កម្ពុជា

ក្រសួង​វប្បធម៌​ធ្វើ​ក្រម​សីលធម៌​អ្នក​សិល្បៈថ្មី ​ដើម្បី​ការពារ​សិល្បៈ ​វប្បធម៌​ខ្មែរ​

លោក​ថៃ នរៈសត្យា ​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ ​និងវិ​ចិត្រ​សិល្បៈ​
លោក​ថៃ នរៈសត្យា ​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ ​និងវិ​ចិត្រ​សិល្បៈ​ RFI

ក្រសួង​វប្បធម៌​បានរៀបចំ​សេចក្តីព្រាង​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ​រួចរាល់​ហើយ​ដែលមាន​ចំនួន១២ ប្រការ ហើយ​គ្រោង​នឹងធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​នៅ​ថ្ងៃទី២៧ កញ្ញា​សប្តាហ៍​ក្រោយនេះ។ ក្រមសីលធម៌​នៃ​អ្នកសិល្បៈ​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ការពារ​សិល្បៈ វប្បធម៌ ប្រពៃណី និង អត្តសញ្ញាណ​ជាតិខ្មែរ។

ផ្សាយពាណិជ្ជកម្ម

លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​បាន​បញ្ជាក់ថា សេចក្តីព្រាង​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ​ដែល​បាន និង​កំពុង​រៀបចំ​ធ្វើឡើង​នេះ មិនមែនជា​ក្រម​ថ្មី​នោះទេ ប៉ុន្តែ​គឺជា​ការធ្វើ​វិសោធនកម្ម​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសិល្បៈ​ដែលមាន​ស្រាប់តែ​ប៉ុណ្ណោះ​ដោយ​បន្ថែម​ចំណុចខ្លះៗទៀត។ លោក​ថៃ នរៈ​សត្យា បានបញ្ជាក់​ទៀតថា ការសម្រេច​ធ្វើ​វិសោធនកម្ម​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសិល្បៈ​នេះ ដោយសារតែ​កន្លងមក​មាន​ភាព​អសកម្ម​មួយចំនួន​លើ​អ្នកសិល្បៈ​ខ្មែរ​ដែល​បង្ក​ឲ្យ​មានកា​រិៈ​គន់​ពី​សំណាក់​មហាជន​នៅតាម​បណ្តាញ​សង្គម។

សូមបញ្ជាក់ថា សេចក្តីព្រាង​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ មាន១២ ប្រការ ហើយ​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការថែរក្សា ការពារ​សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​អត្តសញ្ញាណ​ជាតិ​ឲ្យ​បាន​គង់វង្ស ដើម្បី​លើកកម្ពស់​កិត្យានុភាព​ជាតិ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។ ម្យ៉ាងទៀត គឺ​ដើម្បី​ទប់ស្កាត់​ផល​ប៉​ពាល់​ដែលមាន​លក្ខណៈ​អវិជ្ជមាន​ចំពោះ​សិល្បៈ​ប្រពៃណីជាតិ។

នៅត្រង់​ប្រការ៤នៃ​សេចក្តីព្រាង​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ បានសរសេរថា អ្នកសិល្បៈ​ទាំងអស់​ត្រូវមាន​ភក្តីភាព​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សីលធម៌ គុណធម៌ សច្ចធម៌ ទាំង​សំណេរ ទាំង​ការប្រើប្រាស់​ពាក្យពេចន៍ កាយវិការ ឥរិយាបថ ការ​ស្លៀកពាក់ ដោយ​រក្សា​ឲ្យ​បាន​នូវ​ភាពថ្លៃថ្នូរ ដើម្បី​រួមចំណែក​លើកកម្ពស់​សីល​ធម៌​សង្គម និង​កិត្យានុភាព​ជាតិ។ អ្នកសិល្បៈ​ទាំងអស់​ក៏ត្រូវ​គោរ​ស្រឡាញ់​ការងារ ចំណេះ​ជំនាញ​ទាំង​តម្លៃពិត​ខាង​ស្មារតី និង បច្ចេកទេស​ជាដើម​ផងដែរ។

ចំពោះ​ការប្រព្រឹត្ត​ផ្ទុយ​នឹង​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ​នេះ សេចក្តីព្រាង​ក្រមសីលធម៌​នៃ​អ្នកសិល្បៈ​បាន​បង្កើត​ឲ្យ​មាន​ក្រុមប្រឹក្សាវិន័យ​ដែលមាន​សមាសភាព​មក​ពី​ក្រសួង​វប្បធម៌ ក្រសួង​ព័ត៌មាន ក្រសួង​អប់រំ ក្រសួង​កិច្ចការនារី និង​ស្ថាប័នផ្សេងៗគ្នា​ចំនួន៤ទៀត។ ក្រុមប្រឹក្សាវិន័យ​នេះ នឹង​ណែនាំ​ឫស្តី​បន្ទោស​ដោយផ្ទាល់​មាត់ ឫ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ផ្សព្វផ្សាយ​ជា​សាធារណៈ និង​ផ្អាក​មិន​ឲ្យ​ធ្វើ​សកម្ម​ភាពទាក់ទង​នឹង​វិស័យ​សិល្បៈ​ណាមួយ​ស្របតាម​កំហុសឆ្គង​នៃ​អ្នកសិល្បៈ​បាន​ប្រព្រឹត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI