កិច្ចព្រមព្រៀងចំនួន៦ត្រូវបានចុះហត្ថលេខារវាងកម្ពុជានិងចិនក្នុងដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបិទបញ្ចប់ទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ហើយមកដល់កម្ពុជាវិញនៅរសៀលថ្ងៃចន្ទនេះ។ ក្នុងរយៈពេល៥ថ្ងៃនៃដំណើរទស្សនកិច្ចនេះ គឺមានកិច្ចព្រមព្រៀងចំនួន៦ ត្រូវបានចុះហត្ថលេខាដោយសមភាគីកម្ពុជា និង ចិន ក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងទាំងនោះ គឺសុទ្ធសឹងតែពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសកម្ពុជានិងចិន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រោយពីជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃអាទិត្យ មេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៦ រួមមាន៖
ទី១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ។ ទី២៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ នៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ។ ទី៣៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ស្តីពីការនាំអង្ករកម្ពុជាចំនួន៤០ម៉ឺនតោន ចូលទីផ្សារចិន។ ទី៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្រោមយុទ្ធសាស្រ្តចតុកោណ និងគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ»។ ទី៥៖ ផែនការសកម្មភាព ស្តីពីការបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន និងទី៦៖ កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជាហិរញ្ញប្បទានឥតសំណង។
ក្រៅពីកិច្ចព្រមព្រៀងចំនួន៦ខាងលើនេះ ក៏មានកិច្ចព្រមព្រៀងចំនួន៣ទៀត ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែមេសា ដោយមន្រ្តីរដ្ឋាភិបាលកម្ពុជា និងតំណាងធនាគាររបស់ចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារចិន ជាមួយនឹងវិស័យទេសចរណ៍ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។
ទាក់ទងនឹងបញ្ហានយោបាយវិញ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា រដ្ឋាភិបាលចិនបានបង្ហាញជំហរយ៉ាងមុតមាំ ក្នុងការជួយដោះស្រាយគ្រប់បញ្ហារបស់កម្ពុជា ដែលកម្ពុជាជួបប្រទះ ដោយក្នុងនោះរួមមានទាំងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលសហភាពអឺរ៉ុបគ្រោងនឹងព្យួរផងដែរ។
បើតាម លោក វ៉ាន់ ហូនីង លេខាធិការនៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តចិន ភាគីចិនបានសិក្សាពីផលប៉ះពាល់នៃការដក EBA របស់សហភាពអឺរ៉ុបពីកម្ពុជារួចហើយ តែចិនយល់ថាមិនមានការប៉ះពាល់ធ្ងន់ធ្ងរទេ ហើយចិននឹងរិះរកវិធីផ្សេងៗជួយដល់កម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ