កម្ពុជា

សម្តេច​ក្រុម​ព្រះ ​នរោត្តម ​រណឫទ្ធិ ​សង្ឃឹម​បាន​២៦​កៅ​អី​ ដោយ​សារ​គោល​នយោ​បាយ​៣​ចំណុច

សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ​
សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ​ RFI-ចាន់ណា
ដោយ៖ ហេង ឧត្តម
១២ នាទី

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ សង្ឃឹម​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ទទួល​បាន​អាសនៈ​ចំនួន២៦ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៨​។ សេចក្ដី​សង្ឃឹម​យ៉ាង​ដូច្នេះ ត្រូវ​សម្ដេច​ក្រុម​ព្រះ​បង្ហើប​ឱ្យដឹង​កាលពី​ព្រឹក​មិញ បន្ទាប់​ពី​ព្រះអង្គ​បញ្ចប់​ការ​បួងសួង នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ។ ​ដើម្បី​សម្រេច​បាន​២៦​កៅអី​នាពេល​ខាងមុខ​នោះ សម្ដេចក្រុមព្រះ បាន​ប្រកាស​គោល​នយោបាយ​៣​ចំណុចធំៗ​។

ផ្សាយពាណិជ្ជកម្ម

ដើម្បី​សម្រេចបាន​ក្តីរំពឹង​នេះ​ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ប្រកាស​គោលនយោបាយ​៣​ចំណុច​ធំៗ រួមមាន ការ​លុប​បំបាត់​អំពើ​ពុក​រលួយ ការ​បង្កើន​ការងារ​ឱ្យ​យុវជន​យុវនារី និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ 

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ទ្រង់​កត់​សម្គាល់​ថា «នៅ​អាស៊ី គ្មាន​ប្រទេស​ណា​មិន​ពុក​រលួយ​ទេ តែ​កុំ​ពុក​រលួយ​ច្រើន​ពេក និង​ហួស​ហេតុ​ពេក»។ បើ​តាម​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ដើម្បី​បំបាត់​បញ្ហា​ពុក​រលួយ​ គឺ​គេ​ត្រូវ​ដោះស្រាយ​បញ្ហា​ជីវភាព​មន្ត្រី​រាជ​ជាមុនសិន។

ទន្ទឹម​នឹង​នេះ​ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លើកឡើង​ទៀតថា ដោយ​សារ​តែ​ខ្វះ​ការងារ​ក្នុង​ស្រុក ទើប​ពលករ​ខ្មែរ ត្រូវ​ចេញទៅ​រក​ការ​ធ្វើ​នៅ​បរទេស​។ ដូច្នេះ ការ​បង្កើន​ការងារ​ធ្វើ​ក្នុង​ប្រទេស គឺជា​គោលនយោបាយ​គន្លឹះ​ទី​២​នៃ​គណបក្ស​របស់​ទ្រង់។

លើ​ពីនេះ សម្ដេច​ក្រុម​ព្រះ ទ្រង់​ទត​ឃើញ​ផង​ដែរ​ថា នៅ​ស្រុក​ខ្មែរ អ្នក​មាន​ចេះ​តែ​មាន​ឡើង អ្នក​ក្រ​ចេះតែ​ក្រ​ទៅ ហើយ​ជំពាក់​បំណុល​គេជុំទិស ព្រមទាំង​ដាក់​បញ្ចាំ​របស់​ទ្រព្យ​អស់​គ្មាន​សល់ សូម្បី​សត្វ​ឥរិច្ឆាន។ ព្រះ​ប្រធាន​គណបក្ស​រាជា​និយមហ៊ុនស៊ិនប៉ិច បង្ហើប​ការ​សន្យា​ជា​ថ្មី​ទៀត​ថា បើ​គណបក្ស​របស់​ទ្រង់ឈ្នះ​ឆ្នោត គឺ​លុប​បំបាត់​បំណុល​របស់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ទាំង​អស់​តែ​ម្តង។

ទោះ​បី​ជា​ប្រកាស​ថា​សង្ឃឹម​បាន​២៦​កៅអី​នៅ​ឆ្នាំ​២០១៨យ៉ាង​ណា​ក្តី តែ​បើ​តាម​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​សូវ​សង្ឃឹម​ថា​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​ខេត្ត​តូចៗ​នោះ​ទេ ប៉ុន្តែ​ព្រះអង្គ ជឿ​ជាក់​លើ​ខេត្ត​ធំ​។ ខេត្ត​ធំៗ ដែល​សម្ដេច​ក្រុម​ព្រះ​អះ​អាង​ថា នៅ​តែ​គាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​ទ្រង់​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI