លោក ញឹក ប៊ុនឆៃ នឹងធ្វើសមាជបក្សដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឆ្នាំក្រោយ
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីគណបក្សប្រជាជនប្រកាសផ្ដាច់សម្ពន្ធភាព និងក្រោយពីសមាជិកបក្សដើរចេញដើម្បីទៅចុះចូលគណបក្សផ្សេងរួចមក លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នឹងធ្វើសមាជ លើកដំបូងនៅថ្ងៃទី១២សីហា ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។
ជំហររបស់គណបក្សខ្មែររួបរួមជាតិ គ្មានឡើយការរំលាយគណបក្ស ឬចុះចូលជាមួយគណបក្សផ្សេង។ នេះគឺជាខ្លឹមសារដែលគណបក្សខ្មែររួបរួមជាតិនឹងបញ្ជាក់ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅថ្ងៃទី១២សីហាខាងមុខ។ បន្ទាប់ពីបង្ហាញជំហរទាំងនេះទៅកាន់អ្នកគាំទ្រ និងសមាជិកបក្សហើយ គណបក្សខ្មែររួបរួមជាតិប្រកាសប្រាប់អ្នកគាំឲ្យត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយដើម្បីប្រជែងយកតំណែងជាតំណាងរាស្ត្រ។ នេះបើតាមគូសបញ្ជាក់របស់លោក ម៉ៅ សុផាន់ណា ទីប្រឹក្សាលោក ញឹក ប៊ុនឆៃ មកកាន់វិទ្យុបារាំងនៅថ្ងៃច័ន្ទនេះ។
បន្ថែមពីលើនេះ គណបក្សខ្មែររួបរួមជាតិនឹងរៀបចំរចនាសម្ព័ន្ធគណបក្សឡើងវិញតាមរយៈការជ្រើសរើសប្រធាន អនុប្រធានគណបក្ស និងរៀបចំអគ្គលេខាធិការបក្ស។ បើតាម លោក ម៉ៅ សុផាន់ណា នៅក្នុងសមាជនោះ គណបក្សខ្មែររួបរួមជាតិនឹងបញ្ជាក់ជំហរជាមួយអ្នកគាំទ្រដើម្បីស្វែងសមាសភាពពិតដែលបន្តរស់នៅជាមួយគណបក្សខ្មែររួបរួមជាតិ។ លោកបានចាត់ទុកអ្នកដើរចេញពីគណបក្សខ្មែររួបរួមជាតិគឺសិទ្ធិនយោបាយរបស់បុគ្គលម្នាក់ៗ។ ប៉ុន្តែលោកក៏មិនភ្លេចរិះគន់ចំពោះការចាកចេញនេះដែរ។
បើពិនិត្យលើភាពជាក់ស្ដែងសមាជិកគណបក្សខ្មែររួបរួមជាតិបានចុះចូលជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលមានព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធ ជាប្រធាន។ តែគ្មានមន្ត្រីណាម្នាក់អាចបញ្ជាក់បានទេថា មានអ្នកណាខ្លះបានទៅចុះចូលជាមួយគណបក្សសង្គ្រោះជាតិនោះ។
សូមបញ្ជាក់ថា សមាជគណបក្សខ្មែររួបរួមជាតិនឹងធ្វើនៅថ្ងៃទី១២សីហាខាងមុខនេះបន្ទាប់ពី កាលពីខែមិថុនាកន្លងទៅ ព្រះមហាក្សត្របានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ បញ្ឈប់តំណែងសមាជិក ៥រូប នៃគណបក្សខ្មែររួបរួមជាតិ ពីតួនាទី ទីប្រឹក្សាក្រសួងមួយចំនួន និងអនុរដ្ឋលេខាធិការ បន្ថែមពីលើការដកតួនាទីលោក ញឹក ប៊ុនឆៃ ជាទីប្រឹក្សារដ្ឋាភិបាលដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។
ការដកដំណែងលោកញឹក ប៊ុនឆៃពេលនោះ បានធ្វើឡើងបន្ទាប់ពីមានការសង្ស័យថា មេដឹកនាំគណបក្សខ្មែររួបរួមជាតិរូបនេះ មានជាប់ពាក់ព័ន្ធនឹងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីបក្សប្រឆាំងក្នុងអំឡុងពេលមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងទៅ ក៏ប៉ុន្តែលោក ញឹក ប៊ុនឆៃ ធ្វើការបដិសេធថាជាព័ត៌មានភ័ន្តច្រឡំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ