កម្ពុជា

សង្គមស៊ីវិល​ក្នុង​ស្រុក ៣៥​ស្ថាប័នមិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្ដន្ទាទោស​ លោក នី ចរិយា ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍

លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក។ @RFI/Siv Channa

កាល​ពី​ម្សិលមិញ ការ​ផ្ដន្ទាទោស​របស់​សាលាដំបូង​ក្រុង​ភ្នំពេញ​ទៅ​លើ​លោក នី ចរិយា អគ្គលេខាធិការ​រង គជប ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​យ៉ាង​ហោច​ណាស់​៣៥​ស្ថាប័ន​មិន​សប្បាយ​ចិត្ត។ សង្គមស៊ីវិល​ទាំង​៣៥​នេះ បាន​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​រួម នៅ​យប់​ថ្ងៃ​ទី​២២​កញ្ញា ចាត់ទុក​ការ​ផ្ដន្ទាទោស​របស់​សាលាដំបូង​ក្រុង​ភ្នំពេញ ថាជា​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ រឹត​ត្បិត​ទៅ​លើ​លំហ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា នៅមុន​ការ​បោះ​ឆ្នោត​ដែលកំពុង​តែ​ខិត​ជិត​ចូល​មក​ដល់​។

ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​ផ្ដន្ទាទោស​លោក នី ចរិយា អតីត​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​និង​ឃ្លាំ​មើល​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​ជា​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កើត​ឡើង​ដោយ​សារ​​បណ្ដឹង​របស់លោក សុខ កែវបណ្ឌិត ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប និង​លោក គី ឬទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​សៀមរាប​​។ មន្ដ្រី​តុលាការ​ខេត្ត​សៀមរាប​ទាំង​ពី​រូប​នេះ ដាក់​ពាក្យ​ប្ដឹង លោក នី ចរិយា ទាក់​ទង​​ទៅនឹង​ការលើក​ឡើង​​នៅ​ខែ​ឧសភា​ឆ្នាំ​២០១៥របស់ លោក នី ចរិយា ចោទ​ប្រកាន់​មន្រ្តីតុលាការទាំង២រូប​ថា មិន​បានអនុវត្តតាម​នីតិវិធី​ត្រឹមត្រូវ​ក្នុងការចោទប្រកាន់​និង​ចាប់​ខ្លួន​អ្នកភូមិពីរនាក់ដាក់ពន្ធនាគារ​។

តាម​រយៈ​ពាក្យ​បណ្ដឹង​នេះ តុលាការសម្រចផ្ដន្ទាទោសលើ លោក នី ចរិយា ដាក់​ពន្ធនាគារ​ ​៦ខែនិងពិន័យជាប្រាក់៦លានរៀលពីបទបរិហារកេរ្ដិ៍ជាសាធារណៈ បរិហារ​បង្កាច់​កេរ្តិ៍ និង​ផ្សព្វផ្សាយ​នូវ​ការ​អត្ថាធិប្បាយ ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ តាម​មាត្រា ៣០៥ ៣១១ ៣១២ និង ៥២២ នៃ​ក្រម​ព្រហ្មទណ្ឌ​​កម្ពុជា។ ប៉ុន្តែ​បើ​តាម​សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គមស៊ីវិល ការ​អត្ថាធិប្បាយ​របស់​លោក នី ចរិយា ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​អន្ដរជាតិ ដែល​ទាមទារ​ឲ្យ​មាន​ការ​អធ្យាស្រ័យ​ខ្ពស់​ចំពោះ​សុន្ទរកថា​បែប​នយោបាយ បើ​ទោះ​បី​ជា​ការ​លើក​ឡើង​របស់​លោក ប៉ះពាល់​ដល់​មន្ដ្រី​ ឬ​ស្ថាប័ន​សាធារណៈ​ក្ដី​។ ការ​ប្រើ​ប្រាស់​បទ​បរិហារ​កេរ្តិ៍ និង​បទ​បញ្ញត្តិ​ផ្សេង​ៗ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ដើម្បី​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ​លើ​អ្នក​និយាយ​រិះ​គន់​ទៅ​លើ​អាជ្ញាធរ មិន​ស្រប​ទៅ​នឹង​ច្បាប់​សិទ្ធិ​មនុស្ស​អន្ដរជាតិទេ​។ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ខាង​បញ្ចេញ​មតិ​ថែម​ទៀត​ផង​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​ដដែល​។

សង្គម​ស៊ីវិល​ទាំង​៣៥​ស្ថាប័ន បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​ផ្ដន្ទាទោស​លើ​លោក នី ចរិយា និង​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​កែ​ប្រែ​ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង ដែល​មាន​កំហុស​ឆ្គង​និង​អយុត្តិធម៌​។ និងអំពាវនាវ​ទៀត​​ថា រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​ប្រាស់​ស្ថាប័ន​រដ្ឋ​នានា ដើម្បី​វាយ​ប្រហារ​លើ​អង្គការ​សង្គម​ស៊ីវិល និង​សំឡេង​ឯករាជ្យ​ផ្សេង​ៗ​ទៀត​។

សូម​រំលឹក​ថា សម្រាប់​លោក នី ចរិយា អគ្គលេខាធិការ​រង គជប ក្រៅ​តែ​ពី​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​បណ្ដឹង​បរិហារ​កេរ្តិ៍​នេះ លោក​ក៏​កំពុង​តែ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ក្នុង​សំណុំ​រឿងសម​គំនិត​សូក​ប៉ាន់​សាក្សី កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​គេ​ចោទ​ថា​មាន​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​ជាមួយ​លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI