អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សិក្ខាសាលា​ពី​សេចក្ដី​ព្រាង​ច្បាប់​អង្គការ មាន​ន័យ​យ៉ាង​ណា​ចំពោះ​សង្គ​មស៊ីវិល​?

សំឡេង ០៤:២៩
ពលរដ្ឋ​ប្រឆាំង​តវ៉ា ​នៅ​មុខ​រដ្ឋសភា​ ចំពោះ​ច្បាប់​សហជីព​ សមាគម​ និង​អង្គការ​
ពលរដ្ឋ​ប្រឆាំង​តវ៉ា ​នៅ​មុខ​រដ្ឋសភា​ ចំពោះ​ច្បាប់​សហជីព​ សមាគម​ និង​អង្គការ​ RFI/ Siv Channa
ដោយ៖ អ៊ឹម រចនា

នៅ​ទី​បំផុត រដ្ឋសភា​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​១០​ខែ​កក្កដា ដើម្បី​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ សិក្ខាសាលា​​នេះ គឺ​ជា​អ្វី​ដែលសង្គម​ស៊ីវិល​ធ្លាប់​ទទូច​ទាមទារ​ចង់​បាន។ សម្រាប់​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល តើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដី​ពី​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​នេះ មាន​ន័យ​យ៉ាង​ណា?

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩​ខែ​មិថុនា លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា​ជាតិ បាន​គូស​បញ្ជាក់​ថា រដ្ឋសភា​នឹង​រៀប​ចំ​ធ្វើ​សិក្ខាសាលា​មួយ នៅ​ថ្ងៃ​ទី​១០​ខែ​កក្កដា។ ជា​សិក្ខាសាលា​ដែល​ធ្វើ​ឡើង​ដើម្បី​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ បើ​តាម​រដ្ឋសភា សិក្ខាសាលា​នៅ​ថ្ងៃ​ទី​១០​កក្កដា​នោះ នឹង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា អង្គការ​ជាតិ អង្គការ​អន្ដរជាតិ តំណាង​ក្រសួង​ពាក់ព័ន្ធ រដ្ឋសភា និង​ព្រឹទ្ធសភា។

មែន​ទែន​ទៅ សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​ជា​អ្វីដែល​សង្គម​ស៊ីវិល​ធ្លាប់​ទទូច​ទាមទារ​ចង់​បាន​។ ចាប់​តាំង​ពី​លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន បង្ហើប​ពី​ការ​គម្រោង​អនុម័ត​សេចក្ដីព្រាង​ច្បាប់​នេះ នៅ​​ខែ​មេសា​កន្លង​ទៅ​ សង្គម​ស៊ីវិល​បាន​ទាមទារ​ឲ្យបើក​បង្ហាញ​ពី​ពង្រាង​ចុង​ក្រោយ និង​ជា​ពិសេស ទាមទារ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​។ សង្គម​ស៊ីវិល​ចាត់​ទុក​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​លក្ខណៈ​រឹត​ត្បឹត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល មិន​ឲ្យ​ធ្វើ​សកម្មភាព​ទូលំទូលាយ​។ និង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​សង្គម​ស៊ីវិល ត្រូវ​ការ​ការ​ពិគ្រោះ​យោបល់ និង​កែ​លម្អ​ជា​មុន​សិន មុន​នឹង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​ជា​ផ្លូវ​ការ​។

យ៉ាង​ណា​ក៏​ដោយ ការ​ពិគ្រោះ​យោបល់​មិន​ត្រូវ​បាន​​រៀបចំ​ឡើង​ទេ​។ គណៈរដ្ឋមន្ដ្រី​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​ដ៏​ចម្រូង​ចម្រាស់​នេះ និង​បាន​បញ្ជូន​បន្ត​ទៅ​កាន់​រដ្ឋសភា​។ ប៉ុន្តែ​មុន​នឹង​បញ្ជូន​ទៅ រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​មាត្រា​ចំនួន​២ និង​កែ​សម្រួល​មាត្រា​ចំនួន​២​ផ្សេង​ទៀត​។ កំណែ​ប្រែ​ចុង​ក្រោយ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ គឺ​មិន​ចាំ​បាច់​តម្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្ដរជាតិ ចុះ​បញ្ជី​ឡើង​វិញ​នៅ​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​ការ​បរទេស​ទៀត​នោះ​ទេ​។ មាន​ន័យ​ថា អង្គការ​សង្គម​ស៊ីវិល​និង​អន្ដរជាតិ​ជាង​៤​ពាន់ ដែល​ចុះ​បញ្ជីរួច​រាល់​នៅ​ក្រសួង​ទាំង​ពីរ អាច​បំពេញ​បេសកកម្ម​ការងារ​របស់​ខ្លួន​ដដែល​។

ចំណែក​ឯ​លក្ខខណ្ឌ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្ដរជាតិ​ថ្មី ដែល​មាន​បំណង​មក​បំពេញ​បេសកកម្ម​ការងារ​នៅ​កម្ពុជា ក៏​មិន​មាន​ភាព​ស្មុគស្មាញ​ដូច​មុន​ដែរ​។ ដោយ​ចំពោះ​មាត្រា​ដែល​បាន​ចែង​ពី​ការ​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សង្គម​ស៊ីវិល​វិញ ក៏​មិន​តម្រូវ​ឲ្យ​ធ្វើ​របាយការណ៍​មក​កាន់​ក្រសួង​មហាផ្ទៃ​ទៀត​ដែរ​។ ក្រសួង​មហាផ្ទៃ​គ្រាន់​តែ​ស្នើ​សុំ​ច្បាប់​ចម្លង​មួយ នៃ​របាយការណ៍​ប្រចាំ​ឆ្នាំ ដែល​អង្គការ​ទាំង​នោះ​ផ្ញើ​ទៅ​កាន់​ប្រទេស​ម្ចាស់​ជំនួយ​តែ​ប៉ុណ្ណោះ​។

ការ​កែ​ប្រែ​ថ្មី​នេះ ថ្វី​ត្បិត​តែ​ទទួល​បាន​ការ​អបអរ​សាទរ ក៏​ប៉ុន្តែ​សង្គម​ស៊ីវិល​នៅ​តែ​ព្រួយ​បារម្ភ អំពី​ការ​ចូល​រួម​របស់​យុវជន​នៅ​ក្នុង​កិច្ច​ការងារ​សង្គម​។ ព្រោះ​បើ​តាម​សង្គម​ស៊ីវិល សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​ គឺ​តម្រូវ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​អង្គការ​និង​សមាគម​ថ្មី ដែល​វា​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​យុវជន​មាន​លទ្ធភាព​បង្កើត​សមាគម​និង​អង្គការ​ដោយ​សេរី​នោះ​ទេ​។ ការ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​និង​សកម្មភាព​ប្រចាំ​ឆ្នាំ​ផ្ញើ​ឲ្យ​រដ្ឋាភិបាល ក៏​ត្រូវ​បាន​សង្គម​ស៊ីវិល​បរិហារ​ថា ជា​ការ​បង្អាក់​សកម្មភាព​ការងារ​របស់​ខ្លួន​ផង​ដែរ​។

សម្រាប់​អង្គការ​សង្គម​ស៊ីវិល ទាំង​ជាតិ​និង​អន្ដរជាតិ ការ​ពិភាក្សា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​ដ៏​ចម្រូង​ចម្រាស់​នេះ គឺ​ចាំ​បាច់​ណាស់​។ ដោយ​ឡែក គម្រោង​របស់​រដ្ឋសភា​ជាតិ ដែល​នឹង​រៀបចំ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ ដោយ​មាន​​ការ​ចូល​រួម​ពី​សំណាក់​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត គឺ​ជា​ការ​បោះ​ជំហាន​ទៅ​មុខ​គួរ​ឲ្យ​អបអរ​។

ប៉ុន្តែ ប្រសិន​បើ​សិក្ខាសាលា​ពិគ្រោះ​យោបល់ បើក​ធ្វើ​ឡើង​គ្រាន់​តែ​បង្គ្រប់​កិច្ច នោះ​វា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ​សម្រាប់​ការ​តស៊ូ​មតិ​ដ៏​ស្វិតស្វាញ​របស់​អង្គការ​សង្គម​ស៊ីវិល​។ រដ្ឋសភា​ត្រូវ​តែ​ពិចារណា​ឡើង​វិញ ធ្វើ​យ៉ាង​ណា​ឲ្យ​សិក្ខាសាលា​នោះ មាន​ការ​ពិភាក្សា​ពិគ្រោះ​យោបល់​​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដោយ​មាន​ការ​ជជែក​វែក​ញែក​​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ជា​ពិសេស​សង្គម​ស៊ីវិល។ សម្រាប់​សេក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់ និង​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាប់​ពាន់​នៅ​កម្ពុជា ការ​ពិគ្រោះ​យោបល់​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​តម្លាភាព សមភាព និង​យុត្តិធម៌​ជា​ទី​បំផុត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ