កម្ពុជា

គ.ជ.ប និង​ក្រសួង​មហាផ្ទៃ​ចេញ​សេចក្តី​ណែនាំ​ពង្រឹង​វិន័យ យោធា និង​នគរបាល

លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។ @police

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ​មួយ​កាល​ពី​ថ្ងៃ​ម្សិលមិញ ក្នុង​គោល​ដៅ​ពង្រឹង​វិន័យ​របស់​កងយោធពល​ខេមរភូមិន្ទ និង​នគរបាល​ជាតិ​ក្នុងឱកាស​ឃោសនា​បោះ​ឆ្នោត និង​ពេល​បោះឆ្នោត។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ណែនាំ​របស់​ភាគី​ទាំង​ពីរ​បាន​ហាម​ដាច់​ខាត​ការ​យក​តួនាទី សិទ្ធិ​អំណាច ក្នុង​នាម​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ជាតិ ដើរ​បំផុត​បំផុល បំភិត​បំភ័យ និង​គំរាម​កំហែង​តាម​គ្រប់​រូប​ភាព បង្ក​ឲ្យ​បាត់​សណ្តាប់ធ្នាប់ និង​មិន​ត្រូវ​ប្រើ​អំណាច ដើម្បី​គាំទ្រ ឬ​ប្រឆាំងនឹង​បេក្ខជន​ឈរ​ឈ្មោះ តំណាង ឬ​ភ្នាក់ងារ សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

ស្ថាប័ន​ជាតិ​ទាំង​ពីរ​នេះ ក៏​បាន​ប្រាប់​ឲ្យ​យោធា និង​នគរបាល មិន​ត្រូវ​ប្រើ​ប្រាស់​រូបភាព​ប្រដាប់​អាវុធ​គគ្រឹក​គគ្រេង ដែល​អាច​នាំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ បង្ក​ភាព​ភ្ញាក់ផ្អើល​ជ្រួល​ច្របល់ និង​ការ​ភ័យ​ខ្លាច​ក្នុង​ស្រទាប់​មហាជន​ទេ។

ក្នុង​សេចក្តី​ណែនាំ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា បាន​ផ្តោត​ជា​សំខាន់​លើ​តួនាទី​របស់​យោធា និង​នគរបាល ដែល​ត្រូវ​បំពេញ​ភារកិច្ច​ជា​ភ្នាក់ងារ​សន្តិសុខ​បោះ​ឆ្នោត ក្នុង​ដំណាក់​កាល​ឃោសនា​បោះ​ឆ្នោត បោះ​ឆ្នោត រាប់​សន្លឹក​ឆ្នោត​និង​ក្រោយ​ពេល​បោះ​ឆ្នោត។

លោក​សំ គន្ធាមី នាយក​ប្រតិបត្តិ​នៃ​អង្គការ​និចហ្វិក​បាន​លើក​ឡើង​ថា​ការ​ចេញ​សេចក្តី​ណែនាំ​បន្ថែម​នេះ គឺ​ជា​ការល្អ ព្រោះ​អាច​ជួយ​ដាស់​ស្មារតី​របស់​ពួក​គាត់ ក្នុង​ការ​បំពេញ​តួនាទី និង​ក្រម​សីលធម៌​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​ក៏​បាន​កត់​សម្គាល់​ថា​ដំណើរ​ការ​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​រយៈ​ពេល​៤​ថ្ងៃ​មក​នេះ គឺ​ប្រព្រឹត្តិ​ទៅដោយ​រលូន គ្មាន​បញ្ហា​អសន្តិសុខ​អ្វី​កើត​ឡើង​ទេ។ 

លោក​គៀត ចន្ទ័ថារិទ្ធ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​ឧសភា នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត មិន​មាន​បញ្ហា​អសន្តិសុខ​ធំ​ដុំ​ណា​មួយ​កើត​ឡើង​ទេ​នៅ​ទូទាំង​ប្រទេស។

នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ខាង​មុខ​នេះ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា​កម្លាំង​សមត្ថកិច្ច​ជាង​៣​ម៉ឺន​៧​ពាន់​នាក់ នឹង​ត្រូវ​ដាក់​ពង្រាយ ដើម្បី​ការពារ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI