សមាជិក គជប ម្នាក់ថាមិនចាកចេញក្រោយបក្សប្រឆាំងត្រូវរំលាយ
ចុះផ្សាយនៅថ្ងៃ៖
សមាជិកគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត គជប ម្នាក់ ក្នុងចំណោម ៤ រូប ដែល ជាបេក្ខភាពស្នើដោយអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសថា មិនចាក ចេញស្ថាប័នជាតិមួយ នេះទេ ខណៈលោក រ៉ុង ឈុន ដែលធ្លាប់ព្រមានចាកចេញ នៅពេលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ នោះ នៅមិនទាន់ច្បាស់លាស់នៅឡើយ ។
អត្ថបទដោយ៖អ៊ឹង ប៊ុនថន
លោក ហ៊ីង ធីឬទ្ធិ ជាសមាជិក គជប កូតាគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថាលោកមិនលាលែងពីតំណែងនោះទេដោយថា តួនាទីរបស់លោកត្រូវបានជ្រើសរើសដោយរដ្ឋសភា។ នេះបើតាមលិខិតមួយដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោកម្សិលមិញ។
ក្នុងលិខិតដដែល លោក ហ៊ីង ធីឬទ្ធិ បញ្ជាក់ថា“ខ្ញុំនៅរក្សាជំហរបន្តការងារក្នុង គជប តទៅទៀតដើម្បីការពារផលប្រយោជន៍របស់ គណបក្សនយោបាយទាំងអស់ដែលចូលរួមការបោះឆ្នោត រហូតដល់ចប់អាណត្តិ”។
ការបញ្ជាក់របស់ លោក ហ៊ីង ធីឬទ្ធិ គឺធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា លោកលាលែងពីគជប ក្រោយពីគណបក្សសង្រ្គោះជាតិត្រូវរំលាយ។
ចំណែក លោក រ៉ុង ឈុន ដែលបានប្រកាសថានឹងលាលែងពី គជប បើសិនគណបក្សសង្រ្គោះជាតិត្រូវបានរំលាយនោះ មកដល់ពេលនេះ លោកនៅមិនទាន់ច្បាស់នៅឡើយ ដោយថានៅរង់ចាំសាលដីកាស្ថាពរពីតុលាការកំពូលមកដល់ដៃសិន។
ដោយឡែក លោក គួយ ប៊ុនរឿន និងលោកស្រី តែ ម៉ានីរ៉ុង ដែលជាកូតាមកពីអតីតគណបក្សសង្រ្គោះជាតិដែរនោះ មកទល់ពេលនេះអ្នកទាំងពីរមិនទាន់មានប្រតិកម្មអ្វីទេជុំវិញការចាកចេញពីគ.ជ.ប ឬក៏បន្តការងារជាមួយស្ថាប័នរៀបចំការបោះឆ្នោតកំពូលមួយនេះ។
សូមបញ្ជាក់ថា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សរុបមានចំនួន៩រូប ដោយ៤រូបមកពីគណបក្សប្រជាជនកម្ពុជា ៤រូបមកពីគណបក្សសង្រ្គោះជាតិ និង១រូបគឺលោកបណ្ឌិត ហង្ស ពុទ្ធា តំណាងមកពីសង្គមស៊ីវិល។
ការបង្កើត គជប ថ្មីនេះ គឺជាការព្រមព្រៀងគ្នារវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ក្រោយពីគណបក្សសង្រ្គោះជាតិបានធ្វើបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០១៣ដោយចោទថា គជប មិនឯករាជ្យ។
គជប ថ្មីនេះ ត្រូវបានជួយជ្រោមជ្រែងផ្នែកបច្ចេកទេស ដោយប្រទេសជប៉ុន សហភាពអ៊ឺរ៉ុប ចិននិងសហរដ្ឋអាមេរិក។ ប៉ុន្តែសហរដ្ឋអាមេរិកបានប្រកាសផ្តាច់ជំនួយមក គជប ដោយសារតែមានការរំលាយគណបក្សប្រឆាំង។ តែជាមួយគ្នានោះ ប្រទេសរុស្ស៊ី បានចេញមុខជួយឧបត្ថម្ភដល់គជបរបស់កម្ពុជាជំនួសវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ