បច្ចុប្បន្នភាពនយោបាយ ជារឿងប្រឈមខ្លាំង នៃការបញ្ចេញមតិលើអ៊ីនធឺណែតនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមអង្គការសង្គមស៊ីវិលចំនួន១៩អង្គភាពខុសៗគ្នា បានចេញសេចក្តីថ្លែងការណ៍ចំនួន៩ចំណុច ដើម្បីគាំទ្រសេចក្តីថ្លែងការណ៍ស្តីពី សិទ្ធិអ៊ីនធឺណែតនៅកម្ពុជា។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានបង្ហាញការព្រួយបារម្ភជាទូទៅថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិលើប្រពន្ធអ៊ីនធឺណែត នឹងត្រូវបានរិតត្បិត ខណៈមានការចាប់ខ្លួនសកម្មជន និងអ្នកនយោបាយជាបន្តបន្ទាប់។
សេចក្តីថ្លែងការណ៍ទាំង៩ចំណុច របស់ក្រុមអង្គការសង្គមស៊ីវិលចំនួន១៩នោះ រួមមាន ការការពារសិទ្ធិលើប្រព័ន្ធអ៊ីនធឺណែត, សិទ្ធិប្រើប្រាស់, សិទ្ធិខាងការបញ្ចេញមតិ, សិទ្ធិប្រមូលផ្តុំនិងចូលរួម, សិទ្ធិទទួលបានព័ត៌មាន, សិទ្ធិឯកជនភាពលើអ៊ីនធឺណែត, សិទ្ធិជាម្ចាស់នៃការបង្កើតថ្មី, ការកម្រិតសិទ្ធិ, និងការគោរពសិទ្ធិអ្នកដទៃលើលំហបច្ចេកវិទ្យាជាដើម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលទាំង១៩ ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥។
ក្រុមអង្គការសង្គមស៊ីវិលចំនួន១៩ ដែលចូលរួមនៅក្នុងសន្និសីទកាសែត ដែលធ្វើឡើងនៅឯសណ្ឋាគាកំាបូតឌីយ៉ាណា បាននិយាយថា ពួកគេមានការព្រួយបារម្ភចំពោះការរិតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅលើប្រព័ន្ធអ៊ីនធឺណែត ខណៈដែលសកម្មជន និងអ្នកនយោបាយមួយចំនួនត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ។ ពួកគេបាននិយាយថា បើទោះបីជាបច្ចុប្បន្ននេះ ប្រទេសកម្ពុជានៅមិនទាន់មានច្បាប់ស្តីពីឧក្រឹដ្ឋកម្មអ៊ីនធឺណែត ឬCyber Crime ក្តី ក៏ប៉ុន្តែមនុស្សមួយចំនួនត្រូវបានចោទប្រកាន់រួចទៅហើយ។ ហើយបច្ចុប្បន្ន បញ្ហានយោបាយ គឺជាប្រធានរឿងប្រឈមខ្លាំងជាងគេ។
សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលទាំង១៩ ដែលនាំមុខដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងដោយមានការគាំទ្រពីអង្គការ Freedom House នៅពេលនេះ គឺទី១ ចង់ឲ្យអ្នកប្រើប្រាស់អ៊ីនធឺណែតយល់ពីសិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណែត និងទី២ ចង់ឲ្យរដ្ឋាភិបាលប្រើប្រាស់គោលការណ៍ទាំង៩ចំណុចនេះ ដើម្បីធ្វើជាមូលដ្ឋាននៃការបង្កើតសេចក្តីព្រាងច្បាប់ស្តីពីឧក្រឹដ្ឋកម្មអ៊ីនធឺណែត ឬ (Cyber Crime) នៅពេលខាងមុខ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ នឹងបញ្ជូនសេចក្តីថ្លែងការណ៍គាំទ្រទាំង៩ចំណុចនេះ ទៅកាន់ក្រសួងមហាផ្ទៃ ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ និង ក្រសួងព័ត៌មាន នៅពេលខាងមុខ។
គួរជំរាបជូនថា បច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណែតនៅកម្ពុជា បានបន្តកើនឡើងយ៉ាងឆាប់រហ័ស ពោលគឺពីចំនួនជាង៣លាននាក់នៅឆ្នាំ២០១៤ បានកើនឡើងដល់ជាង៥លាននាក់នៅឆ្នាំ២០១៥៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ