គ.ជ.ប បង្កើតកម្មវិធីផ្សព្វផ្សាយតាមវិទ្យុស្តីពីការបោះឆ្នោត ដើម្បីជៀសវាងព័ត៌មានភាន់ច្រឡំដល់ពលរដ្ឋ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្កើតកម្មវិធីស្វែងយល់ពីការបោះឆ្នោតឃុំ សង្កាត់នៅទូទាំង ២៥ រាជធានី-ខេត្តតាមវិទ្យុជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ៧ មេសារហូតដល់ថ្ងៃទី ៦ មិថុនា។ តាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប កម្មវិធីតាមវិទ្យុនេះ គឺអាចឲ្យសាធារណជនដែលមានចង្ងល់ទាក់ទងនឹងការបោះឆ្នោត ទូរស័ព្ទចូលសួរ ដើម្បីស្រាយចង្ងល់របស់ពួកគេ។
នេះ គឺជាលើកទីមួយហើយដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.បបានបង្កើតកម្មវិធីតាមវិទ្យុ ដើម្បីផ្សព្វផ្សាយការយល់ដឹងពីការបោះឆ្នោតឃុំ សង្កាត់ដល់ប្រជាពលរដ្ឋ។ កម្មវិធីផ្សព្វផ្សាយដែលមានរយៈពេល ២ខែនេះ គឺផ្សាយមួយម៉ោងជារៀងរាល់ថ្ងៃតែម្តងនៅតាមវិទ្យុ FM នៅទូទាំង ២៥រាជធានី-ខេត្ត។ កម្មវិធីនេះ ផ្សាយជាទៀតទាត់ក្នុងរវាងម៉ោង ១១ទៅ ១២ថ្ងៃត្រង់ ឬម៉ោង ១២ទៅម៉ោង ១ រសៀល ឬម៉ោង ៥ទៅម៉ោង ៦ល្ងាច ម៉ោង ៦ទៅម៉ោង ៧យប់ ឬពីម៉ោង ៧ទៅម៉ោង ៨យប់ និងពីម៉ោង ៨ទៅម៉ោង ៩យប់ ដោយអាស្រ័យទៅតាមកម្មវិធីផ្សាយរបស់វិទ្យុនីមួយៗតាមបណ្តាខេត្ត ក្រុងទាំងអស់។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា ការបង្កើតឲ្យមានកម្មវិធីនេះឡើង គឺដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតប្រាកដ និងកាន់តែច្បាស់ពីស្ថាប័នគ.ជ.ប។ ម្យ៉ាងវិញទៅ ក៏ដើម្បីបង្ការ និងទប់ស្កាត់នូវព័ត៌មានដែលមានលក្ខណៈបំភាន់ ឬក៏មានលក្ខណៈកេងចំណេញផ្នែកនយោបាយ ដែលអាចប្រជាពលរដ្ឋមានយល់ច្រឡំដែលខុសពីការពិតផងដែរ។
លោកមឿង តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្សដែលជាសមាជិកនៃបន្ទប់ស្ថានការណ៍នៃការបោះឆ្នោត យល់ថា កម្មវិធីថ្មីរបស់គ.ជ.បនេះ គឺជារឿងល្អ និងត្រឹមត្រូវដែលគ.ជ.ប ត្រូវតែធ្វើ ព្រោះវានឹងផ្តល់ព័ត៌មានពិតប្រាកដដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ យ៉ាងណាក៏ដោយ លោកបន្តថា មិនត្រឹមតែវិទ្យុទេ គ.ជ.ប គួរមានផ្សព្វផ្សាយនៅតាមទូរទស្សន៍ តាមរយៈខិតប័ណ្ណ និងតាមមធ្យោបាយផ្សេងទៀតឲ្យការផ្សព្វផ្សាយមានភាពទូលំទូលាយ។ ជាមួយគ្នានេះ លោកបានជំរុញឲ្យគ.ជ.ប ផ្សព្វផ្សាយពីការបោះឆ្នោតជាភាសារបស់ជនជាតិដើមភាគតិចនៅតាមបណ្តាខេត្តមួយចំនួនដែលមិនចេះភាសាខ្មែរ ដើម្បីឲ្យពួកគេបានយល់ដឹងពីបោះឆ្នោត។ ម៉្យាងវិញ គ.ជ.ប គួរតែស្វែងរកមធ្យោបាយធ្វើយ៉ាងណា ដើម្បីផ្សព្វផ្សាយដល់ជនពិការដែលគ ថ្លង់ ដើម្បីឲ្យពួកគេបានយល់ដឹងពីការបោះឆ្នោតបានទូលំទូលាយដូចគេឯងផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ