គជប គ្រោងប្រកាសសុពលភាពបញ្ជីឈ្មោះបោះឆ្នោតផ្លូវការថ្ងៃទី ១២កុម្ភៈ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលក្រុមប្រឹក្សាធម្មនុញ្ញនឹងបញ្ចប់សវនាការរបស់ខ្លួនលើបណ្ដឹងប្ដឹងឲ្យលុបឈ្មោះជនដែលគេសង្ស័យថា ជាជនជាតិវៀតណាមជាច្រើននាក់ដែលប្ដឹងដោយគណបក្សសង្គ្រោះជាតិ។ សវនាការចាប់តាំងពីថ្ងៃពីចុងខែមករារហូតមកដល់ថ្ងៃទី៩កុម្ភៈនេះក្រុមប្រឹក្សាធម្មនុញ្ញមិនទាន់បានលុបឈ្មោះជនណាម្នាក់នៅឡើយទេ ខណៈដែលគជប គ្រោងប្រកាសសុពលភាពបញ្ជីឈ្មោះផ្លូវការនៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី១២កុម្ភៈខាងមុខនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគជបបានអះអាងថា ការប្រកាសសុពលភាពនៃបញ្ជីឈ្មោះបោះឆ្នោតនៅថ្ងៃទី១២កុម្ភៈខាងមុខ មិនបានធ្វើឡើងតាមរយៈការបិទផ្សាយបញ្ជីឈ្មោះជាសាធារណៈនោះទេ តែពលរដ្ឋអាចចូលទៅមើលឈ្មោះខ្លួនឯងបាននៅក្នុងគេហទំព័រគជប។ ហើយចំពោះការបិទផ្សាយបញ្ជីឈ្មោះជាសាធារណៈនឹងធ្វើឡើងនៅមុនថ្ងៃបោះឆ្នោតឃុំសង្កាត់មកដល់។ បើតាមលោក ហង្ស ពុទ្ធា ការប្រកាសសុពលភាពបញ្ជីឈ្មោះបោះឆ្នោតនេះគឺជាការបង្ហាញពីចំនួនផ្លូវការនៃអ្នកមានសិទ្ធិបោះឆ្នោត។
សូមបញ្ជាក់ថា គម្រោងនៃការប្រកាសសុពលភាពបញ្ជីឈ្មោះផ្លូវការធ្វើឡើងក្រោយបិទបញ្ចប់ការប្ដឹងតវ៉ានានាដោយរាប់ចាប់តាំងពីការដោះស្រាយបណ្ដឹងដែលកំពុងតែដំណើរការនៅក្រុមប្រឹក្សាធម្មនុញ្ញហើយគ្រោងនឹងបញ្ចប់នៅថ្ងៃនេះ។ ក្រុមប្រឹក្សាធម្មនុញ្ញកំពុងតែដោះស្រាយបណ្ដឹងប្ដឹងដោយគណបក្សសង្គ្រោះជាតិដើម្បីឲ្យស្ថានប័នមានសមត្ថកិច្ចចុងក្រោយមួយនេះលុបឈ្មោះជនបរទេសដែលគេសង្ស័យថា ជាជនជាតិវៀតណាមជាច្រើននាក់។ តែយ៉ាងណាមិញគិតមកដល់ថ្ងៃទី៩កុម្ភៈនេះ នៅមិនទាន់មានជនបរទេសណាម្នាក់ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតនៅឡើយទេ។
ដោយសារក្រុមប្រឹក្សាធម្មនុញ្ញ គាំទ្រសេចក្តីសម្រេចរបស់ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីរក្សាទុកឈ្មោះ ដែលបក្សសង្គ្រោះជាតិ ចោទថា ជាជនបរទេស សរុប ៥៨២នាក់។ ព្រោះការប្តឹងជំទាស់របស់ បក្សសង្គ្រោះជាតិ ក្នុងការលុបឈ្មោះជនជាតិបរទេស (វៀតណាម) ពុំមានឯកសារ ឬភស្តុតាងលាយលក្ខណ៍អក្សរ ដើម្បីឲ្យ ក្រុមប្រឹក្សាធម្មនុញ្ញ អាចបដិសេធន៍សេចក្តីសម្រេចរបស់ គជប បាន។ ម្យ៉ាងវិញទៀត តាមការស៊ើបអង្កេតរបស់មន្ត្រីជំនាញនៃ ក្រុមប្រឹក្សាធម្មនុញ្ញ ពលរដ្ឋដែលរងពាក្យបណ្តឹង សុទ្ធតែបានបំពេញលក្ខខណ្ឌចុះឈ្មោះបោះឆ្នោតត្រឹមត្រូវតាមច្បាប់។ លើសពីនេះទៀត សេចក្តីសម្រេចរបស់ គជប គឺមានមូលដ្ឋានគតិយុត្តិត្រឹមត្រូវ។ ហើយហេតុផលចុងក្រោយបង្អស់ គឺ ការបញ្ជាក់ធាតុពិតនៃអត្តសញ្ញាណរបស់បុគ្គលណាម្នាក់ មិនមែនជាសមត្ថកិច្ចរបស់ ក្រុមប្រឹក្សាធម្មនុញ្ញនោះទេ។
កន្លងមកប្រធាននាយកដ្ឋាននីតិកម្ម និងការបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិ លោកស្រី ម៉េង សុភារី ធ្លាប់ប្រាប់វិទ្យុបារាំងថា ការសម្រេចរក្សាទុកឈ្មោះជនបរទេស(វៀតណាម) ក្នុងបញ្ជីបោះឆ្នោតដដែលរបស់ក្រុមប្រឹក្សាធម្មនុញ្ញ មិនអាចទទួលយកបានទេ។ មិនអាចទទួលយកបាន ដោយសារតែ ក្រុមប្រឹក្សាធម្មនុញ្ញ មិនបានពិចារណា ទទួលស្គាល់ចម្លើយរបស់ជនបរទេសមួយចំនួន ដែលបានសារភាពថា ពួកគេមិនមែនជាខ្មែរ ។
បើតាមប្រធាននាយកដ្ឋាននីតិកម្ម និងការបោះឆ្នោត រូបនេះ អំឡុងចុះឈ្មោះបោះឆ្នោត បក្សសង្គ្រោះជាតិ រកឃើញថា មានជនបរទេស (វៀតណាម) មកចុះឈ្មោះបោះឆ្នោត ជិត ៥ពាន់នាក់ (៤៨៩៣នាក់) តែ បក្សសង្គ្រោះជាតិ សម្រេច ប្តឹងជំទាស់ទៅថ្នាក់ឃុំ សង្កាត់ ត្រឹមតែជាង បីពាន់នាក់ ហើយប្តឹងជំទាស់ទៅ គជប ប្រមាណជាង ពីរពាន់នាក់ (២៤៤១ នាក់) និងប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ជាង ប្រាំបីរយនាក់ ប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ