គជប មិនបារម្ភការចោទប្រកាន់របស់សមាគមមួយ ថា មន្រ្តី គ.ជ.ប ថាប្រព្រឹត្តិ អំពើពុករលួយ
គណៈកម្មាធិការជាតិរៀបចំការបោះឆា្នត (គជប)គ្មានការព្រួយបារម្ភអ្វីនោះទេ ចំពោះបណ្តឹងរបស់ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ។ មិនព្រួយបារម្ភ ព្រោះថា គជប បានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ករណីនេះ រួចហើយ និង មិនបានរកឃើញកំហុសដូចការចោទប្រកាន់នោះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គជប) ចាត់ទុកថា ការចោទប្រកាន់របស់សមាគម គឺមិនមានមូលដ្ឋាន និង មានភស្តុតាងច្បាស់លាស់ ដែលអាចចាត់ទុកថា ជាករណីបណ្តឹងបរិហាកេរ្តិ៍ និង បង្កាច់បង្ខូចមន្ត្រី គ.ជ.ប។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា គជប នឹងពិចារណាលើករណីបណ្តឹងរបស់ សមាគមជ័យលាភីបញ្ញាជនកម្ពុជា ក្នុងករណីដែល អង្គភាពប្រឆាំងអំពើពុករលួយរកមិនឃើញកំហុស មន្ត្រីរបស់ខ្លួន។
គ.ជ.ប ជឿជាក់ថា មន្ត្រីរបស់ខ្លួន មិនបានប្រព្រឹត្តិខុសអ្វី ដូចជា ការចោទប្រកាន់នោះទេ ព្រោះថា គ.ជ.ប បានធ្វើការពិនិត្យ និង ស្រាវជ្រាវករណីបណ្តឹងរបស់ សមាគមនេះ រួចរាល់អស់ហើយ។
ជុំវិញបណ្តឹងនេះ អង្គភាពប្រឆាំងពុករលួយ នៅព្រឹកថ្ងៃទី ៦ មិថុនា អង្គភាព នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និង វាយតម្លៃជាមួយនឹងក្រុមជំនាញ លើករណីនេះ ដោយមានការចូលរួមពីសំណាក់ សមាគមជ័យលាភីបញ្ញាជនកម្ពុជាផងដែរ។
ក្នុងនោះ លោកឱម យិនទៀង ក៏បញ្ជាក់ថា លោកនឹងបើកការស៊ើបអង្កេត ប្រសិនបើរឿងនោះ មានភស្តុតាងដែលគួរតែឲ្យក្រុមការងាររបស់ ACU ធ្វើការនេះ។ ប៉ុន្តែប្រធាន ACU ប្រាប់ថា ACU មិនមែនចេះតែបើកស៊ើបអង្កេតគ្រប់ករណីនោះទេ ព្រោះថាពេលខ្លះអ្នកប្តឹង គឺគ្រាន់តែចង់ឲ្យស្ថាប័នខ្លួន មានឈ្មោះល្បីបន្តិចលើប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា បានដាក់ពាក្យបណ្តឹងមួយទៅកាន់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី ២មិថុនា ដោយប្តឹង មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន ៤រូប។ សមាគមមួយនេះ សង្ស័យថា មន្ត្រីគ.ជ.បទាំងនេះ បានឃុបឃិតគ្នាប្រព្រឹត្តិអំពើពុករលួយ ក្នុងការតែងតាំង និងការធ្វើសមាហរណកម្មមន្ត្រីរាជការ កាលពីខែមករា ឆ្នាំ ២០១។
មន្ត្រីគ.ជ.ប ៤រូប ដែលលោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា ប្តឹងថាប្រព្រឹត្តិ អំពើពុករលួយនោះ រួមមាន លោកស៊ិក ប៊ុនហុក ប្រធានគ.ជ.ប លោកគួយ ប៊ុនរឿន អនុប្រធាន លោកហង្ស ពុទ្ធា អ្នកនាំពាក្យ និងលោកម៉ៅ សុភារិទ្ធ អគ្គលេខាធិការរង។បណ្តឹងនោះ ធ្វើឡើងដោយសារសមាគមជ័យលាភីបញ្ញាជនកម្ពុជា សង្ស័យថា មន្ត្រីគ.ជ.ប ទាំងនោះ បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ក្នុងការតែងតាំង និងការធ្វើសមាហរណកម្មមន្ត្រីរាជការ ក្នុងស្ថាប័នគ.ជ.ប ដែលបានប្រព្រឹត្តទៅ កាលពីខែមករា ឆ្នាំ ២០១។
សមាគមនេះ អះអាងថា ខ្លួនបានឃ្លាំមើលយ៉ាងដិតដល់ ចំពោះការអនុវត្តច្បាប់របស់សមាជិក គ.ជ.ប ទាំង ៩រូប ចាប់តាំងពីថ្ងៃ ប្រកាសចូលកាន់តំណែង កាលពីថ្ងៃទី ១៣ខែមេសា ឆ្នាំ ២០១៥ ហើយសង្កេតឃើញថា សមាជិកទាំងនេះ ពិសេសគឺមន្ត្រី ៤រូបដែលគេប្តឹងនោះ បានប្រព្រឹត្តិអំពើពុករលួយ ធ្ងន់ធ្ងរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ