ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ទំនង​គេច​មិន​ផុត​ពី​ការ​រិះគន់តវ៉ា!

សំឡេង ០៣:៥៤
ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ (រូបភាពឯកសារ)
ប្រជាជន​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​ក្នុង​ទីក្រុង​ភ្នំពេញ (រូបភាពឯកសារ) REUTERS/Samrang Pring

ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ បាន​ចាប់​ផ្ដើម​ហើយ​តាំង​ពី​ម្សិលមិញ បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៩​វិច្ឆិកា​ខាង​មុខ​។ នេះ​ជា​ផ្លែផ្កា​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ដែល​កើត​ចេញ​ពីការ​ព្រម​ព្រៀង​រវាង​បក្ស​ប្រជាជន​កម្ពុជា​និង​បក្ស​សង្គ្រោះ​ជាតិ​។ បើ​ទោះ​បី​ជា​​​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​ទំនើប​យ៉ាង​ណា​ក៏​ដោយ ក៏​​​គេ​ប្រមើល​ឃើញ​​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី និង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ទំនង​ជា​ពិបាក​គេច​ផុត​ពី​ការ​រិះគន់​តវ៉ា​ណាស់!

ផ្សាយពាណិជ្ជកម្ម

ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៦​នេះ បាន​បើក​ទំព័រ​​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​កម្ពុជា ព្រោះ​វា​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​កុំព្យូទ័រ​ទំនើប ក្រោម​ជំនួយ​ពី​ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប​។ សហគមន៍​អន្ដរជាតិ​នេះ បាន​ផ្ដល់​ជំនួយ​ផ្នែក​សម្ភារៈ និង​បច្ចេកទេស​ជា​ច្រើន​ទៅ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សម្រាប់​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​។ ជំនួយ​ទាំង​នោះ​មាន​ជា​អាថិ៍ កុំព្យូទ័រ​ចំនួន​២​ពាន់​៦​រយ​គ្រឿង កាមេរ៉ាសុវត្ថិភាព ម៉ាស៊ីន​ព្រីន ឧបករណ៍​ផ្ទុក​ភ្លើង ឧបករណ៍​ផ្ទុក​ឯកសារ និង​ឧបករណ៍​ស្គែន​មេដៃ​ជា​ដើម​ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​​ប្រមាណ​​៧​លាន​ដុល្លារ​។​ តាម​រយៈ​សម្ភារៈ​និង​បច្ចេកទេស​ទំនើប​ៗ​ទាំង​នេះ គេ​រំពឹង​ថា​នឹង​អាច​កាត់​បន្ថយ​បាន​យ៉ាង​ច្រើន​ក្រាស់​ក្រែល ការចុះ​ឈ្មោះ​ស្ទួន ឬ​ខ្វះ​ឈ្មោះ ដែល​ជា​ឬសគល់​នៃ​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​។

ជាការពិត ការ​រៀបចំ​ចុះឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រនា​ពេល​​នេះ ត្រូវ​បាន​មតិ​គ្រប់​មជ្ឈដ្ឋានសម្ដែង​ការ​ស្វាគមន៍ ដោយ​សង្ឃឹម​ថា កម្ពុជា​នឹង​មាន​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដ៏​ត្រឹម​ត្រូវ​និង​យុត្តិធម៌​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។ បើ​ទោះ​បី​ជា​យ៉ាងនេះ​ក៏​ដោយ មតិ​មួយ​ចំនួន​ទៀត​ប្រមើល​មើល​ទុក​រួច​ស្រេច​ហើយ​ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មីនេះ បើ​ទោះ​បី​ជា​ត្រូវ​បាន​បង្កើត​ឡើង​តាម​ប្រព័ន្ធ​ទំនើប​យ៉ាង​ណា​​ក៏​ដោយ ក៏​វា​មិន​អាច​​ក្លាយវ៉ាក់សាំង​បង្ការ​ការ​តវ៉ា​ប្រឆាំង​បាន​ដែរ​។ ហេតុអ្វី​បាន​ជា​ដូច្នេះ?

ជាការ​ពិត មូលហេតុតែ​១​និង​​សំខាន់បំផុត​បាន​បង្ហាញ​ខ្លួន​រួច​ហើយ តាម​រយៈ​ជំហាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ គេ​នៅ​ចាំ​បាន​ថា ប៉ុន្មាន​សប្ដាហ៍​មុន​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចាប់​ផ្ដើម គណបក្សប្រឆាំង​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើ​សុំ​ការ​បំភ្លឺ​អំពី​ចំនួន​ជនបរទេស​ដែល​មាន​សញ្ជាតិ​​ខ្មែរ​។ ប៉ុន្តែ​ក្រសួង​នេះ​បដិសេធ​។ កន្លង​មក អំពើ​ពុក​រលួយនិង​ភាព​ធូរ​រលុង​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ បាន​ផ្ដល់​ឱកាស​ឲ្យ​សង្គម​ស៊ីវិល​និង​ជា​ពិសេស​គណបក្ស​ប្រឆាំង វាយប្រហារ​​រដ្ឋាភិបាល​​​ជា​ញឹកញាប់​។

រដ្ឋាភិបាល​នៃ​គណបក្ស​កាន់​អំណាច សព្វ​ថ្ងៃ​នេះ ហាក់​បាន​បង្ហាញ​សកម្មភាព​កាន់​តែ​ខ្លាំង នៅ​ក្នុង​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​នៅស្រុក​ខ្មែរ​។ ប៉ុន្តែ​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​តែ​មិន​ទាន់​ពេញ​ចិត្ត​នៅ​ឡើយ​។ ទាំង​សង្គម​ស៊ីវិល ទាំង​បក្ស​ប្រឆាំង និង​គណបក្ស​ដែល​បង្កើត​ឡើង​ថ្មី​ៗ​ជា​ច្រើន បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​​ឃ្លាំ​មើល​ពី​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និងអ្នក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ថា​តើ​អ្នក​ទាំង​នោះ​ជា​ជនជាតិ​ខ្មែរ ឬ​ជនជាតិ​បរទេស​។

យ៉ាង​ណា​ក៏​ដោយ គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទំនង​ជា​បាន​ដឹង​រួច​ស្រេច​ហើយ បញ្ហា​ប្រឈម​ដ៏​ធំ​ចំពោះ​មុខ​នេះ ដោយ​បាន​ប្រកាស​ផ្ដល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ប្ដឹង​ជន​បរទេស​ដែល​ពួក​គេ​យល់​ថា មិនមាន​សិទ្ធិ​អាច​ចុះឈ្មោះ​បោះ​ឆ្នោត​បាន​។ ប៉ុន្តែ​ការ​ប្ដឹង​ផ្ដល់​នោះ អាច​ធ្វើ​ឡើង​បាន​នៅក្រោយ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោតបញ្ចប់​ជា​ស្ថាពរ​។ ពោល​គឺ ក្នុង​ដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ដំបូង នៅ​ថ្ងៃ​ទី​៣​ខែ​មករាឆ្នាំ​២០១៧​ខាង​មុខ​។

ការ​ប្ដឹង​នេះ​ទៀត​សោត បើ​តាម គជប ពលរដ្ឋ​ត្រូវ​ស្គាល់​ឈ្មោះ​និង​មុខ​របរ​របស់​ជន​បរទេស​ដែល​ពួក​គេ​ដឹង​ច្បាស់​ថា មិន​មែន​ជា​ជនជាតិ​ខ្មែរ មិន​គ្រប់​អាយុ ឬ​មិន​បាន​រស់​នៅ​ក្នុង​ឃុំ​សង្កាត់​របស់​ពួក​គេ​។ ការ​ប្ដឹង​ផ្ដល់​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​ឃុំ​សង្កាត់​របស់​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ។ ហើយក្នុង​ករណី​ដែល​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​នៅ​ក្នុង​ឃុំ​សង្កាត់ ពួក​គេ​អាច​បន្ត​ប្ដឹង​មក​កាន់ គជប និង​ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​បន្ទាប់​។

សរុប​មក​វិញ វាអាច​ទៅ​រួច​ដែល​ថា បញ្ហា​អន្តោប្រវេសន៍ អាច​ក្លាយ​ទៅ​ជា​លេស​នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី។ ប៉ុន្តែយ៉ាង​ហោច​ណាស់ តាម​រយៈ​សម្ភារៈ​និង​បច្ចេកទេស​ទំនើប​ៗដែល​ជា​ជំនួយ​របស់​សហគមន៍​អន្ដរជាតិ​នេះ គេ​រំពឹង​ថា ការចុះ​ឈ្មោះ​ស្ទួន ឬ​ខ្វះ​ឈ្មោះ ដែល​ជា​ឬសគល់​នៃ​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​នា​ពេល​កន្លង​មក ​នឹង​អាច​កាត់​បន្ថយ​បាន​យ៉ាង​ច្រើន​ក្រាស់​ក្រែលជាក់​ជា​ពុំ​ខាន​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI