អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​​ត្រូវការ​​ជំនួយ ​តែ​​មិន​ទាន់​​ចេះ​​ជួយ​​ខ្លួន​ឯង​!

សំឡេង ០៥:០៨
លោក​Beat Richner​ ប្រធាន​មន្ទីរ​ពេទ្យគន្ធបុប្ផា​ តែងតែ​ជួ​យ​ដល់​កុមារ​កម្ពុជា​
លោក​Beat Richner​ ប្រធាន​មន្ទីរ​ពេទ្យគន្ធបុប្ផា​ តែងតែ​ជួ​យ​ដល់​កុមារ​កម្ពុជា​ @Google
ដោយ៖ ប៉ែន បូណា
២៨ នាទី

ប្រទេស​មួយ​​ដែល​​ក្រីក្រ​​ដូច​ជា​​កម្ពុជា​​ពិត​ជា​​ត្រូវការ​​ចាំបាច់​​នូវ​​ជំនួយ​​ពី​​បរទេស​​ដើម្បី​​ស្តា​​រនិង​​អភិវឌ្ឍន៍​​គ្រប់​​វិស័យ​។ ​ប៉ុន្តែ ​ការ​ព្យាយាម​​ជួយ​​ខ្លួនឯង​​គឺ​ជា​​រឿង​​ដ៏​​សំខាន់​​មួយទៀត​​ដែល​​កម្ពុជា​​ត្រូវ​ខិតខំ​​មុន​នឹង​​ស្រែ​ក​រក​​ជំនួយ​​ពី​​ខាងក្រៅ​។ ​រហូត​មកដល់​​ពេលនេះ ​កម្ពុជា​​នៅ​​មិន​ទាន់​​ជួយ​​ខ្លួន​ឯង​​ឲ្យ​​អស់​​លទ្ធភាព​​ទេ​ ប៉ុន្តែ ​ខ្មែរ​​បែរ​ជា​​ផ្តេកផ្តួល​​ខ្លាំង​​ទៅលើ​​ជំនួយ​​បរទេស​​ទៅវិញ​។​ នៅ​ពេល​​មិន​យូរ​​ខាងមុខ​នេះ​ ជំនួយ​​អភិវឌ្ឍ​​នឹង​ត្រូវ​​កាត់បន្ថយ​។ ​ដូច្នេះ ​អំណឹះតទៅ ​កម្ពុជា​​ត្រូវ​​រៀន​​ជួយ​​ខ្លួនឯង​​ឲ្យ​​បាន​​ច្រើន​​តាម​​ដែល​​អាច​ធ្វើ​​ទៅ​បាន​។​

ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​កម្ពុជា​បើកចំហ​ទៅកាន់​ពិភពលោក ជាពិសេស​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុងក្រោយ សហគមន៍​អន្តរជាតិ​បាន​ផ្តល់ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ស្តា​ប្រទេស​កម្ពុជា​ឡើងវិញ​ចេញពី​ភាព​ខ្ទេចខ្ទាំ និង​ភាពក្រីក្រ​ដ៏​គួរ​ឲ្យ​សង្វេគ​ក្រោយពី​របប​ខ្មែរក្រហម។

បច្ចុប្បន្ន កម្ពុជា​កំពុង​ស្ថិតនៅលើ​វិថី​នៃ​ការអភិវឌ្ឍ​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម ទាំង​ស្មារតី​មនុស្ស និង​ទាំង​ប្រជាធិបតេយ្យ។ ទាំងនេះ​ពិតជា​មិនអាច​កាត់ផ្តាច់​បានឡើយ​ពី​ខិតខំ​ការជួយ​ខ្លួនឯង​ផង​និង​ពី​ជំនួយ​បរទេស​ផង។ សហគមន៍​អន្តរជាតិ​ក៏​នៅតែ​តាំងចិត្ត​ជួយ​កម្ពុជា​ជា​បន្តទៀត​ក្នុង​គ្រប់​វិស័យ។ ប៉ុន្តែ កម្ពុជា​ត្រូវគេ​មើលឃើញថា នៅ​មិនទាន់បាន​ខិតខំ​ជួយ​ខ្លួនឯង​ឲ្យ​អស់​លទ្ធភាព​នៅឡើយ​ទេ។ ផ្ទុយទៅវិញ ការពឹង​ពាក់​លើ​ជំនួយ​បរទេស​ហាក់​បាន​ក្លាយជា​ជំងឺ​មួយ​ទៅវិញ។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មាន​ជនបរទេស​មួយចំនួន​ប្តូរផ្តាច់​ជួយ​ខ្មែរ​ដោយ​គ្មាន​លក្ខខណ្ឌ។ ជាក់ស្តែង លោក​វេជ្ជបណ្ឌិត Beat Reachner ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា ដែលជា​ជនជាតិ​ស្វី​សសោះ ប៉ុន្តែ លោក​បាន​ដើរ​កូដវីយូឡុង​នៅ​គ្រប់​ច្រកល្ហក​នៃ​ពិភពលោក​ដើម្បី​ប្រមូលប្រាក់​ជាច្រើន​លាន​ដុល្លារ​ក្នុងមួយឆ្នាំៗយកមក​ព្យាបាល​កុមារ​កម្ពុជា​រាប់លាន​នាក់​ដោយ​ឥតគិតថ្លៃ។

ក្រៅពីនេះ​ក៏​នៅមាន​ជនបរទេស​មួយចំនួន​ទៀត​បាន​ខិតខំ​ធ្វើ​សកម្មភាព​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​វិស័យ​ជាច្រើន​ទៀត ដូចជា​វិស័យ​អប់រំ សន្តិសុខ​ស្បៀង និង​ការពារ​ធនធានធម្មជាតិ​ជាដើម។ ផ្ទុយទៅវិញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ខ្លះ និង​អ្នកជំនួញធំៗមួយចំនួន​ដែលជា​ជនជាតិខ្មែរ​បែរជា​ឃុបឃិត​គ្នា​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​របស់​ខ្លួនឯង​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទៅវិញ។ ត្រឹមតែ​ការគ្រប់គ្រង​ឲ្យ​បានល្អ​នូវ​ធនធានធម្មជាតិ​ទាំង​ក្នុង​ដី ក្នុង​ទឹក និង​ធនធាន​ព្រៃឈើ ក៏​កម្ពុជា​អាច​ទាញយក​ប្រាក់ចំណេញ​ជាច្រើន​ចូលក្នុង​ថវិកាជាតិ​បានដែរ។ ក្រៅពីនោះ ការបិទ​ខ្ទប់​មិន​ឲ្យ​ធ្លុះធ្លាយ​ថវិកាជាតិ​ចូលក្នុង​ហោប៉ៅ​បុគ្គល​ក៏​ជា​ប្រភព​សន្សំ​ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​ផងដែរ។

ពេលខ្លះទៀត ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា កំពុងតែ​ស្ថិតក្នុង​ស្ថានភាព«ក្រ​តែ​ហៀរ​គ្រប» ពោលគឺ​ប្រទេសជាតិ​ក្រ​មែន តែ​បុគ្គល​ជាច្រើន​ដែលជា​មន្ត្រីធំៗបែរជា​សម្បូរ​ប្រាក់​ហូរហៀរ​ចាយ​មិន​អស់។ ពួកគេ​បាន​ចំណាយ​ប្រាក់​ទាំងនោះ​ដូច​ក្រដាស់​ទៅលើ​ពិធីផ្សេងៗ ដូចជា​ពិធីជប់លាង អាពាហ៍ពិពាហ៍ ខួបកំណើត ឡើង​គេហដ្ឋាន ជាដើម។ ក្នុង​ពិធី​ទាំងនោះ ម្ហូបអាហារថ្លៃៗត្រូវបាន​ចាក់ចោល​ខណៈដែល​ពលរ​ដ្ឋ​ខ្មែរ​ជាច្រើន​ខ្វះ​ចំណីអាហារ ខ្វះ​ថវិកា​ព្យាបាល​ជំងឺ និង​ខ្វះ​ទីជម្រក។ ភាព​ខ្ជះខ្ជាយ​ក៏​កើតមាន​ដែរ​នៅ​រដ្ឋបាល​សាធារណៈ​ដូចជា ប្រេងសាំង អគ្គិសនី និង​ទឹក​ជាដើម។

និយាយ​ពី​ជំនួយ​បរទេស​វិញ ជាទូទៅ រដ្ឋបាល​សាធារណៈ​ចូលចិត្ត​តែ​ជំនួយ​ជា​លុយកាក់​ដែល​អាច​ផ្តល់​កម្រៃ​បន្ថែម​ដល់​ពួកគេ។ ចំណែក​ជំនួយ​ជា​ច​បច្ចេកទេស​សុទ្ធសាធ​ដែល​គ្មាន​ភ្ជាប់​ថវិកា​ជាមួយ មិនសូវ​ទទួល​បានកា​រ​ចាប់អារម្មណ៍​ទេ។ ការ​សម្លឹង​ឃើញតែ​ផលប្រយោជន៍​បែបនេះ​បានធ្វើ​ឲ្យ​ម្ចាស់ជំនួយ​មួយចំនួន​ខកចិត្ត ហើយ​បង្វែ​ជំនួយ​នោះ​ទៅ​ប្រទេស​ផ្សេង​វិញ។ មាន​គម្រោង​ខ្លះ​បាន​រលាយបាត់​ទៅវិញ​បន្ទាប់ពី​អស់​ជំនួយ។ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការពឹងផ្អែក​តែ​លើ​ជំនួយ​ដោយ​មិនបាន​រៀនសូត្រ​ពី​ម្ចាស់ជំនួយ​ឡើយ។

ទាំងអស់នេះ​គ្រាន់តែ​ជា​ឧទាហរណ៍ខ្លះៗក្នុងចំណោម​បញ្ហា​រាប់រយ​ជំពូក​ដែល​បង្ហាញ​ឲ្យ​ឃើញថា ខ្មែរ​មិនទាន់​ជួយ​ខ្លួនឯង​ឲ្យ​អស់​លទ្ធភាព​នៅឡើយ​ទេ។ ដូច្នេះ នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​ថ្នាក់ដឹកនាំ​តែម្តង​ត្រូវ​បង្ហាញថា​កម្ពុជា​ជួយ​ខ្លួនឯង​ឲ្យ​អស់​លទ្ធភាព​មុននឹង​ស្វែងរក​ជំនួយ​ពី​ខាងក្រៅ។ កិច្ចការ​សំខាន់​ជាងគេ​គឺ​ត្រូវខិតខំ​រក​វិធី​យ៉ាងណា​ដើម្បី​បិទ​កញ្ជើ​របស់ខ្លួន​ឲ្យ​ជិត​កុំ​ឲ្យ​ធ្លុះ​តទៅទៀត​ពីព្រោះ​បើ​វា​ធ្លុះ ទោះជា​គេ​ខំ​ជួយ​យ៉ាងណា​ក៏​មិនសូវ​បាន​ផល​ដែរ។

ម្យ៉ាងទៀត ការបណ្តុះ​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​គឺជា​រឿង​សំខាន់​មួយទៀត​ពោលគឺ ខ្មែរ​ត្រូវ​ស្រឡាញ់​ប្រទេសជាតិ​និង​ជនជាតិខ្មែរ​គ្នាឯង​ឲ្យ​បាន​ច្រើនជាង​ជនជាតិ​ដទៃ​ស្រឡាញ់​ខ្មែរ។ និយាយ​ជារួម​ខ្មែរ​ត្រូវ«ជួយ​ខ្លួនឯង​ជាមុនសិន​មុននឹង​ដង្ហោយ​រក​ជំនួយ​ពី​អ្នកដទៃ»។ ម្យ៉ាងទៀត ការរៀនសូត្រ​ពី​ម្ចាស់ជំនួយ​គឺជា​កិច្ចការ​សំខាន់​មួយទៀត។ ប្រសិនបើ​មិន​ដូច្នោះ​ទេ ម្ចាស់ជំនួយ​នឹង​អស់​ទឹកចិត្ត​ជាមិនខាន។ ធ្ងន់ធ្ងរ​ជាង​នេះ នៅពេល​អស់​ជំនួយ កម្ពុជា​ច្បាស់​ជា​ជួប​បញ្ហា​ធំធេង​ពិបាក​ដោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ