កម្ពុជា-បោះឆ្នោត

គ.ជ.ប សម្ពោធ​មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ផ្សារ​ទំនើប​អ៊ីអន

ពលរដ្ឋចេញទៅបោះឆ្នោតដោយរីករាយ
ពលរដ្ឋចេញទៅបោះឆ្នោតដោយរីករាយ RFI

គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​ទី​៣០​សីហា​នេះ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​ស្ដី​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅក្នុង​ផ្សារ​ទំនើបអ៊ីអន​ ក្រុង​ភ្នំពេញ​។ បើ​តាម​មន្ដ្រី​អ្នក​នាំ​ពាក្យ​ គ.ជ.ប ប្រជាពលរដ្ឋ​ទូទៅ​ដែល​អញ្ជើញ​ទៅ​ផ្សារ​ទំនើប​អ៊ីអន អាច​សាកសួរ​ព័ត៌មាន​អំពីការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មជ្ឈមណ្ឌល​នេះ​បាន។ គ.ជ.ប ក៏​មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​ដូច​គ្នា​នេះ​នៅ​តាម​សាកល​វិទ្យាល័យ​នា​នា​ផង​ដែរ​។អត្ថបទ​ដោយ៖ យ៉ា រសាត់

ផ្សាយពាណិជ្ជកម្ម

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រាប់​វិទ្យុបារាំង​អន្ដរជាតិ​ថា មជ្ឈមណ្ឌល​ដំបូង​គេ​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នេះ បង្កើត​ឡើង​សម្រាប់​ផ្ដល់​ព័ត៌មាន​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជូន​ប្រជា​ពលរដ្ឋ​ទូទៅ​ដែល​បាន​ទៅ​កម្សាន្ដ និង​អាជីវករ​ក្នុង​ផ្សារ​ទំនើប​នោះ​។ លោក​បន្ដ​ថា នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​នានា ក៏ គ.​ជ.ប​ គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​ផ្ដល់​ព័ត៌មាន​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​និស្សិត​ផង​ដែរ​។

បើ​តាម​មន្ដ្រី​អ្នក​នាំ​ពាក្យ​ដដែល រហូត​មក​ដល់​ពេល​នេះ គ.ជ.ប បាន​រៀប​ចំ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន ១៦៤៦ ទូទាំង​ប្រទេស​រួច​រាល់​ហើយ​។ រី​ឯ​មន្ដ្រី​គ.ជ.ប ជាង​៣០០០​នាក់ ​បំរើ​ការ​នៅ​ក្នុង​ការិយាល័យ​ទាំង​នោះ ក៏​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ចប់​សព្វ​គ្រប់​ហើយ​ដែរ ដើម្បី​ត្រៀម​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ០១ កញ្ញា ខាង​មុខ​នេះ​។ លោក​ថា ការិយាល័យ​ទាំង​នោះ​ នឹង​បើក​ដំណើរការ​ចុះ​ឈ្មោះ​ជា​រៀង​រាល់​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​១ កញ្ញា ដល់ ថ្ងៃ​ទី​០៩ វិច្ឆិកា ឆ្នាំ​២០១៧​។ បើ​តាម​លោក​ ហង្ស ពុទ្ធា ក្នុង​រយៈ​ពេល ១០ ថ្ងៃ មន្ដ្រី គ.ជ.ប ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​មួយ​ថ្ងៃ​។

លោក ហង្ស ពុទ្ធា បន្ថែម​ថា ដើម្បី​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន ប្រជា​ពលរដ្ឋ​ត្រូវ​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ ជា​អ្នក​ដែល​មិន​បាន​បោះឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ​២០១៦​។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​ត្រូវ​យក​អត្ដសញ្ញាណប័ណ្ណ ឬ​ឯកសារ​បញ្ជាក់​ពី​សញ្ជាតិ ទៅ​ជាមួយ ដើម្បី​ស្នើ​សុំ​ចុះ​ឈ្មោះ​។ លោក​ថា អ្នក​ដែល​មាន​ឈ្មោះ​បោះ​ឆ្នោត​ហើយ​ក្ដី ក៏​អាច​ទៅ​ពិនិត្យ​ឈ្មោះ ឬ​សុំ​កែ​ឈ្មោះ​ឡើង​វិញ​បាន​ដែរ នៅ​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំង​នោះ​។

សូមបញ្ជាក់​ថា​នៅក្នុង​កិច្ចប្រជុំ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០១៧​ គ.ជ.ប បាន​ប៉ាន់ប្រមាណ​ថា មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង​១,៤​លាន​នាក់ ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​។ ​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ ​១៥,៨​លាន​នាក់ មាន​អ្នក​គ្រប់​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើងទៅ​អា​ច​បោះឆ្នោត​បាន​ គិតដល់​ថ្ងៃ​បោះឆ្នោត​ចំនួន​ ជាង ៩,៧​លាន​នាក់​។ រីឯ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​វិញ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI