ក្រុមហ៊ុនចិនចំណាយ២ពាន់លានដុល្លារសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ
ផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅព្រឹកថ្ងៃសុក្រនេះក្រោមវត្តមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ផ្លូវល្បឿនលឿននេះ មានប្រវែង១៩០គីឡូម៉ែត្រ ហើយគ្រោងចំណាយថវិកាសងសង់ប្រមាណ២ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា ផ្លូវថ្មីនេះ នឹងដើរនាទីសំខាន់ក្នុងការតភ្ជាប់រវាងប៉ូលសេដ្ឋកិច្ចភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។
ចុះផ្សាយនៅថ្ងៃ៖
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គឺជាបណ្តាញមួយតភ្ជាប់ផ្លូវទូទាំងប្រទេសរបស់ជាតិ និងអន្តរជាតិរាប់ពាន់គីឡូម៉ែត្រជាមួយរបៀងសេដ្ឋកិច្ចខាងត្បូងរបស់មហាអនុតំបន់មេគង្គ អនុរបៀងសេដ្ឋកិច្ចខាងត្បូង និងរបៀងសេដ្ឋកិច្ចឆ្នេរខាងត្បូងក៏ដូចជា តភ្ជាប់ផ្លូវហាយវេអាស៊ាន។ គម្រោងផ្លូវនេះ នឹងធ្វើឱ្យការដឹកជញ្ជូនទំនិញ និង អ្នកដំណើរបានលឿនឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ដោយប្រើប្រាស់ថវិកាប្រមាណជិត ២.០០០លានដុល្លារអាមេរិក និងប្រើប្រាស់ថវិកាបដិភាគដែលជាហិរញ្ញប្បទានឥតសំណងពិសេសរបស់រដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារអាមេរិកទៀត។ តាមគម្រោង ផ្លូវថ្មីនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគិតចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៩ នេះរហូតដល់ខែមីនា ឆ្នាំ២០២៣។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាក់ថា ការសាងសង់ផ្លូវនេះ គឺរដ្ឋាភិបាលកម្ពុជាមិនបានខ្ចីលុយពីចិនទេ តែជាការវិនិយោគរបស់ក្រុមហ៊ុនចិនសុទ្ធសាធតាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ(BOT)។បើតាមលោកនាយករដ្ឋមន្រ្តី រដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ដីឲ្យក្រុមហ៊ុនធ្វើផ្លូវទេ តែផ្ទុយទៅវិញ គឺក្រុមហ៊ុនបានផ្តល់ថវិកាឱ្យរដ្ឋាភិបាល ដើម្បីទិញដីសម្រាប់សាងសង់ផ្លូវ។ យ៉ាងណាមិញ ផ្លូវនេះពេលដាក់ឱ្យដំណើរការ គឺក្រុមហ៊ុននឹងមិនយកថ្លៃយានយន្តគ្រប់ប្រភេទនៅក្នុងរយៈពេល១ខែដំបូង និងបញ្ចុះតម្លៃ២០%សម្រាប់រយៈពេល១ឆ្នាំបន្ទាប់ពីនោះ។ ជាងនេះទៅទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល៥ឆ្នាំម្តងនៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។ នេះបើតាមការអះអាងឱ្យដឹងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រដោយតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ វាមានទទឹងតួផ្លូវប្រវែង ២៤,៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) និង មានរៀបចំខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង។
ក្រៅពីគម្រោងផ្លូវល្បឿនលឿននេះ រដ្ឋាភិបាលកម្ពុជា ក៏គ្រោងសាងសង់ផ្លូវល្បឿនលឿនមួយចំនួនទៀតផងដែរ ដូចជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសាងសង់ផ្លូវល្បឿនលឿនអាស៊ាន ដោយតភ្ជាប់រវាងទីក្រុងភ្នំពេញជាមួយទីក្រុងហូជីមីញ ប្រទេសវៀតណាម និងពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងបាំងកកប្រទេសថៃជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ