កម្ពុជា-សង្គម

​រដ្ឋា​ភិបាល​កម្ពុជា​បង្កើត​គណៈ​កម្មការ​សិក្សា​និង​វាយ​តម្លៃ ​លើ​គម្រោង​សាង​សង់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ថ្មី​

ព្រលានយន្តហោះពោធិចិនតុង (រូបតំណាង)
ព្រលានយន្តហោះពោធិចិនតុង (រូបតំណាង) @Cambodia Airports

រដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃទី ១៨ ខែកុម្ភៈ បាន​សម្រេច​បង្កើត​គណៈ​កម្មការ​មួយ​ដើម្បី​សិក្សា​និង​វាយ​តម្លៃ​ពី​ទីតាំង​សាង​សង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មី​មួយ​នៅ​កម្ពុជា​។ ទីតាំង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ត្រូវ​បាន​គេ​ដឹង​ថា ស្ថិត​នៅ​ម្តុំ​ស្រុក​កណ្តាល​ស្ទឹង​ខេត្ត​កណ្តាល​។ អ្នក​វាយ​តម្លៃ​ខាង​ផ្នែក​អចលនទ្រព្យ​បាន​លើក​ឡើង​ថា តាម​រយៈ​គម្រោង​នេះ តម្លៃ​ដីធ្លី​នៅ​ក្នុង​តំបន់​ដែល​មាន​ការ​សាងសង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ថ្មី​នេះ នឹង​កើន​ឡើង​កាន់​តែ​ខ្ពស់​ថែម​ទៀត​។ 

ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈ​កម្មការ​នេះ អភិបាល​ខេត្ត​កណ្តាល លោក ម៉ៅ ភិរុណ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា គណៈ​កម្មការ​នេះ​បាន​ចាប់​ផ្តើម​ធ្វើ​ការងារ​របស់​ខ្លួន​ហើយ បន្ទាប់​ពី​មាន​សេចក្តី​សម្រេច​របស់​រដ្ឋា​ភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១៨ កុម្ភៈ​។ បើ​តាម​អភិបាល​ខេត្ត​កណ្តាល គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មី​នេះ នឹង​ស្ថិត​នៅ​ម្តុំ​ស្រុក​កណ្តាល​ស្ទឹង​ខេត្ត​កណ្តាល ហើយ​នឹង​អាច​ជាប់​ព្រំប្រទល់​ស្រុក​បាទី​ខេត្ត​តាកែវ​ផង​ដែរ​។

សូម​ជំរាប​ជូន​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ១៨ កុម្ភៈ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​សម្រេច​មួយ ដើម្បី​បង្កើត​នូវ​គណៈ​កម្មការ​មួយ​ក្នុង​ការ​សិក្សា​និង​វាយ​តម្លៃ​លើ​គម្រោង​សាង​សង់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្តាល​។ គណៈ​កម្មការ​នេះ ដឹក​នាំ​ដោយ​លោក​ឧប​នាយក​រដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំដែន​ដី នគ​រូបនីយ​កម្ម និង​សំណង់ ដែល​មាន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល ជា​អនុ​ប្រធាន​។ បើ​តាម​សេចក្តី​សម្រេច គណៈ​កម្មការ​ដែល​មាន​សមាស​ភាព​ចម្រុះ​ចំនួន​២៣​រូប​នេះ មាន​តួនាទី ក្នុង​ការ​ពិនិត្យ និង​វាយ​តម្លៃ លើ​ទីតាំង​សម្រាប់​គម្រោង​សាង​សង់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី និង​សិក្សា​ពី​តម្លៃ​ដីធ្លី​នៅ​ក្នុង​តំបន់​គម្រោង​ជា​ដើម​។ បន្ថែម​លើ​នេះ គណៈ​កម្មការ​នេះ គឺ​ជា​អ្នក​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ទីតាំង​ដី ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល ដល់​ដំណើរ​ការ​គម្រោង ហើយ​ចុង​ក្រោយ ត្រូវ​ធ្វើ​របាយការណ៍​ជូន​នាយក​រដ្ឋ​មន្ត្រី ដើម្បី​ពិនិត្យ និង​សម្រេច​។

សូម​ជម្រាប​ថា គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ ត្រូវ​បាន​គេ​ដឹង​ថា គឺ​ស្ថិត​នៅ​ក្នុង​គម្រោង​វិនិយោគ​រួម​គ្នា​រវាង​ក្រុម​ហ៊ុន OCIC របស់​លោក​ឧកញ៉ា ពុង ខៀវសែ និង​ក្រុមហ៊ុន​ចិន​លើ​ផ្ទៃ​ដី​ទំហំ​ប្រមាណ​២,៦០០​ហិកតា ដែល​ជា​ដី​ស្ថិត​នៅ​ក្នុង​ក្រុង​តាខ្មៅ​និង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ហើយ​អាច​ប៉ះ​តំបន់​មួយ​ចំនួន​ក្នុង​ស្រុក​បាទី​ខេត្ត​តាកែវ​។ គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ ត្រូវ​បាន​ប្រកាស​ឡើង​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ចិន លោក លី ខឺ​ឈាង មក​កាន់​កម្ពុជា កាល​ពី​ខែ​មករា ឆ្នាំ​២០១៨​។ ហើយ​ដើម្បី​សាង​សង់​ព្រលាន​យន្ត​ហោះ​ភ្នំពេញ​ថ្មី​នេះ រដ្ឋា​ភិបាល​កម្ពុជា និង​ក្រុម​ហ៊ុន OCIC របស់​លោក​ឧកញ៉ា ពង់ ឃាវសែ ត្រូវ​បង្កើត​ក្រុម​ហ៊ុន​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ថា « Cambodia Airport Investment» ក្នុង​ទំហំ​ទឹក​ប្រាក់​១,៥០០ លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​ក្នុង​ស្រុក​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា បាន​លើក​ឡើង​ថា តាម​រយៈ​គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​ក្នុង​តំបន់​នោះ កាន់​តែ​ហក់​ខ្ពស់​ឡើង​ថែម​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI