សកម្មជនអតីតបក្សប្រឆាំង៥រូបចូលបំភ្លឺនៅតុលាការថ្ងៃនេះ ខណៈ២១នាក់ទៀតត្រូវចូលនៅថ្ងៃបន្តបន្ទាប់
ចុះផ្សាយនៅថ្ងៃ៖
ដូចការកំណត់របស់តុលាការខេត្តបាត់ដំបង នៅថ្ងៃពុធនេះ គឺមានសកម្មជនអតីតគណបក្សប្រឆាំងចំនួន៥រូប ក្នុងចំណោម២៦រូបត្រូវចូលខ្លួនទៅបំភ្លឺ ក្រោមការចោទប្រកាន់ថា «ប្រឆាំងនឹងសាលដីកាតុលាការកំពូល»ដែលរំលាយគណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៧។ បើទោះជាតុលាការមិនទាន់សម្រេចយ៉ាងណាចំពោះជោគវាសនារបស់សកម្មជនទាំងនោះក៏ដោយ ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សបានទទួចឲ្យអាជ្ញាធរកម្ពុជា បញ្ចប់យុទ្ធនាការបៀតបៀនដែលមិនសមហេតុផលទៅលើសកម្មជនអតីតបក្សប្រឆាំងទាំងនោះ។
នៅថ្ងៃពុធ គឺមានអតីតមេឃុំ ចៅសង្កាត់ និងអតីតក្រុមប្រឹក្សារបស់អតីតគណបក្សសង្រ្គោះជាតិចំនួន៣រូបបានចូលបំភ្លឺតាមការកំណត់ មាន លោក តុន សាម៉ន លោក រឿន កែម និងលោក សម វង្សដារា ខណៈមន្រ្តី២រូបផ្សេងទៀត ត្រូវចូលបំភ្លឺនាពេលរសៀល។ នៅគ្រានោះក៏មានអ្នកគាំទ្រជាង៦០នាក់បានប្រមូលផ្តុំគ្នានៅក្រៅតុលាការផងដែរ។
តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី៨ខែឧសភា អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានទទួចថាអាជ្ញាធរកម្ពុជាគួរតែបញ្ឈប់ការយាយីអតីតសមាជិកគណបក្សប្រឆាំងតាមផ្លូវតុលាការ។ លោក Brad Adams នាយកប្រចាំតំបន់អាស៊ីនៃអង្គការនេះ បាននិយាយថា "រដ្ឋាភិបាលកម្ពុជាបន្តធ្វើទុក្ខបុកម្នេញលើមន្ត្រីបក្សប្រឆាំងជាច្រើនដោយប្រើតុលាការនិងគំរាមកំហែងពួកគេដោយចាប់ដាក់គុកបន្ទាប់ពីគណបក្សប្រឆាំងដ៏សំខាន់ត្រូវបានរំលាយដោយអយុត្តិធម៌"។
បើទោះជាបែបនេះក្តី រដ្ឋាភិបាលគួរបញ្ចប់យុទ្ធនាការបៀតបៀននយោបាយភ្លាមៗទៅលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិនិងទម្លាក់ចោលរឿងក្តីចុងក្រោយនេះ ដែល លោក Brad Adams ចាត់ទុកថា ធ្វើឡើង«មិនសមហេតុផល»។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។
គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃ០៨ឧសភា គឺមានអតីតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សាស្រុក ខណ្ឌនិងខេត្តនៃអតីតគណបក្សសង្គ្រោះជាតិនៅខេត្តបាត់តំបងចំនួន២៦រូបហើយ ត្រូវបានតុលាការខេត្តនេះចេញដីកាកោះហៅឲ្យចូលបំភ្លឺជាបន្តបន្ទាប់គ្នាចាប់ពីថ្ងៃទី៨ខែឧសភាដល់ចុងខែនេះ។
បើតាមដីការបស់តុលាការខេត្តបាត់ដំបង ការកោះហៅសកម្មជនអតីតគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់២៦នាក់ ក្នុងនោះក៏ស្រ្តីម្នាក់ទើបឆ្លងទន្លេបាន៣ខែផងដែរ(បើតាម លោកស្រី មូរ សុខហួរ) ឲ្យចូលបំភ្លឺក្នុងសំណុំរឿងប្រឆាំងសាលដីកាតុលាការកំពូល។ តុលាការកំពូលដែលបានរំលាយគណបក្សសង្រ្គោះជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៧ មុនពេលបោះឆ្នោតថ្នាក់ជាតិថ្ងៃ២៩កក្កដាឆ្នាំ២០១៨៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ