កម្ពុជា

គជប ពន្យារពេលការចុះឈ្មោះបោះឆ្នោត នៅខែ មីនា ទៅខែ កក្កដា ឆ្នាំ ២០១៦ វិញ

សកម្មភាព​ប្រជាពលរដ្ឋ ចូល​រួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង តាម​បែប​ប្រព័ន្ធ​កុំព្យូទ័រ
សកម្មភាព​ប្រជាពលរដ្ឋ ចូល​រួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង តាម​បែប​ប្រព័ន្ធ​កុំព្យូទ័រ RFI/Pisey

គណៈ​កម្មា​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គជប) នៅ​ថ្ងៃ​ទី​ ១២ នេះ​ បាន​បញ្ជាក់​ថា​ ការ​ចុះឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ខែ​ មីនា នេះ នឹង ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ខែ​ កក្កដា ឆ្នាំ ២០១៦ វិញ​។ ការ​ពន្យារពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ទូ​ទាំង​ប្រទេស​នេះ ត្រូវ​បាន​ គជប ពន្យល់​ថា ដោយ​សារ​តែ​មិន​ទាន់​ទទួល​បាន​សម្ភារៈពី​ម្ចាស់​ជំនួយ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គជប អះ​អាង​ថា​ ការ​ពន្យា​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ នឹង​មិន​ប៉ះ​ពាល់​ដល់​ដំណើការ​ ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ទេ។ 

ផ្សាយពាណិជ្ជកម្ម

ការ​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ ដែល​គ្រោង​នឹង​រៀប​ចំ​នៅ​ខែ​ មីនា នេះ នឹង​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ខែ កក្កដា ឆ្នាំ ២០១៦ ជំនួស​វិញ។ បើ​តាម​គម្រោង គណៈ​កម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) ត្រូវ​ផ្លាស់​ប្តូរ​ការ​រៀប​ចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ខែ មីនា ទៅ ខែ ឧសភា ប៉ុន្តែ ដោយ​សារ​តែ​ សម្ភារៈ​ដែល​ត្រូវ​ពឹង​ផ្អែក​លើ​ជំនួយ​របស់​សហភាព​អ៊ឺរ៉ុប​ និង ជប៉ុន មិន​ទទួល​បាន​ទាន់​ពេល​វេលា ដែល​ធ្វើ​ឲ្យ​គណៈ​កម្មាការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ចាំ​បាច់​ត្រូវពន្យារ​ពេល​សារ​ជា​ថ្មី​ទៀត រហូត​ដល់​ ខែ ចុងខែ កក្កដា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យនិង ជា​សមាជិក​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​ ១២ ខែ មីនា នេះ។

អ្នក​នាំ​ពាក្យ​រូប​នេះ បញ្ជាក់​ទៀត​ថា ដោយ​សារ​តែ​នេះ​ជា​លើក​ទី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​នឹង​ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ ដូច្នេះ​ហើយ កម្ពុជា ចាំ​បាច់​ត្រូវ​ការ​ជំនួយ​បច្ចេក​ទេស និង សម្ភារៈ​ដើម្បី​ប្រើ​ប្រាស់ ​ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ដើម្បី​ធានា​ថា ដំណើការ​បោះឆ្នោត​នៅ​កម្ពុជា ប្រកប​ដោយ​តម្លាភាព និង សុក្រឹត្យ​ភាព។

បើ​ទោះ​បី​ជា មាន​ភាព​យឺត​យ៉ាវ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​យ៉ាង​ណា​ក៏​ដោយ លោក ហង្ស ពុទ្ធា បាន​អះ​អាង​ថា នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​ដំណើការ​ប្រព្រឹត្តិ​ទៅ​នៃ​ការ​ឆ្នោត​ ថ្នាក់​ជាតិ ឆ្នាំ ២០១៧ និង ឆ្នាំ ២០១៨ ខាង​មុខ​នេះ​ទេ។ មិន​ប៉ះ​ពាល់ ព្រោះ​ថា ក្រុម​ការងារ របស់​គណៈ​កម្មាការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ ដើម្បី​រៀប​ចំ​ដំណើការ ការបោះ​ឆ្នោត​ទូទាំង​ប្រទេស ឲ្យ​មាន​ភាព​រលូន។

ទន្ទឹម​នឹង​នេះ នៅ​ថ្ងៃ​ច័ន្ទ សប្តាហ៍​ក្រោយ គណៈ​កម្មាការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត នឹង​ជួប​ពិភាក្សា​ជាមួយ​នឹង​សហភាព​អ៊ឺរ៉ុប​បន្ថែម​ទៀត និង ផ្តល់​ដំណឹង​ផ្លូវ​ការ​ អំពី​ភាព​យឺត​យ៉ាវ​នៃ​ការចុះ​ឈ្មោះ​បោះ​ឆ្នោត​ទូទាំង​ប្រទេស និង សុំ​នូវ​ការ​យោគល់ ពី​ប្រជាជន​ទូទាំង​ប្រទេស។

គួរ​ជម្រាប​ជូន​ផង​ដែរ​ថា សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០១៧ និង ការ​បោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ ខាង​មុខ​នេះ ស្ថាន​ទូត​អាមេរិកប្រចាំ​នៅ​កម្ពុជា នឹង​ជួយ​គាំទ្រ​ដល់​ដំណើការ និង ធ្វើ​ជា​អ្នក​សង្កេតការណ៍​សម្រាប់​ការ​បោះឆ្នោត​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI