កម្ពុជា-តុលាការ

មិន​មាន​ការ​ជួប​ជុំ​ណា​មួយ នៅ​ថ្ងៃ​ដែល​តុលាការ​កំពូល​បើក​សវនការ​រំលាយ​បក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ

កង​កម្លាំង​ប្រដាប់​អាវុធ បាន​​ដាក់​​ពង្រាយ​​នៅ​គ្រប់​ច្រក​ផ្លូវ​ចូល​មក​កាន់​រាជធានី​ភ្នំពេញ
កង​កម្លាំង​ប្រដាប់​អាវុធ បាន​​ដាក់​​ពង្រាយ​​នៅ​គ្រប់​ច្រក​ផ្លូវ​ចូល​មក​កាន់​រាជធានី​ភ្នំពេញ @RFI

អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ដាក់​ពង្រាយ​កម្លាំង​នៅ​គ្រប់​ច្រក​ផ្លូវ​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​ស្ទើរ​តែ​ទាំង​ស្រុង ចាប់​តាំង​ពី​ព្រឹក​ព្រលឹម ថ្ងៃ​ទី​ ១៦ វិច្ឆិកា ខណៈ​ដែល​តុលាការ​កំពូល​បាន​បើក​សវនការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​នេះ។ លើស​ពី​នេះ នៅ​ជុំវិញ​បរិវេណ​តុលាការ​កំពូល​ក្នុង​រង្វង់​ជាង​៥០០​ម៉ែត្រ អ្នក​ដែល​គ្មាន​ភារកិច្ច​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជា​ដាច់​ខាត។ នេះ​ ជា​វិធានការ​ដើម្បី​ទប់​ស្កាត់​ការ​ជួប​ជុំ​តវ៉ា​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ប្រឆាំង​នឹង​សវនាការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​គ្រោង​ទុក​ មិន​មាន​ការ​ជួប​ជុំ​ណា​មួយ​កើត​ឡើង​នោះ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

មិន​មាន​ការ​ជួប​ជុំ​ណា​មួយ​កើត​ឡើង នៅ​ថ្ងៃ​ដែល​តុលាការ​កំពូល​បាន​បើក​សវនាការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា នេះ​ទេ។ មិន​ថា នៅ​មុខ​តុលាការ​កំពូល ដែល​ស្ថិត​នៅ​ក្បែរ​ព្រះ​បរម​រាជ​វាំង ឬ នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ក្រុង​ភ្នំពេញ គឺ​មិន​ឃើញ​មាន​ការ​ជួប​ជុំ​ពី​សំណាក់​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ដូច​ការ​ព្រួយ​បារម្ភ​របស់​អាជ្ញាធរ​នោះ​ទេ។ បើ​តាម​សេចក្តី​រាយការណ៍ នៅ​ឯ​ទី​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ គឺ​មិន​មាន​តំណាង​រាស្រ្ត ឬ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ណា​ម្នាក់ បាន​ស្ថិត​នៅ​ក្នុង​ទី​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ​ឡើយ ពោល​គឺ គេ​ឃើញ​មាន​តែ​សន្តិសុខ​ពីរ​បី​នាក់​ដែល​យាម​ប្រចាំ​នៅ​ទី​ស្នាក់​ការ​ដែល​ស្ងាត់​ជ្រងំ និង​ក្រុម​អ្នកសារព័ត៌មាន​ពីរ​បី​នាក់ ដែល​រង​ចាំ​តាម​ដាន​យក​ព័ត៌មាន នៅ​ឯ​ទី​ស្នាក់​ការ​គណបក្ស​នេះ​តែ​ប៉ុណ្ណោះ។

គួរ​ជំរាប​ជូន​ថា សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ណែន នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​បើក​សវនការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ តាម​បណ្តឹង​ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​ទី ០៦ តុលា។ នៅ​តាម​ច្រក​ផ្លូវ​សំខាន់ៗ ចូល​មក​កាន់​រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​បាន​ដាក់​បារាស់​តាំង​ពី​ព្រឹក​ព្រលឹម​ស្រាងៗ ដើម្បី​ត្រួត​ពិនិត្យ​ទៅ​លើ​រថយន្ត​និង​អ្នក​ធ្វើ​ដំណើរ​មក​ពី​បណ្តា​ខេត្ត​នានា។ ដោយ​ឡែក​នៅ​ជុំវិញ​បរិវេណ​តុលាការ​កំពូល​ឯណោះ​វិញ ចរាចរណ៍​ត្រូវ​បាន​បិទ​ទាំង​ស្រុង​នៅ​ក្នុង​រង្វង់​ជាង​៥០០​ម៉ែត្រ​ពី​តុលាការ​កំពូល ខណៈ​ដែល​អ្នក​សារព័ត៌មាន​ស្រ្តី​ម្នាក់​ដែល​អះ​អាង​ថា ជា​អតីត​បុគ្គលិក​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក (VOA) ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បរិវេណ​បន្ទាត់​ក្រហម ដោយ​សារ​តែ​មិន​មាន​ប័ណ្ណ​អនុញ្ញាត។ ស្រ្តី​អ្នក​កាសែត​រូប​នោះ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅ​សាក​សួរ​បន្ត​នៅ​ក្នុង​ខណ្ឌ​ដូនពេញ។

ទាក់​ទង​នឹង​វិធានការ​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​ណែន​នេះ ត្រូវ​បាន​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្លែង​ថា គឺ​ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់ ដើម្បី​ឲ្យ​សវនាការ​របស់​តុលាការ​កំពូល លើ​ការ​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដំណើរ​ការ​ទៅ​ដោយ​រលូន​មិន​មាន​ការ​រំខាន​ណា​មួយ។ ហើយ​ថា ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ទាំង​នេះ មិន​មាន​គោល​បំណង​បំភ័យ​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

គួរ​បញ្ជាក់​ដែរ​ថា តាំង​ពី​យប់​ថ្ងៃ​ទី​១៥ វិច្ឆិកា មក​ម៉្លេះ អាជ្ញាធរ​នៅ​តាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​បាន​ចុះ​ធ្វើ​រដ្ឋបាល​ទាំង​យប់ តាម​អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន និង​តាម​ផ្ទះ​សំណាក់​ផង​ដែរ ដោយ​បារម្ភ​ថា នឹង​មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ មក​ពី​តាម​ខេត្ត​ចូល​មក​ស្នាក់​នៅ។ ក្នុង​នោះ​អាជ្ញាធរ​បាន​ចុះ​ទៅ​ធ្វើ​រដ្ឋបាល​នៅ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អង្គការ​ខុមហ្វ្រែល និង​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ជា​ដើម។ លោកអំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​លីកាដូ បាន​បញ្ជាក់​ថា អាជ្ញាធរ​ខណ្ឌ​ចំការ​មន បាន​ចុះ​សួរ​នាំ​ថា តើ​មាន​មនុស្ស​ចូល​មក​ស្នាក់​នៅ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI