កម្ពជា

១សប្តាហ៍​៖ ​ប៉ូលីស​​ចរាចរណ៍​​រក​​ឃើញ​​យានយន្ត​​ល្មើស​​ជាង​៤ម៉ឺន​គ្រឿង​​​ និង​​ពិន័យ​​បាន​​ជាង​៤០០​លាន​​រៀល​

លោកគៀត ច័ន្ទថារិទ្ធ(ឆ្វេង) អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ
លោកគៀត ច័ន្ទថារិទ្ធ(ឆ្វេង) អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ @siv channa

នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​ដំបូង​នៃ​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី ពោល គឺ​ចាប់​ថ្ងៃទី០១ មករា ដល់​ថ្ងៃទី០៧ មករា ម្សិលមិញ​នេះ នរគ​បាល​ចរាចរណ៍​ផ្លូវគោក បាន​ត្រួតពិនិត្យ​យានយន្ត​ល្មើសច្បាប់​ចំនួន​ជាង៤ម៉ឺន​គ្រឿង​នៅ​ទូទាំងប្រទេស​កម្ពុជា តែ​ផាកពិន័យ​បានតែ​ជាង​ពាក់​កណ្តាល​ប៉ុណ្ណោះ។ ពាក់កណ្តាល​នេះ គឺ​ផាក​បាន​ទឹកប្រាក់​ជាង៤០០លាន​រៀល។

ផ្សាយពាណិជ្ជកម្ម

លោក​គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ព្រឹក​ថ្ងៃទី០៨ មករា ថា នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​រកឃើញ​យានយន្ត​ល្មើសច្បាប់​ចំនួន​ជាង៤ម៉ឺន៥ពាន់២រយ​គ្រឿង(45,280គ្រឿង ) ក្នុងនោះ​ម៉ូតូ​មាន​ចំនួន​ប្រមាណ៥៣,៥៩ភាគរយ។ ក៏ប៉ុន្តែ​ការផាកពិន័យ បានធ្វើ​ឡើង​តែ​លើ​យានយន្ត​ចំនួន​ជាង២ម៉ឺន៤ពាន់​គ្រឿង(២៤១២១គ្រឿង)ប៉ុណ្ណោះ ហើយ​សល់​ពីនេះ គឺ​នគរ​ចរាចរណ៍ផ្លូវគោកបាន​អប់រំ និង ពន្យល់​ពួកគេ​ឲ្យយល់ដឹងពីច្បាប់​ចរាចរណ៍​ថ្មី។ បើតាម​អ្នកនាំពាក្យ​ដដែល យានយន្ត​​ដែល​ល្មើសគឺភាគច្រើនខុស​លក្ខណៈ​បច្ចេកទេស។

ចំពោះ​ការផាកពិន័យ​លើ​យានយន្ត​ទាំង​ជាង២ម៉ឺន​គ្រឿង​នេះ នគរបាល​ចរាចរណ៍​បានទទួល​ជា​ទឹកប្រាក់​ចំនួន​ជាង៤០០លាន​រៀល ដោយ​អ្នក​ត្រូវ​ផាក​បាន​ទៅ​បង់ប្រាក់​ពិន័យ​តាម​ករណី​ខុសរៀងៗខ្លួនចំនួន៧៨,៩៨ភាគរយ។ នេះ​បានធ្វើ​ឲ្យ​លោក​គៀត ច័ន្ទ​ថា​រិ​ទ្ធ ចាត់ទុកថា ប្រជាពលរដ្ឋ​ជាច្រើន​លើសលប់បាន​គាំទ្រ និង បាន​ចូលរួម​អនុវត្ត​ជាមួយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី។

ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជាស​ម្រេច​ដាក់​ឲ្យ​អនុវត្ត​កាលពី​ថ្ងៃទី០១ ខែមករា ដើមឆ្នាំ២០១៦នេះ ក្នុង​គោលបំណង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតមាន​ឥតឈប់ឈ​នៅក្នុង​ប្រទេស​កម្ពុជា។ ជាមួយនឹង​ការចាប់​អនុវត្ត​ដែល​ទើបតែបាន​មួយ​សប្តាហ៍ប៉ុណ្ណោះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិបានកត់សម្គាល់ឃើញថា អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ចំនួន១៩លើក ស្មើ២១ ភាគរយ​បើ​ធៀប​នឹង​មួយ​សប្តាហ៍​មុន​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី។ ក្នុង​នោះ ចំនួន​អ្នកស្លាប់​បាន​ថយចុះ១២នាក់​ស្មើ២៦ភាគរយ។

បើទោះបី​ច្បាប់​ចរាចរណ៍ថ្មី​ត្រូវបានគេទទួលស្គាល់​ថា មាន​ភាពល្អ​គ្រប់គ្រាន់​ក្នុងការ​ឈាន​ទៅរក​ការកាត់បន្ថយ​អត្រាគ្រោះថ្នាក់​ចរាចរណ៍​ក៏ដោយ ក៏ប៉ុន្តែ​ការចាប់​អនុវត្ត​ដំបូង​បាន​រង​ប្រតិកម្មខ្លះៗពី​ពលរដ្ឋ​មួយចំនួន។ ចំពោះមុខ​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្អាក​ការត្រួតពិនិត្យ និង ផាកពិន័យ​លើ​យានយន្ត​មួយចំនួន ដូចជា យានយន្ត​ដែល​មិនទាន់មាន​ឯកសារ​កាត់ឈ្មោះយានយន្ត​ដែល​មិនទាន់មាន​ឯកសារ​ឈៀក ឯកសារ​ធ្វើ​អាជីវកម្ម​យាន​យន្ត​ដែល​មិនទាន់មាន​ប័ណ្ណ​សម្គាល់ (កាត​គ្រី)​ និងយានយន្ត​ដែល​មិន​ទាន់​មាន​​ប័ណ្ណ​បើកបរ។

លោក​គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិបាន​គូសបញ្ជាក់ថា នគរបាល​ចរាចរ​ណ៍ផ្លូវគោក​នឹង​បង្កើន​ការផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ថ្មី​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ និង បោះ​ខិត​បណ្ណ​អប់រំ​បន្ថែមទៀត ហើយ​យុទ្ធ​ធានា​ការ​នេះ​នឹង​ចាប់ផ្តើម​ពី​ខែកក្កដាខាងមុខនេះ​តទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI