រដ្ឋមិនយកពន្ធពីសណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប៤ខែ ដោយសារភ្ញៀវធ្លាក់ចុះខ្លាំង
ចុះផ្សាយនៅថ្ងៃ៖
ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា រដ្ឋសម្រេចមិនយកពន្ធ៤ខែ ចាប់ពីខែកុម្ភៈ នេះទៅ លើសណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ ក្នុងខេត្តសៀមរាប តែមានន័យថារដ្ឋជាអ្នកបង់ពន្ធជំនួស។ ការដាក់ចេញវិធានការបែបនេះរបស់លោក ហ៊ុន សែន គឺខណៈដែលភ្ញៀវទេសចរនៅខេត្តសៀមមរាបកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការផ្ទុះជំងឺឆ្លងប្រភេទ COVID-19 ដែលធ្វើឲ្យថយចុះច្រើនជាងគេគឺអ្នកទេសចរចិន។
ការលើកលែងការបង់ពន្ធគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ ក្នុងខេត្តសៀមរាបគឺចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០។ នេះជាការគូសបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ កុម្ភៈ។
បើតាមប្រមុខរដ្ឋាភិបាល ភ្ញៀវទេសចរបរទេសនៅខេត្តសៀមរាបធ្លាក់ចុះជាង៦០ភាគរយនៅខែកុម្ភៈនេះ និយាយជារួម ដោយឡែកភ្ញៀវទេសចរចិនបានធ្លាក់ចុះរហូតជាង៩០ភាគរយ។
លោក ម៉ម រិទ្ធី ប្រធានសហជីពវិស័យទេសចរណ៍ និងសេវាកម្ម ប្រចាំខេត្តសៀមរាប ស្វាគមន៍ចំពោះការមិនយកពន្ធលើសណ្ឋាគារ និងផ្ទះសំណាក់នោះ ប៉ុន្តែលោកយល់ថា វិធានការនេះអាចដោះស្រាយបានតែរយៈពេលខ្លីប៉ុណ្ណោះ។
បើតាមមេដឹកនាំសហជីពរូបនេះ ដំណោះស្រាយរយៈពេលវែង គឺទាល់តែរដ្ឋាភិបាលទាក់ទាញអ្នកទេសចរបរទេសឲ្យមកកម្ពុជាឲ្យបានដូចដើមវិញ។ បើតាម លោក ម៉ម រិទ្ធី គឺមានសណ្ឋាគារមួយចំនួនបានកាត់ប្រាក់ខែបុគ្គលិកជាបណ្តើរៗទៅហើយ ដោយសារតែភ្ញៀវថយចុះ ខណៈដែលសណ្ឋាគារមួយចំនួនទៀតបានផ្លាស់ប្តូរម្ចាស់ឬបិទដំណើរការ។
ការធ្លាក់ចុះភ្ញៀវទេសចយ៉ាងខ្លាំង នៅខេត្តសៀមរាប ត្រូវបានរដ្ឋាភិបាលកម្ពុជា អះអាងថា ដោយសារការផ្ទុះជំងឺឆ្លងប្រភេទ COVID-19 ដែលធ្វើឲ្យថយចុះច្រើនជាងគេគឺអ្នកទេសចរចិន។ តែខាងសហជីពវិស័យទេសចរណ៍វិញគឺមានកត្តាគួបផ្សំជាច្រើនច្រើនទៀតដែលធ្វើឲ្យភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបធ្លាក់ចុះ។ បញ្ហាតម្លៃសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការលក់វត្ថុអនុស្សាវរីយ៍ថ្លៃហួសហេតុគឺជាការទាញទម្លាក់ឲ្យភ្ញៀវទេសចរមួយចំនួនឲ្យរាងចាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ