កម្ពុជា-បោះឆ្នោត

គ.ជ.ប ទទួល​បាន​យោបល់​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៧

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)
មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) @NEC

កាល​ពី​ថ្ងៃ​ម្សិល​មិញ គ.ជ.ប បាន​ទទួល​យោបល់​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​អស់​ហើយ ដើម្បី​ពិភាក្សា និង​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៧​។ អ្នក​នាំ​ពាក្យ​គ.ជ.ប ថា​កន្លង​មក​យោបល់​របស់​ភាគី​ពាក់​ព័ន្ធ ច្រើន​តែ​ស្នើ​ឲ្យ​មាន​ការ​រៀប​ចំ​ការិយា​ល័យ​ចុះ​ឈ្មោះ និង​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​។

ផ្សាយពាណិជ្ជកម្ម

លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប)​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា ថា រហូត​មក​ដល់​ពេល​នេះ​ គ.ជ.ប បាន​ទទួល​អនុសាសន៍​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធអស់​ហើយៗ អគ្គ​លេខាធិការដ្ឋាន​កំពុង​តែ​បូក​សរុប​មតិ​យោបល់​ទាំង​អស់​នោះ​។

លោក​ហង្ស ពុទ្ធា​មិន​អាច​បញ្ជាក់​បាន​ទេ​ថា​មាន​ចំណុច​អ្វី​ខ្លះ ដែល​ភាគី​ពាក់​ព័ន្ធ​បាន​ដាក់​យោបល់​របស់​ខ្លួនមក​ គ.ជ.ប។ ប៉ុន្តែ​លោក​កត់​ស្គាល់​ថា ក្នុង​ពេល គ.ជ.ប រៀប​ចំ​សន្និបាត​បូក​សរុប​ការងារ​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា​កន្លង​ទៅ ភាគី​ពាក់​ព័ន្ធ ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរ​ជាតិ គណបក្ស​នយោបាយ និង​តំណាង​ស្ថាន​ទូត​ជា​ដើម​នោះ ធ្លាប់​លើក​ឡើង​ពី​សំណើ​ចង់​ឲ្យ​មាន​ការ​រៀប​ចំ​ការិយាល័យ​ចុះ​ឈ្មោះ និង​បោះ​ឆ្នោត នៅ​តាម​ស្ថាន​ទូត​កម្ពុជា​នៅ​ក្រៅ​ប្រទេស និង​នៅ​តាម​ជាយ​ដែន។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា អង្គការ​ក្រៅ​រដ្ឋាភិបាល តំណាង​គណបក្ស​ប្រឆាំង បាន​ជជែក​ពិភាក្សា​គ្នា ដើម្បី​ដាក់ចូល​នូវ​មតិ​យោបល់​របស់​ខ្លួន​ឲ្យ គ.ជ.ប ហើយ​បញ្ហា​ធំ​ដែល​ភាគី​ពាក់​ព័ន្ធ​ទាំង​នោះ​លើក​ឡើង​គឺ​ការ​ស្នើ​ឲ្យពលករ​ចំណាក​ស្រុក​ក្រៅ​ប្រទេស​អាច​ចុះ​ឈ្មោះ និង​បោះ​ឆ្នោត​បាន​នៅ​ក្រៅ​ប្រទេស​។

អ្នក​នាំ​ពាក្យ គ.ជ.ប ចាត់​ទុក​ថា​នេះ​គឺ​ជា​សំណើ​ដដែលៗ ហើយ គ.ជ.ប ​ក៏​នៅ​តែ​រក្សា​ចម្លើយ​របស់​ខ្លួន​ដដែល​ដែរ​។ អ្នក​នាំ​ពាក្យ​បញ្ជាក់​ថា​សូម​កុំនាំ​គ្នា​ទាញ គ.ជ.ប ឲ្យ​អនុវត្ត​ខុស​ច្បាប់​អី ចំពោះ​រឿង​ខាង​លើ​នេះ​។​ លោក​បន្ថែម​ថា ការ​ស្នើ​វិសោធន​កម្ម​ច្បាប់ ដើម្បី​បើក​ផ្លូវ​ក្នុង​ការ​រៀប​ចំ​ការិយាល័យ​ចុះ​ឈ្មោះ និង​បោះ​ឆ្នោត​នៅ​ក្រៅ​ប្រទេស គឺ​មិន​មែន​ជា​តួនាទី​របស់ ​គ.ជ.ប ទេ។

លោក​បន្ត​ថា​បើ​តំណាង​រាស្ត្រ​មើល​ឃើញ​ថា​ច្បាប់​នោះ​មាន​បញ្ហា​យ៉ាង​ណា គឺ​គួរ​តែ​ស្នើ​ទៅ​សភា ហើយ​បើសភា​សម្រេច​កែ​ប្រែ​បែប​ណា​ចំពោះ​មាត្រា​ទាំង​នោះ ​គ.ជ.ប នឹង​អនុវត្ត​តាម។

លោក​សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​ការ​ឆ្លើយ​បែប​នេះ របស់​គ.ជ.ប គឺ​ជា​ការ​ឆ្លើយ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ លោក​បន្ថែម​ថា បើ​ទោះ​បី​ជា គ.ជ.ប មិន​មាន​សិទ្ធិ​ស្នើ​ច្បាប់ ឬ​ស្នើ​ធ្វើ​វិសាធនកម្ម​ច្បាប់ ប៉ុន្តែ គ.ជ.ប អាច​រាយការណ៍​មក​រដ្ឋសភា​ពី​ការ​លំបាក​របស់​ខ្លួន​ក្នុង​អនុវត្ត​ច្បាប់។​ លោក​សុន ឆ័យ​ថា​រហូត​មក​ដល់​ពេល​នេះ គ.ជ.ប មិន​ដែល​ផ្ញើ​របាយការណ៍​បង្ហាញ​ពី​ភាព​លំបាក​របស់​ខ្លួន​មក​សភា​ទេ៕

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា​នៅ​ពេល​នេះ​មន្ត្រី​របស់​លោក​កំពុង​រៀប​ចំ​ឯកសារ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ដើម្បី​ដាក់​ទៅ​រដ្ឋសភា​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ។​ ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​ដើម្បី​បើក​ផ្លូវ​ឲ្យ​ពលករ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស​អាច​ចុះ​ឈ្មោះ​ និង​បោះ​ឆ្នោត​នៅ​ប្រទេស ដែល​ពួក​គេ​កំពុង​បំពេញ​ការងារ។ លោក​សុន ឆ័យ​ក៏​សង្ឃឹម​ដែរ​ថា គ.ជ.ប និង​គណបក្ស​ប្រជាជន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI