កម្ពុជា

សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ​ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ ទី ​០១​ ខែ​ មករា​ ឆ្នាំ​​២០១៥​
សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឫទ្ធិ​ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ ទី ​០១​ ខែ​ មករា​ ឆ្នាំ​​២០១៥​ RFI-ចាន់ណា

សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ​ និង​អ្នក​ម្នាង​អ៊ុក ​ផល្លា ​បាន​ជួប​នឹង​គ្រោះ​ថ្នាក់​ចរាចណ៍ ​ក្រោយ​ពី​ត្រឡប់​មក​ពី​ការ​ជួប​សំណេះ​សំណាល​អ្នក​គាំទ្រ​របស់​ព្រះអង្គ​ ពីខេត្ត​កំពង់​ចាម​វិញ នៅ​ ​ថ្ងៃទី២៥ ​មេសា ​នេះ។​ ជា​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ ដែល​កើត​ឡើង​រវាង​រថយន្ត​ដឹក​ដី ​និង​រថយន្ត​ BMW ​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម ​រណឫទ្ធិ​ នៅ​វេលា​ម៉ោង​ ១២​ថ្ងៃត្រង់ ក្នុង​ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់​ចាម។​

ផ្សាយពាណិជ្ជកម្ម

 

លោក ញេ​ប ប៊ុន​ជិន​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច ​បាន​បញ្ជាក់​ថា​ករណី​គ្រោះ​ថ្នាក់​ចរាច​ណ៍​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ​  មិន​បាន​បណ្តាល​ឲ្យ​ទ្រង់​មាន​របួស​ធ្ងន់​ធ្ងរ​នោះ​ទេ តែ​ព្រះ​អង្គ​ក៏​យាង​ចូល​ក្នុង​មន្ទី​ពេទ្យ​ផង​ដែរ​ ដើម្បី​ត្រួត​ពិនិត្យ​ព្រះ​កាយ។ ចំណែក​អ្នក​ម្នាង​អ៊ុក ផល្លា ​ មាន​របួស​ក្បាល ​ និង​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ក្នុង​ក្រុង​ភ្នំពេញ ​ដើម្បី​ព្យាបាល។

គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​អំពិល​ធំ​ ឃុំ​ខ្វិត​ធំ ​ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ​៦នាក់​រង​របួស ​ក្នុង​នោះ​មាន​ ៣​នាក់​រង​របួស​ធ្ងន់ និង ​៣​នាក់​ផ្សេង​ទៀត​រង​របួស​ស្រាល​។

បើ​តាម​លោក​ ញេ​ប​ ប៊ុន​ជិន​ បាន​ឲ្យ​ដឹង​ថា​ឡាន​បង្ក​ខាង​លើ ​គឺ​ជា​ប្រភេទ​ឡាន​ដឹក​ដី ​ហើយ​បាន​បើក​បំ​ពាន​ផ្លូវ​មក​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ បណ្តាល​ឲ្យ​ប៉ះ​ចំ​ក្បួន​រថយន្ត​របស់​សម្តេច​ក្រុមព្រះ​នរោត្តម​  រណឫទ្ធិ ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តាយ​ផ្លូវ​ជាតិ​លេខ​៧​ ក្រោយ​ពី​ការ​ជួប​សំណេះ​សំណាល​អ្នក​គាំទ្រ​របស់​ព្រះ​អង្គ​ ក្នុង​ស្រុក​ព្រៃឈរ ​ខេត្ត​កំពង់​ចាម​។

រហូត​មក​ដល់​ពេល​នេះ ​ជន​បង្ក​ហេតុ​មិន​ទាន់​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​ឡើយ​ទេ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​មេ​ប៉ុស្តិ៍​ឃុំ​ខ្វិត​ធំ។ ​យ៉ាងណាមិញ​ លោក​បាន​អះ​អាងថា​សមត្ថកិច្ច​កំពុងតែ​តាម​ចាប់​ជនបង្ក​ហេតុ​ខាងលើ ដើ​ម្ប​ឲ្យ​ចូលខ្លួន​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់។

ក្នុង​ហេតុ​ការណ៍​នេះ ​រថយន្ត​ពីរ​គ្រឿង​ ដែល​មួយ​គ្រឿង​ម៉ាក​ BMW​ ជា​របស់ ​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ ​ មួយ​គ្រឿង​ទៀត​ជារ​យន្ត​ហែហម​ក្បួន ​បាន​រង​ការ​ខូច​ខាត​ និង​មួយ​គ្រឿង​ទៀត​ជា​រថ​យន្ត​របស់​ជន​បង្ក​ហេតុ​ ដែល​ជា​ប្រភេទ​រថយន្ត​ធន​ធ្ងន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI