កម្ពុជា-សុខាភិបាល

មាន់ដែលកើតជំងឺផ្តាសាយបក្សីនៅភ្នំពេញត្រូវបានកម្ទេចចោល

សត្វមាន់ដែលងាប់ដោយសារជំងឺផ្តាសាយបក្សីកន្លងមក
សត្វមាន់ដែលងាប់ដោយសារជំងឺផ្តាសាយបក្សីកន្លងមក @សហការី

មន្រ្តី​កសិកម្ម បានឲ្យដឹងថា សត្វ​មាន់​ដែល​កើត​ជំងឺ​ផ្តាសាយ​បក្សី​នៅសង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ត្រូវបាន​កម្ទេច​ចោល​អស់​ហើយ​ដើម្បី​កុំឲ្យ​មាន​ការ​ឆ្លង​រីក​រាលដាល។​ ការ​កម្ទេចចោល​សត្វមាន់​ចំនួន​៣​ក្បាល កាល​ពី​ពេលថ្មីៗ​នេះ គឺ​ដោយសារ​តែ​អ្នក​ជំនាញ​សុខភាព​សត្វ បាន​រក​ឃើញ​នូវ​ជំងឺ​ផ្ដាសាយ​បក្សី​ដែល​បង្ក​ដោយ​វីរុស​ក្នុង​អនុ​ក្រុម A1 (H5N1)​។​

ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

បើ​ទោះ​ជា​សត្វ​មាន់​៣​ក្បាល​ត្រូវ​បាន​កម្ទេចចោល​ដោយសារតែ​មាន​ជំងឺ​ផ្តាសាយ​បក្ស(H5N1)​ក៏ដោយ ប៉ុន្តែក្រសួង​បាន​ជំរុញ​មន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​ការ​ទប់ស្កាត់​ចលនា​បក្សី និង​ផលិតផល​ដែល​មាន​ដើម​កំណើត​ពី​បក្សី​ជា​បណ្ដោះអាសន្ន ចេញ​ពី​តំបន់​ដែល​ផ្ទុះ​ជំងឺ​នោះ ក្នុង​រង្វង់៣​គីឡូម៉ែត្រ ដើម្បី​អនុវត្ត​វិធាន​បច្ចេកទេស​បសុពេទ្យ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ នេះយោង​តាម​លិខិត​របស់​ក្រសួងកសិកម្ម ចុះ​ថ្ងៃ​ទី១១​មករា។

លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមដោយ​ខ្លីជាមួយ​វិទ្យុបារាំងថា ករណីផ្តាសាយបក្សីដែល​ទើប​រក​ឃើញ​នៅសង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញនេះ បានធូរស្រាល​ហើយ។

បើតាមមន្រ្តីក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ជំងឺផ្តាសាយបក្សីថ្មីនេះ បានកើត​ទៅលើ​សត្វមាន់តែ​៣ក្បាលប៉ុណ្ណោះ ហើយ​ត្រូវបាន​អ្នកជំនាញកម្ទេចចោលរួចហើយដែរដើម្បី​កុំ​ឲ្យ​មានការ​ឆ្លង​រីករាលដាល។

សូមបញ្ជាក់ថា កាលពីមួយខែមុននេះ ​ក្រសួង​កសិកម្មក៏បាន​រក​ឃើញ​​សត្វមាន់ចំនួន ២ក្បាល នៅ ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម មាន​ផ្ទុក​ជំងឺផ្តាសាយ​បក្សី ប្រភេទ H5N1 បន្ទាប់​ពីមាន​ សត្វមាន់ឈឺ និង​ងាប់ ប្រមាណ ២០០ក្បាល។

ចំណែក កាលពី​ដើមឆ្នាំ២០១៧នេះ ក្រសួងកសិកម្ម ក៏ធ្លាប់​បាន​រាយការណ៍ ថា​មាន​ការ​​ផ្ទុះ​រីក​​រាល​ដាល​​ឡើងវិញនៃ​ជំងឺផ្តាសាយ​បក្សី លើ​សត្វមាន់ ទា ក្នុង​ខេត្ត​ចំនួនពីរ គឺ ខេត្តកំពង់ធំ និង ខេត្ត​​ស្វាយរៀង ដែល​​ប៉ះពាល់​សត្វទា ប្រមាណ ៣០០០​ក្បាល និងមាន់ ជិត ៣០០ក្បាល​។ ប៉ុន្តែ​ជំងឺ​ផ្តាសាយ​បក្សី​ដែលកើតឡើងនា​រយៈកាលចុងក្រោយនេះ មិនបាន​ឆ្លង​ទៅកាន់​មនុស្សណាម្នាក់​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI