បក្សប្រឆាំងកំពុងធ្វើបច្ចុប្បន្នភាពចំនួនមន្រ្តីដែលចុះចូលបក្សកាន់អំណាច ដើម្បីដាក់អ្នកថ្មីជំនួស
ចុះផ្សាយនៅថ្ងៃ៖
ស្របពេលមន្រ្តីបក្សសង្រ្គោះជាតិកំពុងបន្តទៅចុះចូលជាមួយបក្សប្រជាជនកម្ពុជាតាមការដង្ហោយហៅរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅពេលនេះគណបក្សប្រឆាំងកំពុងតែត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ថាតើមានមន្រ្តីរបស់ខ្លួនចំនួនប៉ុន្មាននាក់ពិតប្រាកដ ដែលទៅចុះចូលជាមួយបក្សកាន់អំណាច។ បើតាមបក្សប្រឆាំង បន្ទាប់ពីទទួលបានតួលេខផ្លូវការ គឺមន្រ្តីទាំងនោះនឹងត្រូវលុបឈ្មោះចេញពីបក្ស ដកចេញពីតំណែងនាពេលបច្ចុប្បន្ន ហើយដាក់អ្នកថ្មីជំនួសវិញ។
លោកសុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្ត និងជាអ្នកនាំពាក្យរបស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ឲ្យដឹងថា មកដល់ពេលនេះ គណបក្សប្រឆាំងបានរកឃើញជាបឋម ថាមានមន្រ្តី និងសមាជិកក្រុមប្រឹក្សារបស់ខ្លួនប្រមាណជា៥៨រូបហើយ ដែលបានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ ចំនួននេះ គឺខុសគ្នានឹងអ្វីដែលអះអាងដោយអ្នកនាំពាក្យគណបក្សកាន់អំណាច និងតួលេខរបស់សារព័ត៌មានអនឡាញ Freshnews។ អ្នកនាំពាក្យបក្សកាន់អំណាចថា មន្ដ្រីបក្សប្រឆាំងចុះចូលបក្សកាន់អំណាច់មានដល់ទៅជាង១០០នាក់។ ចំណែកសារព័ត៌មានអនឡាញFreshnews ដែលជាបណ្តេញព័ត៌មានស្និតនឹងរដ្ឋាភិបាលកម្ពុជា បង្ហាញថា មានជាង៨០នាក់។
សម្រាប់អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ នៅពេលដែលគណបក្សសរុបបានជាផ្លូវការនូវចំនួនមន្រ្តីដែលទៅចុះចូលជាមួយគណបក្សកាន់អំណាចនោះ គឺគណបក្សនឹងអនុវត្តទៅនីតិវិធី ដោយលុបឈ្មោះពួកគេចេញពីបញ្ជីបក្ស និងឈានទៅដកតំណែងក្នុងនាមតំណាងឲ្យគណបក្សថែមទៀត ប្រសិនបើគណបក្សសង្រ្គោះជាតិមិនត្រូវបានរំលាយ។ ជោគវាសនាបក្សប្រឆាំងនឹងត្រូវសម្រេចនៅថ្ងៃទី១៦ វិច្ឆិកាខាងមុខនេះ ជាថ្ងៃដែលតុលាការកំពូលបើកសវនាការជំនុំជម្រះ ថាតើត្រូវរំលាយគណបក្សសង្រ្គោះជាតិចោលឬយ៉ាងណា។ ប៉ុន្តែមុនសវនាការមកដល់ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនដែលជាប្រមុខគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ក្តែងៗរួចទៅហើយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយចោល។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា ប្រសិនបើគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ នោះសមាសភាពតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាចេញពីគណបក្សប្រឆាំងនឹងត្រូវអស់សុពលភាពដោយស្វ័យប្រវត្តិ ។ ដូច្នេះ គណបក្សប្រឆាំងមិនមានលទ្ធភាពយកសមាសភាពរបស់គណបក្សមកជំនួសតាមលេខរៀងបន្តបន្ទាប់នោះទេ។ ទាំងលោកសុខ ឥសាន និងលោកនាយករដ្ឋមន្រ្តីហ៊ុន សែនសុទ្ធតែបានអំពាវនាវឲ្យមន្រ្តីគណបក្សសង្រ្គោះជាតិមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតំណែងរបស់ខ្លួន។
បើទោះបីមានការអំពាវនាវដូច្នេះនិងមានមន្រ្តីខ្លះរបស់ខ្លួនបានទៅចុះចូលជាមួយគណបក្សកាន់អំណាចរួចទៅហើយក៏ដោយ ក៏គណបក្សសង្រ្គោះជាតិមិនព្រួយបារម្ភនោះឡើយ។ មិនព្រួយបារម្ភ បើតាមលោកសុន ឆ័យ មន្រ្តីបក្សប្រឆាំងដែលទៅចុះចូលជាមួយប្រជាជនកម្ពុជានោះ គឺមានចំនួនតិចតួចតែប៉ុណ្ណោះ។ លោកថែមអះអាងទៀតថា គណបក្សសង្រ្គោះជាតិនៅតែមានសាមគ្គីភាពដដែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ