កម្ពុជា-នយោបាយ

​គណបក្ស​ថ្មី​របស់​អតីត​សហការី ​លោក ​ខឹម ​វាសនា ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​

គណបក្សបំណងពលរដ្ឋ ដែលជាគណបក្សថ្មី
គណបក្សបំណងពលរដ្ឋ ដែលជាគណបក្សថ្មី @សហការី

ក្រសួង​មហាផ្ទៃ កាល​ពី​ម្សិល​មិញ បាន​សម្រេច​ចុះ​ឈ្មោះ​គណបក្ស​ថ្មី​មួយ​ ដែល​បង្កើត​ឡើង​ដោយ​អតីត​សហការី​របស់ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ហៅ​កាត់​ថា​(LDP)។ គណបក្ស​ថ្មី​នេះ មាន​ឈ្មោះ​ថា «គណបក្ស​បំណង​ពលរដ្ឋ» ដែល​មាន​សមាជិក​ស្ថាបនិក គឺ​ជា​អតីត​អនុ​ប្រធាន និង​ជា​អតីត​អគ្គ​លេខា​ធិការ​របស់​គណបក្ស​LDP​។ 

ផ្សាយពាណិជ្ជកម្ម

លោក អោក វ៉េត អតីត​អគ្គ​លេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIថា មូលហេតុ​ដែល​លោក​និង​មនុស្ស​សំខាន់ៗ​មួយ​ចំនួន​ទៀត​ចាក​ចេញ​ពី​គណបក្ស​LDP ដោយ​សារ​តែ​ពួក​គេ​មិន​អាច​ទទួល​យក​បាន​នូវអ្វី​ដែល​ប្រមុខ​បក្ស លោក ខឹម វាសនា តែង​តែ​ធ្វើ​ការ«ជេរ​ប្រមាថ»។ ការ​ជេរ​ប្រមាថ​យូរៗ​ទៅ ដែល​ធ្វើ​ឲ្យ​សមាជិក​បក្ស​កាន់​តែ​ច្រើន​ នឹង​ដើរ​ចេញ​ពី​គណបក្ស​នេះ​បន្ត​ទៀត​។ នេះ​ជា​ការ​អះអាង​របស់ លោក អោក វ៉េត ដែល​បច្ចប្បន្ន​ជា​សមាជិក​ស្ថាបនិក​គណបក្ស​បំណង​ពលរដ្ឋ​។

គណបក្ស​បំណង​ពលរដ្ឋ ​ដែល​មាន លោក អ៊ិត សារម្យ នឹង​ត្រូវ​បាន​សមាជិក​​ជ្រើស​តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​នៅ​ពេល​ធ្វើ​សមាជ​នា​ពេល​ខាង​មុខ​នេះ​។ នេះបើតាម លោក អោក វ៉េត។

លោក អោក វ៉េត បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​បង្កើត​គណបក្ស​បំណង​ពលរដ្ឋ​នៅ​ពេល​នេះ ក៏​ដើម្បី​ត្រៀម​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​តាំង​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ​។

គណបក្ស​បំណង​ពលរដ្ឋ​នេះ គឺ​មាន​ទីស្នាក់​ការ​នៅ​ក្នុង​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅទី១​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជ​ធានី​ភ្នំពេញ​។

គិត​ត្រឹម​ឆ្នាំ​២០១៨ មាន​គណបក្ស​នយោបាយ​ចំនួន ៣៧ ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ដែល​ចំនួន​កាន់​តែ​ច្រើន​ឡើង​នេះ គឺ​បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​។

យ៉ាង​ណា​ក៏​ដោយ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពីថ្ងៃ​ទី២៩​កក្កដាឆ្នាំ​២០១៨​ កន្លង​មក គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ ​ដែល​ឈ្នះ​អសនៈ​ទាំង​១២៥​របស់​រដ្ឋសភា ខណៈ គណបក្ស​ចំនួន​១៩​ផ្សេង​ទៀត​មិន​ទទួល​បាន​សូម្បី​មួយ​អសនៈ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI