អង្គការអន្តរជាតិចំនួន៣២ ផ្ញើលិខិតជូនលោកហេង សំរិន រឿងច្បាប់អង្គការ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គការអន្តរជាតិចំនួន៣២នៅក្នុងសប្តាហ៍នេះ បានផ្ញើលិខិតចំហរមួយទៅកាន់លោកហេង សំរិនប្រធានរដ្ឋសភាកម្ពុជា។ ជាលិខិតដែលបានរិះគន់សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាកំពុងពិនិត្យ និងពិភាក្សា។ អង្គការអន្តរជាតិបានបញ្ជាក់ថា ច្បាប់នេះគឺរំលោភសន្ធិសញ្ញាអន្តរជាតិ។
ឥឡូវនេះដល់វេនអង្គការអន្តរជាតិម្តងហើយ ដែលបានចេញមុខរិះគន់ត្រង់ៗលើសេចក្តីព្រាងច្បាប់អង្គការ និងសមាគមនៅកម្ពុជា។ ក្នុងលិខិតផ្ញើជូនប្រធានរដ្ឋសភា អង្គការអន្តរជាតិទាំង៣២ បានបញ្ជាក់ថា ក្រៅពីបានរំលោភលើរដ្ឋធម្មនុញ្ញរបស់កម្ពុជាខ្លួនឯង សេចក្តីព្រាងច្បាប់ដែលគណៈកម្មការជំនាញរបស់រដ្ឋសភាកំពុងពិនិត្យនេះ គឺរិតត្បិតទៅលើសកម្មភាពស្របច្បាប់របស់អង្គការសង្គមស៊ីវិល និងបានប៉ះពាល់ទៅដល់សិទ្ធសេរីភាពនៃការបញ្ចេញមតិ រួមទាំងសិទ្ធទាំងឡាយដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ ខណៈដែលកម្ពុជាជាប្រទេសហត្ថលេខី។
អង្គការទាំងនោះបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះបានរើសអើងបុគ្គលដែលត្រូវដឹកនាំអង្គការ ដែលតម្រូវឱ្យមានសញ្ជាតិជាកម្ពុជា ហើយក្រៅពីនោះ ក៏មាននិតិវិធីធ្វើការរវាងក្រសួងការបរទេសកម្ពុជា ក្រសួងមហាផ្ទៃ និងអង្គការអន្តរជាតិដែលធ្វើការនៅកម្ពុជា។ អង្គការទាំងនោះរួមមាន អង្គការ អាក់ស៊ិនអេដ (Actionaid ) អង្គការឃែរ (care)របស់ជប៉ុន រួមទាំងអង្គការផ្សេងៗទៀតដែលមានដៃគូរធ្វើការនៅក្នុងទឹកដីកម្ពុជា។
វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានបញ្ជេញរបាយការណ៍ថា គិតត្រឹមឆ្នាំ២០១២ អង្គការសង្គមស៊ីវិលនៅកម្ពុជាបានផ្តល់ការងារដល់មនុស្សប្រមាណជាង៤ម៉ឺន៣ពាន់នាក់ដែលកំពុងបំពេញគម្រោងចំនួន៤ពាន់នៅកម្ពុជាដែលមានទឹកប្រាក់ប្រមាណចំនួនប្រមាណពី៦០០ទៅ៧០០លានដុល្លារអាមេរិក។
ក្រៅពីអង្គការអន្តរជាតិនោះ អង្គការសង្គមស៊ីវិលនៅក្នុងស្រុក ក៏បានប្រកាសប្រឆាំងនឹងច្បាប់សង្គមស៊ីវិលយ៉ាងដាច់ខាតហើយកាលពីថ្ងៃម្សិលមិញនេះទៀត អង្គការសង្គមស៊ីវិលបានប្រមូលផ្តុំធ្វើបាតុកម្ម និងបានប្រកាសព្រមានមិនបោះឆ្នោតឱ្យគណបក្សនយោបាយណាដែលបោះឆ្នោតគាំទ្រច្បាប់នេះថែមទៀតផង។ ដោយឡែកគណបក្សសង្គ្រោះជាតិ ក៏បានបង្ហាញគោលជំហររបស់ខ្លួនប្រឆាំងនឹងច្បាប់ថ្មីនេះផងដែរ។ សូមបញ្ជាក់ថា ច្បាប់ស្តីពីអង្គការសង្គមស៊ីវិលនេះត្រូវបានគណៈអចិន្ត្រៃយ៍របស់រដ្ឋសភាបានបញ្ជូនទៅកាន់គណៈកម្មការច្បាប់ និងនីតិកម្មរបស់រដ្ឋសភា បើទោះបីជាមានការប្រឆាំងយ៉ាងណាក៏ដោយ។ រដ្ឋសភាជាតិ បានបញ្ជាក់ថាច្បាប់ស្តីពីអង្គការសង្គមស៊ីវិលនេះ មិនអាចពន្យាពេលបាននោះទេ។
បើទោះបីជាមានការតវ៉ាពីសង្គមស៊ីវិលក្នុងស្រុក ហើយឥឡូវឈានដល់ការរិះគន់ពីអន្តរជាតិទៀតនោះ រដ្ឋាភិបាលកម្ពុជានៅតែអះអាងថាច្បាប់ដែលមាន៩ជំពូក និង៣៩មាត្រានេះ គឺការពារសិទ្ធស្របច្បាប់របស់អង្គការក្នុងសង្គមកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ