អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុ​អ្វី​មន្ត្រី​ចាស់​ហើយ​មិន​ចង់​ចូល​និវត្តន៍?

សំឡេង ០៤:៣៦
រូបភាព​តំណាង៖ ​មន្រ្តី​រាជការ​ចូលរួម​ប្រជុំ​ទ្រង់​ទ្រាយ​ធំ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ។​
រូបភាព​តំណាង៖ ​មន្រ្តី​រាជការ​ចូលរួម​ប្រជុំ​ទ្រង់​ទ្រាយ​ធំ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ។​ @Samdech Hun Sen, Cambodia Prime Minister
ដោយ៖ ហេង ឧត្តម

មន្ត្រី​រាជការ​ចាស់ៗ គឺ​ធនធាន​ចាំ​បាច់​ចំពោះ​កម្ពុជា​ ព្រោះ​សង្គម​ខ្មែរ​កំពុង​តែ​ខ្សត់​ធនធាន​មនុស្ស ដែល​ចេះ​ដឹង​ច្បាស់​លាស់​ស្រាប់​ផង។ មន្ត្រី​រាជការ​ចាស់ៗ​ មិន​ត្រឹមតែ​មាន​អាយុ​ច្រើន​ និង​មាន​ភាព​ចាស់ទុំ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជា​បណ្តុំ​នៃ​ចំណេះ​ដឹង​ និង​បទពិសោធ​ការងារ​ជាក់​ស្តែង​ផង​ដែរ​។​ ទោះ​យ៉ាង​ណា​ក៏ដោយ គេ​សង្កេត​ឃើញ​ថា មន្ត្រី​ចាស់​ៗ​មួយ​ចំនួន​ បើ​ទោះ​បី​ដល់​អាយុ​ចូល​និវត្តន៍​ហើយ គឺ​នៅ​តែ​មិន​ចង់​ចូល​និវត្តន៍​នោះ​ទេ។ តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ?​

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សង្គម​ខ្មែរ គឺ​មាន​ទម្លាប់​ផ្តល់​ការ​គោរព​ និង​ឲ្យ​តម្លៃ​ចំពោះ​មនុស្ស​ចាស់​ និង​អ្នក​ធំ​ជាង​ខ្លួន។​ ចំណែក​មន្ត្រី​រាជការ​ ដែល​អាយុ​ច្រើន និង​ចាស់ៗ ភាគ​ច្រើន​ត្រូវ​អង្គភាព​តែង​តាំង​សម្រាប់​ដឹង​នាំ​ក្បាល​ម៉ាស៊ីន​ស្ថាប័ន។ ដោយ​ហេតុ​អាយុ​ច្រើន​ជា​រឿង​មួយ តែ​ភាព​ចាស់ទុំ​ និង​បទពិសោធ​ចាស់​វស្សា​ខាង​ការងារ​របស់​គាត់​​ ក៏​ជា​ប្រសិទ្ធភាព​មួយ​ដែរ ដែល​ធ្វើ​ឲ្យ​អ្នក​ក្រោម​បង្គាប់​​ គោរព​កោត​ខ្លាច និង​ស្តាប់​​បញ្ជា ហើយ​អនុវត្ត​តាម​។ មនុស្ស​កាន់​តែ​ចាស់ គឺ​កាន់​តែ​ជួប​រឿង​ច្រើន និង​បាន​ប្រលូក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​​ ក៏​ច្រើន​ដែរ។​ ត្រង់​ចំណុច​នេះ គឺ​ដូច​ពាក្យ​ស្លោក​ខ្មែរ​បាន​ពោល​ហើយ​ថា ខ្ញី​កាន់​តែ​ចាស់ គឺ​កាន់​តែ​ហឹរ។​

ក៏ប៉ុន្តែ ទម្លាប់​របស់​សង្គម​ខ្មែរ​​បែប​នេះ ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​ចាស់​វស្សា​មួយ​ចំនួន បែរ​ទៅ​ជា​ក្រាញ​អំណាច​ទៅ​វិញ។​ គេ​បាន​ដឹង​ឮ និង​ឃើញ​ផ្ទាល់​ភ្នែក​ស្រាប់​ហើយថា​ មាន​មន្ត្រី​ចាស់ៗ​មួយ​ចំនួន បាន​សុំ​ពន្យារ​ពេល​ចូល​និវត្តន៍។ អ្នក​ខ្លះ​ថែម​ទាំង​បាន​ទៅ​ប្តូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ផង​ក៏​មាន​ដែរ។​ មន្ត្រី​អាយុ​ច្រើន​ខ្លះ​ទៀត ខ្លួន​ចាស់​ជរា​ ធ្លាក់​ខ្លួន​ឈឺ និង​ស្ទើរ​តែ​ធ្វើ​ការ​មិន​កើត​ទៅ​ហើយ ក៏​មិនព្រម​ប្រលែង​កៅអី​របស់​ខ្លួន​ ឲ្យ​ទៅ​អ្នក​ដទៃ​ដែរ។​

តើ​ហេតុអ្វី​បាន​ជា​ដូច្នេះ? មាន​ហេតុផល​មួយ​ចំនួន​ ដែល​គេ​អាច​ពន្យល់​រឿង​នេះ។

មូល​ហេតុ​ចម្បង​ទី១ គឺ​​ទំនង​ជា​ទាក់ទង​ទៅ​នឹង​រឿង​មុខ​មាត់ កិត្តិយស​កេរ្តិ៍​ឈ្មោះ​តែម្តង​។ ចំពោះ​សង្គម​ខ្មែរ ដែល​ឲ្យ​តម្លៃ​លើ​លុយ​ និង​អំណាច ប្រហែល​ជា​មន្ត្រី​ចាស់ៗ​ខ្លះ លំបាក​នឹង​ប្រឈម​មុខ​ នៅ​ពេល​ដែល​ខ្លួន​មិន​សូវ​សម្បូរ​អ្នក​ហែហម អម​ដំណើរ​ដូច​មុន។ ពួក​គេ​ក៏​លំបាក​ ឬ​មិន​ហ៊ាន​ប្រឈម​មុខ​ចំពោះ​សង្គម​មនុស្ស​ជា​ទូទៅ​ នៅ​ពេល​ដែល​ខ្លួន​អស់​តំណែង អស់​តួនាទី​ និង​អស់​បុណ្យ​សក្តិ។ អ្នក​ដែល​ធ្លាប់​តែ​ពាក្យ​អាវ​ធំ​ ហ៊ឺហា ជាប់​ជា​ទម្លាប់ នៅ​ពេល​ប្តូរ​អាវ​សាមញ្ញ​ធម្មតា ក៏​ទំនង​ជា​ចេះ​តែ​មិន​ស្រណុក​ចិត្ត ក៏​អាច​ថា​បាន​។​

មូលហេតុ​ទី​២ គឺ​អាច​មក​ពី​កៅអី​ ដែល​ខ្លួន​កំពុង​អង្គុយ​នោះ ជា​កន្លែង​ខ្លាញ់។ មិន​ត្រឹមតែ​រក​ក្រៅ​បាន តែ​ក៏​ទំនង​ជា​ថែម​ទាំង​អាច​មាន​ឥទ្ធិពល​ជួយ​យិតយោង​ជ្រោម​ជ្រែង​ក្រុម​គ្រួសារ​ កូន​ប្រពន្ធ និង​បងប្អូន​ជិត​ឆ្ងាយ​បាន​ផង​ដែរ។​

មូលហេតុ​ទី​៣ គឺ​មិន​ទាន់​មាន​អ្នក​ធ្វើ​ជា​គំរូ​ច្រើន​។ គេ​សង្កេត​ឃើញថា មន្ត្រី​ចាស់ និង​មាន​តំ​ណែង​ធំ​ៗ​ភាគ​ច្រើន​ មិន​សូវ​ជា​ប្រកាស​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​ ដើម្បី​ចូល​និវត្តន៍​នៅ​ឡើយ​ទេ​។ លើស​ពី​នេះ គេ​កត់​សម្គាល់​ដែរ​ថា មន្ត្រី​បច្ចេក​ទេស​ ដែល​អាយុ​ច្រើន និង​ដល់​ពេល​ចូល​និវត្តន៍​ទៅ​ហើយ គឺ​មាន​តែ​ប្រែ​ខ្លួន​ទៅ​ជា​មន្ត្រី​ ឬ​អ្នក​នយោបាយ​តែ​ម្តង ដើម្បី​អាច​នៅ​កាន់​តួនាទី​កាន់​តែ​យូរ។​ ការ​មិនសូវ​មាន​មន្ត្រី​អ្នក​ធំៗ​ធ្វើ​ជា​គំរូ​ច្រើន នៅ​ក្នុង​ការ​ចង់​ចូល​និវត្តន៍​នេះ​ហើយ​ គឺ​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ៗ​មើល​បំណាំ​តាម​ផង​ដែរ។​

ចំណុច​ទី៤ ដែល​សំខាន់​មួយ​ទៀត គឺ​មក​ពី​ប្រព័ន្ធ​ការពារ​សង្គម ឬ​ប្រព័ន្ធ​សន្តិសុខ​សង្គម​ សម្រាប់​មនុស្ស​ចាស់​ជរា​ ដែល​នៅ​មិន​ទាន់​មាន​ភាព​មាំទាំ​នៅ​ឡើយ​។ ការណ៍​នេះ ធ្វើ​ឲ្យ​មន្ត្រី​ចាស់ មិន​ចង់​រស់នៅ​ក្នុង​ភាព​រងា​ឯកោ គ្រា​ដែល​ខ្លួន​ចូល​និវត្តន៍ អស់​តំណែង​តួនាទី​ទៅ​។

ដូច្នេះ ដើម្បី​ចាក់​បញ្ចូល​ចរន្ត​ឈាម​ថ្មី​ទៅ​ក្នុង​ម៉ាស៊ីន​ដឹក​នាំ​សង្គម គឺ​ទាល់​តែ​មន្ត្រី​ចាស់​ៗ ស្ម័គ្រ​ចិត្ត​ យល់ព្រម​ចូល​និវត្តន៍​តាម​ពេល​វេលា​ដែល​បាន​កំណត់​។ ទុក​ភារៈកិច្ច​ឲ្យ​យុវជន​ក្មេង​ៗ​ដែល​មានកម្លាំង​​ថាម​ពល មាន​សមត្ថភាព និង​ចំណេះ​ដឹង​ត្រឹមត្រូវ ដើរ​តួ​ជា​ចរន្ត​គំនិត​ថ្មី​សម្រាប់​​ផ្លាស់​វេន។ ​​ចំណែក​មន្ត្រីចាស់ៗ​ ដែល​មាន​បទពិសោធ និង​ទស្សនៈ​សម្បូរ​បែប ទូលំ​ទូលាយ​ គួរ​តែ​នៅ​ធ្វើ​ជា​ទី​ប្រឹក្សា​ពីក្រោយ​ ដើម្បី​ជួយ​តម្រង់​ទិស​វិញ​។ នោះ​គឺ​ជា​ការ​ប្រសើរ។​

ត្រង់​នេះ អ្នក​នយោបាយ​ និង​មន្ត្រី​ជាន់​ខ្ពស់ ដែល​ចាស់​វស្សា គួរ​តែ​ចាប់​ផ្តើម​បង្ហាញ​គំរូ​មុន​គេ ក្នុង​ការ​លុប​បំបាត់​វប្បធម៌​ក្រាញ​អំណាច​។

ថែម​ពី​នេះ ប្រព័ន្ធ​សំណាញ់​សន្តិសុខ​សង្គម សម្រាប់​គិត​គូរ​ដល់​មនុស្ស​ចាស់ និង​ពលរដ្ឋ​ទូទៅ គួរ​តែ​រៀបចំ​ឲ្យ​បាន​មាំទាំ ទើប​មនុស្ស​ចាស់ ឬ​មន្ត្រី​អាយុ​ច្រើន មិន​សូវ​ភ័យ​ព្រួយ​នា​ពេល​ចូល​និវត្តន៍ ហើយ​អាច​ទុក​កៅអី​ឲ្យ​អ្នក​បន្ត​វេន​ដោយ​ស្ងប់​ចិត្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ