កម្ពុជា

ការិយាល័យ​សិទ្ធិ​មនុស្ស​អ.ស.ប ទាមទារ​ឲ្យដោះ​លែង​មន្ដ្រី​អាដហុក​និង​​អគ្គលេខាធិការ​រង គ.ជ.ប

មន្ដ្រី​សមាគម​អាដហុក នៅ​ពេល​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​នា​ពេល​កន្លង​មក។
មន្ដ្រី​សមាគម​អាដហុក នៅ​ពេល​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​នា​ពេល​កន្លង​មក។

ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​មន្ដ្រី​អាដហុក​ទាំង​៤​រូប និង​អគ្គលេខាធិការ​រង ​គ.ជ.ប ​១​រូប ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​ពេល​មួយ​ឆ្នាំមក​ហើយ​។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​មួយ ចុះ​ថ្ងៃសុក្រ ទី​២៨​មេសា ម្សិលមិញ​។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ការណ៍​ពី​ទីក្រុង​ហ្សឺណែវ លោក​ស្រី Elizabeth Throssel អ្នក​នាំ​ពាក្យ​ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បានសម្ដែង​ការ​សោក​ស្ដាយ​ដែល​មន្ដ្រី​អាដហុក​ទាំង​៤​រូប និង​អគ្គលេខាធិការ​រង គជប មួយ​រូប ត្រូវ​បាន​​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​ពេល​មួយ​ឆ្នាំ ហើយ​នៅ​ថ្ងៃ​ទី​២៧​មេសា នីតិវិធី​នៃ​ការ​ឃុំ​ខ្លួន​នោះ ត្រូវ​តុលាការ​សម្រេច​អូស​បន្លាយ​៦​ខែ​ទៀត​។ ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​ជន​ត្រូវ​ចោទ​ទាំង​៥ ព្រោះ​សម្រាប់​ស្ថាប័ន​អន្ដរជាតិ​មួយ​នេះ ការ​ឃុំ​ខ្លួន​មន្ដ្រី​សិទ្ធិ​មនុស្ស​ពី​សំណាក់​តុលាការ​ដូច្នេះ​ជា​សកម្មភាព​បំពាន ដែល​ធ្វើ​តាមតែ​អំពើ​ចិត្ត​។

សូម​ជម្រាប​ថា នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ ដែល​អង្គការ​សហប្រជាជាតិ​ទាមទារ​ឲ្យ​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​ទាំង​៥​។ នៅ​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦ ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​បាន​សន្និដ្ឋាន​ថា  បុគ្គល​ទាំង​ប្រាំ​រូប ត្រូវ​ជាប់​ឃុំ​ដោយ​សារ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ហើយ​ក្រុមការងារ​នេះ​បាន​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ទាំង​៥​ម្ដង​រួច​មក​ហើយ​។ សម្រាប់​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ សំណុំ​រឿង​ព្រហ្មទណ្ឌ​លើ​អ្នក​ទាំង​៥​នេះ គឺ​ជា​លេសមួយ ដើម្បី​បង្ក្រាប​និង​ទប់​ស្កាត់​ការ​អនុវត្ត​ដោយ​ស្រប​ច្បាប់​នូវ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ដើម្បី​បំបិទ​សំឡេង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​។

ថ្វី​ត្បិត​តែ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​មន្ដ្រីអាដហុក​ទាំង​៤​និង​អគ្គលេខាធិការ​រង គ.ជ.ប ​ប៉ុន្តែការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បាន​ទទួល​ស្គាល់​កាត្វកិច្ច​របស់​ចៅក្រម​ស៊ើប​អង្កេត ក្នុង​សំណុំ​រឿង​នេះ​។ យ៉ាង​ណា​ក៏​ដោយ ស្ថាប័ន​អន្ដរជាតិ​នេះ​លើក​ឡើង​ថា ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន គួរ​តែត្រូវ​បាន​អនុញ្ញាត​តែ​សម្រាប់​ពេល​ដ៏ចាំ​បាច់​និង​​ខ្លី​បំផុត ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ភស្តុតាង​ច្បាស់​លាស់។

គួរ​រំលឹក​ថា មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៤​រូប រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង​លោកស្រី លឹម មុនី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និងនាង​ ស្រីមុំ​។ រីឯ​លោក នី ចរិយា ដែល​ជា​អគ្គលេខាធិការ​រង គជប វិញ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ សម​គំនិត​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​ដូចគ្នា​។ រហូត​មក​ទល់​ពេល​នេះ អ្នក​ទាំង​៥​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ហើយ​។ អំឡុង​ពេល​ឃុំ​ខ្លួន​មួយ​ឆ្នាំ​ពេញ​នេះ មេធាវី​អ្នក​ទាំង​៥​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ចំនួន​៦​លើក ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ​។ កាល​ពី​ថ្ងៃ​ទី​២៧​មេសា​ថ្មី​ៗ​នេះ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួនអ្នក​ទាំង​៥ជា​បណ្ដោះអាសន្ន​​​រយៈ​ពេល​៦​ខែ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI