កម្ពុជា

សង្គមស៊ីវិលសាទរ​ការ​បង្កើត​ក្លឹប​សិក្សា​គណិតវិទ្យា​នៅ​តាម​វិទ្យាល័យ​

​កម្ពុជា​​ទទួល​​ធ្វើ​ម្ចាស់​​ផ្ទះ​​កិច្ច​ប្រជុំ​​អាស៊ាន​​ដែល​នឹង​​ចាប់​ដំណើរ​​ការ​​ពី​ចុង​​ខែ​មីនា​​នេះ​​តទៅ​
​កម្ពុជា​​ទទួល​​ធ្វើ​ម្ចាស់​​ផ្ទះ​​កិច្ច​ប្រជុំ​​អាស៊ាន​​ដែល​នឹង​​ចាប់​ដំណើរ​​ការ​​ពី​ចុង​​ខែ​មីនា​​នេះ​​តទៅ​ © ស៊ីវ​ ចាន់ណា

សង្គម​ស៊ីវិល​ចំនួន​ពីរ បាន​សាទរ​ចំពោះ សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់​រំ​យុវជន​និង​កីឡា ​ក្នុង​ការ​បង្កើត​ក្លឹប​សិក្សា​មុខ​វិជ្ជា​គណិតវិទ្យា​នៅ​តាម​បណ្តា​គ្រឹះ​ស្ថាន​មធ្យម​សិក្សា​ នៅ​កម្ពុជា​។ សង្គម​ស៊ីវិល​ យល់​ថា ដោយ​សារ​តែ​ប្រទេស​កម្ពុជា ត្រូវ​ការ​អ្នក​ជំនាញ​ផ្នែក​វិទ្យា​សាស្រ្ត​ច្រើន​នា​ពេល​បច្ចុប្បន្ន​ និង​អនាគត ដូច្នេះ​​ការ​​លើក​​ទឹក​​ចិត្ត តាម​​រយៈ​​ការ​​បង្កើត​​ក្លឹប​​សិក្សា​​គណិត​វិទ្យា​គឺ​​ជា​​ជម្រើស​​ដ៏​​ត្រឹម​​ត្រូវ​​មួយ​​។ (អត្ថបទដោយ សរ ពិសី) 

ផ្សាយពាណិជ្ជកម្ម

ប្រធាន​សមាគម​មន្ត្រី​រាជការ​ឯក​រាជ្យ​កម្ពុជា លោក កៅ ពឿន នៅ​ថ្ងៃ​ទី​ ២៤ មករា​ នេះ​ បាន​បញ្ជាក់​ថា លោក​ គាំទ្រ​ចំពោះ​ការ​បង្កើត​ក្លឹប​សិក្សា​មុខវិជ្ជា​គណិតវិទ្យា​ នៅ​តាម​វិទ្យាល័យ​របស់​ក្រសួង​អប់​រំ​យុវជន​និង​កីឡា។ លោក​ អះ​អាង​ថា ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រសួង​អប់​រំ​នេះ​ នឹង​ក្លាយ​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​សិស្សា​នុ​សិស្ស កម្រិត​មធ្យម​សិក្សា កាន់​តែ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​សិក្សា​មុខវិជ្ជា​វិទ្យាសាស្រ្ត​ ស្រប​ពេល​ដែល​ធន​ធាន​មនុស្ស​នៅ​ក្នុង​វិស័យ​វិទ្យាសាស្រ្ត​នៅ​កម្ពុជា​ មិន​ទាន់​មាន​ច្រើន​នៅ​ឡើយ​។

សូម​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​ ២២ មករា កន្លង​ទៅ​នេះ​ ក្រសួង​អប់​រំ​យុវជន​ និង​កីឡា បាន​ចេញ​នូវសេចក្តី​ជូន​ដំណឹង​មួយ​ពី​ ការ​ជ្រើស​រើស​និស្សិត​ស្ម័គ្រ​ចិត្ត​ចូល​រួម​បង្កើត​និង​គាំទ្រ​ក្លឹប​សិក្សា​គណិត​វិទ្យា​ នៅ​តាម​វិទ្យាល័យ​និង​អនុវិទ្យាល័យ​ក្នុង​ព្រះរាជណាចក្រ​កម្ពុជា​។ ការ​បង្កើត​ក្លឹប​នេះ​ ក្នុង​គោល​បំណង ពង្រឹង​គុណភាព និង ប្រសិទ្ធិភាព​នៃ​ការ​អប់​រំ ការ​បណ្តុះ​បណ្តាល​ ការ​កសាង​សមត្ថ​ភាព និង ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា ឲ្យ​កាន់​តែ​ទទួល​បាន​ភាព​ជោគ​ជ័យ​ និង ប្រសិទ្ធិ​ភាព​។

មិន​ខុស​គ្នា​ប៉ុន្មាន​ពី​លោក កៅ ពឿន អ្នក​ស្រី អ៊ុក ឆាយ៉ាវី ប្រធាន​ស្តី​ទី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​បង្កើត​ក្លឹប​សិក្សា​នេះ ។ អ្នក​ស្រី សង្កត់​ធ្ងន់​ថា ការ​សិក្សា​តែ​ជា​មួយ​គ្រូ​បង្រៀន​នៅ​ក្នុង​ថ្នាក់​តែ​មួយ​នោះ គឺ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ ដូច្នេះ​ក្រៅ​ពី​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់ សិស្ស​គួរ​តែ​ទទួល​បាន​ចំណេះដឹង​ផ្សេងៗ​បន្ថែម​ទៀត ឬ ចំណុច​មួយ​ចំនួន​ដែល​គ្រូ​មិនបាន​បង្រៀន​នៅ​ក្នុង​ថ្នាក់​។

យ៉ាង​ណា​ក៏​ដោយ​ អ្នក​ស្រី អ៊ុក ឆាយ៉ាវី យល់​ថា ក្រសួង​គួរ​តែ​បង្កើត​ក្លឹប​សិក្សា​មុខ​វិជ្ជា​ផ្សេង​បន្ថែម​ទៀត ដូច​ជា​មុខ​វិជ្ជា​ដែល​ទាក់​ទង​នឹង​តម្លៃ​វប្បធម៌ ឬ ប្រវត្តិ​សាស្រ្ត​ខ្មែរ​ ដើម្បី​ឲ្យ​សិស្សា​នុសិស្ស​ កាន់​តែ​យល់​ដឹង​បាន​ស៊ី​ជម្រៅ​។

ក្រៅ​ពី​នេះ អ្នក​ស្រី បាន​សំណូម​ពរ​ទៅ​ដល់​ក្រសួង​អប់រំ​ កុំ​ឲ្យ​យក​ក្លឹប​សិក្សា​ដែល​បង្កើត​នេះ ​ដើម្បី​បញ្រ្ជាប​សារ​នយោបាយ​ ឬ បម្រើ​ផល​ប្រយោជន៍​នយោបាយ​របស់​គណបក្ស​នយោ​បាយ​​ណា​មួយ​។

ដោយ​ឡែក លោក កៅ ពឿន វិញ បាន​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​អប់​រំ​គួរ​ពិចារណ​លើ​ការ​បង្កើត​ក្លឹប​សិក្សា​សម្រាប់​មុខ​វិជ្ជា​ដែល​ទាក់​ទង​នឹង​វិទ្យាសាស្រ្ត​ពិត​ផ្សេង​ទៀត​ ដូច​ជា​ រូប​វិទ្យា​ គីមី​វិទ្យា ​និង ជីវ​វិទ្យា​ ជា​ដើម ព្រោះ​ថា កម្ពុជា បច្ចុប្បន្ន ត្រូវ​ការ មុខវិជ្ជា​វិទ្យាសាស្រ្ត​ពិត​ទាំង​នេះ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​សង្គម​៕​
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI