កម្ពុជា-នយោបាយ

អនុ​ប្រធាន​គណៈកម្មការ​ទី៦​ ៖មិន​ទាន់​មាន​ការ​កោះ​ប្រជុំ​លើ​សំណើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត

ពលរដ្ឋចេញទៅបោះឆ្នោតដោយរីករាយ
ពលរដ្ឋចេញទៅបោះឆ្នោតដោយរីករាយ

អនុ​ប្រធាន​គណៈកម្មការ​នីតិ​កម្ម និង​យុត្តិធម៌ លោកអ៊ូ ច័ន្ទឫទ្ធិ បាន​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​បាន​ទទួល​លិខិត​កោះ​ប្រជុំ ដើម្បី​ជជែក​ពី​សំណើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ដែល​បញ្ជូន​មក​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​កាល​ពី​ថ្ងៃទី២១ សីហា​នៅ​ឡើយ​ទេ​។

ផ្សាយពាណិជ្ជកម្ម

លោក​អ៊ូ ច័ន្ទឫទ្ធិ​បញ្ជាក់​ថា​លោក​មិន​ដឹង​ថា​សំណើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​បញ្ជូន​មក​ដល់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ដែល​មាន​លោក​ប៉ែន បញ្ញា​ជា​ប្រធាន​ហើយ​ឬ​នៅ​ទេ​។ នៅ​ថ្ងៃទី​២៦ ខែ​សីហា​នេះ លោកប៉ែន​ បញ្ញា មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន​ទេ​។

លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ​ថា ពេល​នេះ​ គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ កំពុង​តែ​ជជែក​ពិភាក្សា និង​សិក្សា​ស្រាវជ្រាវ លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពីវិសោធន​កម្មច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​។ បើ​តាម​នីតិវិធី​ក្រោយ​ពី​ការ​ជជែក និង​សិក្សា​ស្រាវ​ជ្រាវ​លើសំណើ​រួច​រាល់​ហើយ គណៈកម្មការ​ទី៦ និង​ចេញ​របាយ​ការណ៍​មួយ​បញ្ជាក់​ប្រាប់​មក​គណៈកម្មាធិការ​អចិន្ត្រៃ​នៃ​រដ្ឋសភា​វិញ​។

សូម​ជម្រាប​ជូន​ថា​កាល​ពី​ថ្ងៃទី​២១ ខែ​សីហា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​ប្រជុំ​អនុម័ត​ប្រគល់​សេចក្តី​ស្នើ​ច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ទៅ​ឲ្យ​គណៈកម្មការ​ទី៦នៃ​រដ្ឋស​ភា បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ដាក់​សំណើ​កែប្រែ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់នេះ​។ ជា​ការ​កែប្រែ និង​បន្ថែម​មាត្រា​មួយ​ចំនួន ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់​នៅ និង​ធ្វើ​ការ​នៅ​ក្រៅប្រទេស​អាច​ចូល​រួម​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​។

លោក​សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដែល​ជា​អ្នក​រៀប​ចំ​សំណើ​កែ​ប្រែ​ច្បាប់​នេះ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី២៦ ខែ​សីហា​នេះ​ថា លោក​ក៏​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ចុង​ក្រោយ​អំពី​ការពិភាក្សា​លើ​សំណើ​ច្បាប់​នេះ​ដែរ​។

លោក​សុន ឆ័យ​បន្ថែម​ថា​នៅ​ពេល​ដែល​មាន​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដោយ​ដាក់​ថា​ជា​ការ​ប្រញាប់ និង​មាន​ការ​ដាស់​តឿន​ពី​រដ្ឋាភិ​បាល នោះ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ហាក់​ដូច​ជា​ធ្វើ​បាន​លឿន​ជាង​។ លោក​បញ្ជាក់​ថា បើ​គ្មាន​ការ​ដាស់​តឿន​ពី​រដ្ឋាភិបាល​ទេ នោះ​គណៈកម្មការ​សភា​អាច​ប្រើ​រយៈ​ពេល​យូរ​រហូត​ដល់​១ខែ ឬ​២ខែ​ក៏​មាន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI