កម្ពុជា

បក្ស​ថ្មី​បោះ​ឆ្នោត​បង្កើត​រចនា​សម្ពន្ធ​ ដើម្បី​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ​

លោក យ៉េង វិរៈ ជា​ប្រធាន​គណបក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​ក្នុង​ថ្ងៃ​បង្កើត​បក្ស​
លោក យ៉េង វិរៈ ជា​ប្រធាន​គណបក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​ក្នុង​ថ្ងៃ​បង្កើត​បក្ស​ @RFI/Phearak

នៅ​ថ្ងៃ​ទី២ សីហា​នេះ ​គណ​បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​ ដែល​ជា​គណបក្ស​ថ្មី​បាន​បង្កើត​រចនា​សម្ពន្ធ​របស់ខ្លួន​រួច​រាល់​ហើយ​។ រចនា​សម្ពន្ធ​ថ្មី​នោះ ​រួមមាន​លោក ​យ៉េង​ វិរៈ​ ជា​ប្រធាន​គណបក្ស ​លោក ​សាម ​ស៊ុន​ឌឿន ​ជា​អនុ​ប្រធាន ​និង​លោក ​សាម​ អ៊ីន​ ជា​អគ្គ​លេខា​ធិ​ការ​។ ក្នុង​ការ​បង្កើត​គណបក្ស​ថ្មី​នេះ ​មាន​ប្រជា​ពល​រដ្ឋ​មកពី​ឃុំ​ចំនួន​១០​ ជា​ឃុំ​គំរូ​ ដើម្បី​បោះ​ឆ្នោត​បង្កើត​រចនាសម្ពន្ធ​​បក្ស​។

ផ្សាយពាណិជ្ជកម្ម

គណបក្ស​នយោបាយ​ថ្មី ​ដែល​គេ​ទន្ទឹង​រង​ចាំ​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​នោះ ​ពេល​នេះ ​បាន​ចេញ​រូប​រាង​ជាស្ថាពរ​ហើយ​។ ជា​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន ​ដែល​ចូល​រួម​បង្កើត ​ដោយ​ប្រជា​ពល​រដ្ឋ​ នៅ​តាម​មូលដ្ឋាន​ និង​យុវជន​មួយ​ចំនួន​។ ​ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជិត​ ២០០​នាក់ ​ភាគ​ច្រើន​ជា​សមាជិក​បង្គោល និង​អ្នក​គាំទ្រ​របស់​គណបក្ស​នេះ ​បាន​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​ប្រធាន​របស់​ខ្លួន ​ដើម្បី​រៀបចំ​រចនាសម្ពន្ធ​ពិតប្រាកដ​មួយ ​ហើយ​រៀប​ចំ​បំ​ពេញ​បែប​បទ​ ដាក់​ទៅ​ក្រសួង​មហា​ផ្ទៃ ​នៅ​ថ្ងៃ​ចន្ទ​ ទី៣ ​ខែ​សីហា​នេះ​។

 
រចនាសម្ពន្ធ​ថ្មី របស់​បក្ស​នេះ​រួម​មាន​ លោក ​យ៉េង វិរៈ ជាប់​ឆ្នោត​ជា​ប្រធាន ​លោក ​សាម ​ស៊ុន​ឌឿន​ ជាប់​ឆ្នោតជា​អនុ​ប្រធាន ​លោក​សាម​ អ៊ីន ​ជា​អគ្គ​លេខាធិការ ​និង​លោក​ ប៉ោ ​សេដ្ឋា ​ជា​ហេរញ្ញិក​។ ការ​បោះ​ឆ្នោត​នេះ​បានធ្វើ​ឡើង​ ដោយ​មាន​បេក្ខជនឈរ​ឈ្មោះ​ចំនួន​៦​រូប ​ដើម្បី​ជ្រើស​រើស​ប្រធាន ​អនុ​ប្រធាន​ អគ្គ​លេខាធិការ​ និងហេរញ្ញិក ​និង​មាន​អ្នក​ចូល​រួម​បោះ​ឆ្នោត​ប្រមាណ​១០៤​នាក់​។ ​ក្នុង​ថ្ងៃ​ជា​មួយគ្នា​នេះ​ គណបក្ស​ក៏​បាន​បោះ​ឆ្នោតជ្រើស​រើស​ថ្នាក់​ដឹក​នាំ​ឃុំ​គំរូ​ទាំង​១០​ផង​ដែរ​។

លោក ​យ៉េង​ វិរៈ ​អាយុ ​៥៤​ឆ្នាំ ​អតី​នាយក​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​ សម្រាប់​សហ​គមន៍ ​បាន​អះ​អាង ​ថា​គ្រប់​ថ្នាក់ដឹក​នាំ​បក្ស ​ទោះ​ជា​បណ្តោះ​អាសន្ន​ក្តី​ គឺ​មាន​តួនាទី​ជា​អ្នក​សម្រប​សម្រួល ​ជា​អ្នក​កសាង​សមត្ថ​ភាព​ដល់សមា​ជិក​ទាំង​អស់​របស់​គណបក្ស​មូល​ដ្ឋាន​។ ហើយ​ជា​អ្នក​បំរើ​សមា​ជិក​ទាំង​អស់​របស់​គណបក្ស​ប្រជា​ធិប​តេយ្យមូល​ដ្ឋាន​ ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ឲ្យ​បាន​ជោគ​ជ័យ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ​។ បើ​តាម​លោក យ៉េង​ វិរៈ​ គណបក្ស​នេះ​នឹង​រៀប​ចំ​សមាជ​បក្ស​នៅ​ក្នុង​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​។

អគ្គ​លេខាធិការ​បក្ស​លោក ​សាម​ អ៊ីន​ បាន​បញ្ជាក់​ដែរ​ថា​គណបក្ស​ថ្មី​នេះ ​មាន​លក្ខណៈ​បី​ខុស​ពី​គណបក្ស​ដទៃទៀត​។​ ទី១​ គណបក្ស​លោក​មាន​របៀប​ធ្វើ​ការ​ថ្មី ​គឺ​ធ្វើការ​ពី​ថ្នាក់​ក្រោម​ ទៅ​ថ្នាក់​លើ ​ដោយ​យក​សមាជិក​ជា​ធំ ហើយ​សមាជិក​ទាំង​នោះ ​គឺ​ជា​អ្នក​ជ្រើស​រើស​មេ​ដឹក​នាំ​របស់​ខ្លួន​។ ​ទី២​ គណបក្ស​នេះ ​នឹង​បង្កើត​វប្បធម៌​ផ្តល់​ក្តីសង្ឃឹម​ ការ​ស្រឡាញ់ ការ​គោរព​គ្នា ​សាម​គ្គី​ភាព​​ យុត្តិ​ធម៌ និង​អហិង្សា​។ ទី៣​ គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​បណ្តុះ​ធន​ធាន​អ្នក​ដឹក​នាំ​នៅ​តាម​មូល​ដ្ឋាន ​ដែល​ខុសពី​គណ​បក្ស​ដទៃ​បណ្តុះ​ធន​ធាន​អ្នក​ដើរ​តាម។

សូម​បញ្ជាក់​ថា​ថ្មីៗ​នេះ​ នៅ​កម្ពុជា​មាន​គណបក្ស​ថ្មី​កើត​ឡើង​ជា​បន្ត​បន្ទាប់ ​ដែល​ក្នុង​នោះ​រួម​មាន​គណ​បក្សអំណាច​ពល​រដ្ឋ​ខ្មែរ ​ដែល​មាន​លោក​សួន​ សេរី​រដ្ឋា ​ជា​ប្រធាន​។ ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិប​តេយ្យ ដែល​មាន​លោក ម៉ម សុណង់ដូ​ជា​ប្រធាន​គណ​បក្ស ​និង​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន ​ដែល​មាន​លោក យ៉េង​ វិរៈ​ជា​ប្រធាន​គណ​បក្ស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI