ការស្ទង់មតិ៖ ពលរដ្ឋច្រើនលើសលប់ចង់ឲ្យរក្សាទុកឯកសារពាក់ព័ន្ធខ្មែរក្រហម នៅពេលសាលាក្តីបិទទ្វារ
មជ្ឈមណ្ឌលឯកសារកម្ពុជាឬហៅកាត់ថា DC-Cam បានចេញរបាយការណ៍ស្ទង់មតិរបស់ខ្លួនមួយកាលពីថ្ងៃពុធ ដោយបង្ហាញថា ពលរដ្ឋប្រមាណ៩៦ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិចំនួន១៥០០នាក់ ចង់ឲ្យរក្សាទុកសំណុំឯកសារ និងនីតិវិធី ដែលសាលាក្តីខ្មែរក្រហមបានប្រើប្រាស់ក្នុងការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកន្លងមក។ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានគូសបញ្ជាក់ថា តាំងពីបើកទ្វារជាងមួយឆ្នាំមកនេះគឺ មានឯកសារជិត១ម៉ឺនឯកសារ ត្រូវទុករក្សាទុកនៅមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងសាលាក្តីខ្មែរក្រហម ដែលហៅកាត់ថាLCD។
ចុះផ្សាយនៅថ្ងៃ៖
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានគូសបញ្ជាក់ថា ការស្ទង់មតិនេះជាសិទ្ធិរបស់អង្គការមួយ តែមិនឆ្លុះបញ្ចាំងពីការពិតទេ ដោយសារតែមានសំណួរជាច្រើនជាសំណួរនាំមុខហើយពាក់ព័ន្ធតែលើមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បណ្ណាសារជាតិ បណ្ណាល័យ ហ៊ុន សែន និងកន្លែងផ្សេងទៀត។ ប៉ុន្តែភ្លេចលើកឡើង អំពីមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងសាលាក្តីខ្មែរក្រហម ដែលហៅកាត់ថាLCD។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យដដែល។
បើតាម លោក នេត្រ ភក្ត្រា តាំងពីបើកទ្វារជាងមួយឆ្នាំមកនេះ LCD ទទួលបានឯកសារជិត១ម៉ឺនឯកសារហើយ ដើម្បីទុកសម្រាប់សាធារណៈជនចូលទៅសិក្សាស្រាវជ្រាវ បន្ទាប់ពីមានការឯកភាពរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា។ ចំណែកអគារ និងសាលសវនាការរបស់សាលាក្តីខ្មែរក្រហម គឺជាផ្នែកមួយកាត់ចេញពីទីតាំងរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលតាមកិច្ចព្រមព្រៀងនឹងត្រូវប្រគល់ជូនទៅកងទ័ពវិញនៅពេលតុលាការបញ្ចប់ការងាររបស់ខ្លួន។ ប៉ុន្តែនៅពេលសួរថា តើគេអាចរក្សាទុកសាលសវនាការសម្រាប់ឲ្យសាធារណៈជនទៅទស្សនាដែរឬទេ? លោក ភក្ត្រា បានបញ្ជាក់ថា សាលាក្ដីកំពុងរង់ចាំការសម្រេចជាថ្មីរបស់រដ្ឋាភិបាល។
យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ផ្សាយកាលពីថ្ងៃពុធ គឺពលរដ្ឋប្រមាណ៩៦ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិ គិតថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរក្សាទុកសំណុំឯកសារនិងនីតិវិធីតុលាការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលហៅថាសាលាក្តីខ្មែរក្រហម។
ការស្ទង់មតិនេះ គឺធ្វើទៅលើមនុស្សចំនួនជាង១៥០០នាក់នៅក្នុងខេត្តក្រុងចំនួន ៥ គឺមាន ខេត្តព្រៃវែង កណ្តាល បាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ។
របាយការណ៍ស្ទង់មតិនេះក៏បានសង្កត់បន្ថែមថា ស្ថាប័នដែលរក្សាទុកឯកសាររបស់សាលាក្ដីខ្មែរក្រហម គឺត្រូវតែជាស្ថាប័នឯករាជ្យ អព្យាក្រឹត និងមិនត្រូវពាក់ព័ន្ធខាងនយោបាយឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ