​អាច​ប្រឈម​នឹង​ការបាត់បង់​សិទ្ធិ​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​ដែរ បើសិន​មាន​សាល​ក្រម​​ស្ថាពរ​ពី​តុលាការ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចេញ​​ដីកា​ឱ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ តាម​សំណើ​របស់លោក​ឧបនាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង នៅក្នុង​សំណុំរឿង «បរិហាកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង»។ ជា​សំ​ណុំ​​រឿង​ចាស់ តាំងពី​ខែមេសា​ឆ្នាំ២០០៨ដែល​បាន​គាស់កកាយ​ឡើងវិញ​ហើយ​ដែល​កំពុង​ធ្វើ​​​ឲ្យ​​ប្រធាន​គណបក្សប្រឆាំង​រូបនេះ និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ជា​លើក​ទី។ លោក ហោ ណាំ​​ហុង ដែល​បាន​ប្តឹង​លោក សម រង្ស៊ី ទាក់ទិន​នឹង​ការនិយាយ​នៅឯ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើងឯក ដែល​ចោទប្រកាន់​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ថា ជា​ប្រធាន​គុក​​បឹងត្របែក នៅក្នុង​សម័យ​ខ្មែរ​រ​ក្រហម។ ចំណែកឯ​ករណី​របស់ លោក កឹម សុខា វិញ ក៏​កំពុង​​រុំ​ព័ទ្ធ​ដោយ​បណ្តឹង​នៅក្នុង​តុលាការ​ផងដែរ។

យ៉ាងណាក៏ដោយ លោក គល់ បញ្ញា នាយក​ប្រតិបត្តិការ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ហៅថា​ខុមហ្វ្រែល បានទាមទារ​ឲ្យ​ប្រធាន គ.ជ.ប លោក ស៊ិ​ក ប៊ុន​ហុក ពន្យល់​ឡើង​វិញ ចំពោះ​ករណី​ដកសិទ្ធិ​ជនណាម្នាក់​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត។ បើតាម​ប្រធាន​អង្គការ​ខុម​ហ្វ្រែល​រូបនេះ លោក សម រង្ស៊ី នៅតែ​អាច​ចុះឈ្មោះ​បោះឆ្នោត​បាន បើទោះបី​ជាមាន​ដីការ​​ស្ថាពរ​ក្តី។លោក គល់ បញ្ញា និង​លោក ជូ​ង ជូ​ងី មេធាវី​របស់លោក សម រង្ស៊ី បាន​ចាត់​ទុក​​ករណីរ​ប​ស់លោក សម រង្ស៊ី និង​លោក កឹម សុខា ថា ជា​រឿង​នយោបាយ ដូច្នេះ​ត្រូវ​ដោះ​ស្រាយ​តាមបែប​នយោបាយ។

សូម​បញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត​ថ្មី នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១កញ្ញា​ខាងមុខរហូតដល់​ថ្ងៃ​ទី ២៩ វិច្ឆិកា ហើយ​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៤ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី៤ មិថុនា ឆ្នាំ​២០១៧ ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ