កម្ពុជា

គណបក្ស​ប្រឆាំង​ទៅមើល​ព្រំដែន​ខ្មែរ-វៀតណាម​នៅ​កំពង់ចាម

បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅតែ​ជា​សមរភូមិ​ក្តៅគគុក​រវាង​រដ្ឋាភិបាល​ និង​បក្ស​ប្រឆាំង
បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅតែ​ជា​សមរភូមិ​ក្តៅគគុក​រវាង​រដ្ឋាភិបាល​ និង​បក្ស​ប្រឆាំង ©វណ្ណារ៉ា/RFI

តំណាងរាស្ត្រ​របស់​គណបក្ស​សម រង្ស៊ី ​គ្រោង​ចេញ​ដំណើរ​ នៅ​ថ្ងៃ​ពុធ​ស្អែក ​ទៅ​ស្រុក​ពញាក្រែក​ ខេត្ត​កំពង់ចាម​ ដើម្បី​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម​មួយ​ចំនួន​នៅ​ទី​នោះ។ មន្ត្រី​រដ្ឋាភិបាល​បាន​អត្ថាធិប្បាយ​ថា​ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​កំពុង​បង្ក​វិទ្ធង្សនា ញុះញង់​ប្រជាពល​រដ្ឋ​អោយ​ប្រឆាំង​រដ្ឋាភិបាល។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ

តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី ​មួយ​ក្រុម​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​ពញាក្រែក​ ខេត្ត​កំពង់ចាម​ នៅ​ថ្ងៃ​ពុធ​ស្អែក ដើម្បី​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​លេខ​១២៥ ១២៦ ១២៧ និង​១២៨។ តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ មណ្ឌល​កំពង់ចាម លោក ម៉ៅ មុនីវណ្ណ​ បាន​ថ្លែង​អោយ​ដឹង​ថា ការ​ដែល​ក្រុម​តំណាងរាស្ត្រ​របស់​លោក​ចុះ​ទៅ​មើល​ព្រំដែន​កម្ពុជា-​វៀតណាម ​ក្នុង​ខេត្ត​កំពង់ចាម​នេះ គឺ​ដោយសារ​លោក​ទទួល​បាន​ព័ត៌មាន និង​ការ​ប្តឹងផ្តល់​ពី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ពញាក្រែក​នោះ​អំពី​ការ​បាត់បង់​ចំណែក​ដី​ចូល​ទៅ​ខាង​ប្រទេស​វៀតណាម បន្ទាប់​ពី​ការ​បោះបង្គោល​ព្រំដែន។ លោក ម៉ៅ មុនីវណ្ណ ​បាន​បន្ត​ថា ដំណើរ​ចុះ​ទៅ​ខេត្ត​កំពង់ចាម​នេះ គ្រាន់​តែ​ជា​ការ​ចុះ​ជួប​ប្រជាពលរដ្ឋ ក្នុង​នាម​ជា​អ្នកតំណាងរាស្ត្រ​ ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង និង​ប្រមូល​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការ​អះអាង​របស់​ប្រជាពលរដ្ឋ។

លោក ទិត សុធា​ អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​របស់​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​បញ្ចេញ​ប្រតិកម្ម​ទៅលើ​ដំណើរ​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ ថា ជា​សកម្មភាព​បង្ក​វិទ្ធង្សនា និង​ញុះញង់​ប្រជាពលរដ្ឋ​​អោយ​ប្រឆាំង​រដ្ឋាភិបាល។ សម្រាប់​លោក​ទិត សុធា នេះ​គឺ​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ។

លោក​ម៉ៅ មុនីវណ្ណ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ការ​ប្រមូល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ច្បាស់លាស់​ហើយ ក្នុង​ករណី​ថា ​មាន​ការ​បាត់បង់​បូរណភាព​ទឹកដី​មែន​នោះ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ នឹង​សរសេរ​លិខិត​ជូនដំណឹង​ទៅ​ប្រធាន​រដ្ឋសភា​ ដើម្បី​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​ជា​ផ្លូវការ​ម្តង​ទៀត។

មិន​ខ្វល់​ថា ដំណើរ​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ នៅ​ថ្ងៃ​ស្អែក​​នេះ ធ្វើ​ឡើង​ក្នុង​នាម​ជា​អ្នក​តំណាងរាស្ត្រ​ទៅ​ជួប​ប្រជាពលរដ្ឋ​នោះ​ទេ ​លោក​ទិត សុធា​ បាន​ព្រមាន​ថា ប្រសិន​បើ​មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ​ទៅ​លើ​ក្រុម​អ្នក​តំណាងរាស្ត្រ​មែននោះ នោះ​គឺ​គ្រាន់​តែ​ជា​​ការ​អនុវត្តន៍​ច្បាប់​តែ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា នេះ​គឺ​ជា​ខេត្ត​ទី​៣​ហើយ បន្ទាប់​ពី​ខេត្ត​ស្វាយរៀង និង​តាកែវ ​ដែល​តំណាងរាស្ត្រ​គណបក្សសម រង្ស៊ី ​បាន​សម្តែង​ការ​សង្ស័យ និង​ចោទប្រកាន់​ថា មាន​ការ​បាត់បង់​ទឹកដី​កម្ពុជា​ទៅ​អោយ​​ប្រទេស​វៀតណាម នៅក្នុងដំណើរការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI