អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

២​ទសវត្ស​កន្លង​មក​នេះ ​ប្រាក់​ឈ្នួល​គោល​កម្មករ​កាត់ដេរ​កើន​ឡើង​ យឺត​ជាង​ថ្លៃ​ទំនិញ

សំឡេង ០៥:៣៥
ក្រុម​កម្មករ​​រាប់​​រយ​​នាក់ពា​ក់​​អាវ​​ពណ៌​​ផ្កាឈូក​​​បាន​​ជួប​ជុំ​​គ្នា​​នៅ​​ទីលាន​​ប្រជា​ធិបតេយ្យ​​ ​នៅ​​ក្នុង​​វេទិកា​​កម្មករ​​ និយាយ​​ពី​​ប្រាក់​​ខែ​​សមរម្យ​​។​
ក្រុម​កម្មករ​​រាប់​​រយ​​នាក់ពា​ក់​​អាវ​​ពណ៌​​ផ្កាឈូក​​​បាន​​ជួប​ជុំ​​គ្នា​​នៅ​​ទីលាន​​ប្រជា​ធិបតេយ្យ​​ ​នៅ​​ក្នុង​​វេទិកា​​កម្មករ​​ និយាយ​​ពី​​ប្រាក់​​ខែ​​សមរម្យ​​។​ RFI/ Siv Channa
ដោយ៖ ញឹម សុផល

ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា ត្រូវ​គេ​មើល​ឃើញ​ថា​នឹង​មិន​ងាយ​បញ្ចប់​ដោយ​ងាយ​ៗ​បាន​ទេ​ដរាបណា​បញ្ហា​សេដ្ឋកិច្ច​ និង​សង្គម​ នៅ​តែ​ចោទ​មក​លើ​កម្មករ។ ជា​គោលការណ៍​ ការ​តម្លើង​ប្រាក់​ខែ​គោល​ត្រូវ​គេ​ធ្វើ​ឡើង​តាម​យន្តការ​ត្រីភាគី​ ដោយ​ភាគី​សហជីព​បាន​ត្រៀម​សំណើរ​នូវ​តួលេខ​មួយ​ខ្ពស់​គួរសម​ ១៧៧ដុល្លារ ប្រសិន​បើ​មិន​មាន​តួលេខ​ថ្មី​ផ្សេង​ពី​នេះ។ តែ​ភាគី​និយោជក​ជានិច្ចកាល​តែង​អះអាង​ពី​លទ្ធភាព​របស់​ខ្លួន​ដែល​អាច​ផ្តល់​ឲ្យ។ ទោះ​យ៉ាង​នេះ​ក្តី​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ទាប​ជាង​ប្រទេស​នានា​ក្នុង​តំបន់​នៅ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​នៃ​វិស័យ​វាយនភ័ណ្ឌ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ ​ហើយ​មិន​ដឹង​ជា​ពេល​ណា​ទេ​ដែល​នឹង​ត្រូវ​បញ្ចប់​ ខណៈ​ដែល​វិស័យ​នេះ​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​២០​ឆ្នាំ​ទៅ​ហើយ​ក្តី។

កាល​ពី​ការ​កកើត​រោងចក្រ​កាត់​ដេរ​ដំបូង​នៅ​ពាក់​កណ្តាល​ទសវត្ស​ឆ្នាំ​៩០ ប្រាក់​ខែ​អប្បបរមា​កម្មករ​មាន​ប្រមាណ​ជា​២៥​ដុលា្លរ​ប៉ុណ្ណោះ ក្នុង​មួយ​ខែ។ ក៏​ប៉ុន្តែ​តម្លៃ​ទំនិញ​នៅ​ពេល​នោះ​ ក៏​នៅ​ទាប​មិន​ឡើង​ខ្ពស់​ដូច​ជា​បច្ចុប្បន្ន​នេះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ កម្មករ​ដែល​ចល័ត​មក​ពី​បណ្តា​ខេត្ត នៅ​តែ​មិន​អាច​ចាយ​រស់នៅ​ក្នុង​ទី​ប្រជុំជន​ទីក្រុង ។

កង្វះ​ខាត​នៅ​ក្នុង​ជីវភាព​រស់នៅ​ក្នុង​ក្រុង​ និង​ការ​ចង់​សន្សំ​ប្រាក់​កាស​ខ្លះ​ គ្រាន់​ផ្ញើ​ទៅ​ចិញ្ចឹម​ មនុស្ស​នៅ​ឯស្រុក​កំណើត​ រួមផ្សំ​នឹង​ការ​វិវត្ត​ផ្នែក​នយោបាយ​ផង​នោះ ការ​តវ៉ា​ប្រាក់​ឈ្នួល​ចេះ​តែ​មាន​សកម្មភាព​ឡើង​ឥត​ឈប់ឈរ។ រយៈពេល​២០​ឆ្នាំ​មក​នេះ​ ការ​ទាមទារ​ប្រាក់​ឈ្នួល​បាន​រត់​ប្រដេញ​គ្នា​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ បាន​ឡើង​ដល់​១២៨ដុល្លារ​ក្នុង​មួយ​ខែ ​ក៏​ប៉ុន្តែ​២​ទសវត្ស​កន្លង​ទៅ​ តម្លៃ​ទំនិញ​ក៏​បាន​ហក់​ឡើង​យ៉ាង​គំហុក​ផង​ដែរ​ ពោល​គឺ​រវាង​ប្រាក់​ឈ្នួល​និង​ទំនិញ​ទីផ្សារ​ប្រៀប​បាន​នឹង​ស្រមោល​អន្ទោល​តាម​ប្រាណ​ដូច្នេះ​ដែរ។

ការ​ទាមទារ​ដ៏​គំហុក​មួយ​គឺ​១៦០ដុល្លារ​ កាល​ពី​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៥​កន្លង​ទៅ​នេះ​ មិន​បាន​នាំ​មក​នូវ​ជោគជ័យ​ឡើយ​ក្រៅ​ពី​អ្នក​សហជីព​ កម្មករ ប្រឈម​នឹង​ការ​បង្ក្រាប​ ការ​ជាប់​បណ្តឹង​នានា ដែល​ប្តឹង​ដោយ​ថៅកែ​រោងចក្រ​កាត់ដេរ​និង​ដេរ​ស្បែក​ជើង។

ជា​ញឹកញយ​និយោជក​នៃ​វិស័យ​កាត់ដេរ តែង​ព្រមាន​ថា​ពួក​គេ​នឹង​ផ្លាស់​ប្តូរ ទីតាំង​វិនិយោគ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ដទៃ​ នៅ​ពេល​មាន​ការ​ទាមទារ​ទាក់ទង​ទៅនឹង​ការ​សុំឡើង​ប្រាក់​ខែ​ដោយ​ចំនួន​ច្រើន​ម្តង​ៗ។ រដ្ឋាភិបាល​ក៏​ដូច្នេះដែរ​ តែងតែ​បន្លាច​និង​បន្ទរ​ការ​ព្រួយ​បារម្ភ​នេះ​ ដោយ​សារ​តែ​វិស័យ​កាត់ដេរ​ជា​វិស័យ​ឆ្អឹង​ខ្នង​របស់​ប្រទេសជាតិ។

នៅ​ចុង​ក្រោយ​នេះ​ភាគី​និយោជក​បាន​ហៅ​តួលេខ​ដែល​លើក​ឡើង​ដោយ​ភាគី​សហជីព​ ១៧៧​ដុល្លារ ថា​ជា​តួលេខ​មួយ​ដែល​ខ្ពស់​ ហួស​ពី​លទ្ធភាព​ដែល​អាច​ផ្តល់​ជូន​បាន។ ក៏​ប៉ុន្តែ​យន្តការ​ត្រីភាគី​រួមមាន​ សហជីព និយោជក និង​រដ្ឋាភិបាល បាន​បង្វែរ​ទិស​នៃ​ការ​ទាមទារ​នេះ​ ទៅ​ជា​ការ​ជជែក​គ្នា​តម្លើង​តាម​ឆ្នាំ​នីមួយ​ៗ​វិញ ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជា​ពិសេស​និយោជក​ និង​និយោជិក ចាំ​បាច់​ត្រូវ​សិក្សា​ពី​ស្ថានភាព​សង្គម​ និង​សេដ្ឋកិច្ច ឲ្យ​បាន​ច្បាស់​លាស់។

នៅ​ក្នុង​ដំណើរ​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៦ គេ​ជឿ​ថា​នឹង​មិន​អាច​ទទួល​បាន​ដូចការ​រំពឹង​ទុក​របស់​ភាគី​ទាមទារ​ឡើយ ដោយសារ​ភាគី​និយោជក​តែង​ប្រកាន់​ជំហរ តាំង​ពី​ដើម​មក​គឺ​អាច​តម្លើង​បាន​យ៉ាង​ហោច​ណាស់​ត្រឹម​៥ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

ម្យ៉ាងទៀត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ទើប​តែ​ប្រកាស​នៅ​ក្នុង​ឱកាស​នៃ​ទិវា​អន្តរជាតិ​ស្តី​ពីការងារ​កន្លង​ទៅ​នេះ​ថា ​ប្រាក់ឈ្នួល​កម្មករ​ដល់​ឆ្នាំ​២០១៨​ ឯ​ណោះ​ទើប​អាច​ឡើង​បាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ។

ជាមួយ​គ្នា​នេះ​ ការ​តម្លើង​ប្រាក់​ខែ​ដល់​កម្មករ​ ដែល​មាន​ប្រមាណ​ជាង​៦០​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ក្រុម​សហជីព​ មួយ​ចំនួន​អះអាង​ថា​ អាច​ឡើង​ទៅ​បាន​នៅ​ក្នុង​កំរិត​មួយ​ទទួល​យក​បាន​ ស្រប​តាម​លក្ខខណ្ឌ​សេដ្ឋកិច្ច ​និង​សង្គម ប្រសិន​បើ​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​របស់​និយោជក​ត្រូវ​បាន​លុប​បំបាត់។ ទោះ​យ៉ាង​ណា​ក៏​ដោយ ​ការ​ចំណាយ​ទៅ​លើ​ប្រាក់ខែ​កម្មករ អាស្រ័យ​ផងដែរ​ទៅ​លើ​អ្នក​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា។

នៅ​ក្នុង​កាលៈទេសៈ​ដែល​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​ការ​កែ​ទម្រង់​នា​ពេល​នេះ​ គេ​សង្កេត​ឃើញ​ដូច​គ្នា​ដែរ ពី​ការ​កាត់​បន្ថយ​ចំណាយ​ក្រៅ​ផ្លូវការ ហើយ​សេវាកម្ម​ហាក់​ដូចកែ​សម្រួល​រហ័ស​ ជាង​មុន។

ដូច្នេះ​ដើម្បី​រួម​ចំណែក​ឲ្យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កម្ពុជា​មាន​លំនឹង​ ហើយ​ប្រាក់ឈ្នួល​អាច​ធានា​បាន​នូវ​ការ​រស់នៅ​សមរម្យ​របស់​កម្មករ​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ​ ទី១ គេ​គួរ​តែ​បញ្ចប់​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​នានា​ទាំង​ស្រុង។ ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ទោះ​តិច​ក្តី​ច្រើន​ក្តី​គឺ​ជា​ហេតុ​ផល​មួយ​ ដែល​និយោជក​មិន​អាច​តម្លើង​ប្រាក់​ឈ្នួល​ខ្ពស់​ដល់​កម្មករ​និយោជិក។

ទី២ រដ្ឋាភិបាល​គួរតែ​មាន​យន្តការ​ទប់ស្កាត់​បន្ថែម​ទៀត​នូវ​អតិផរណា​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ ជា​ពិសេស​ផ្ទះ​ជួល​ដែល​រត់​ដេញ​តាម​ការ​ឡើង​ប្រាក់​ឈ្នួល​កម្មករ​ជា​ដរាបមក។

ជា​សរុប​មក​វិស័យ​កាត់ដេរ ដែល​ជួយ​រក​ចំណូល​ដល់​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ​ប្រមាណ​ជា​៥​ពាន់​លាន​ដុល្លារ​នោះ​ នឹង​នៅ​មាន​ជំហរ​រឹងមាំ​នៅ​ឡើយ​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​មួយ​នេះ ដោយសារ​តែ​ស្ថានភាព​នៃ​ការ​ទាមទារ​ប្រាក់ឈ្នួល​គោល នៅ​មិន​ទាន់​ជះ​ឥទ្ធិពល​ខ្លាំង​នោះ​ទេ។

មួយ​វិញ​ទៀត​កំរិត​ប្រាក់​ខែ​កម្មករ​នៅ​ប្រទេស​កម្ពុជា​នៅ​ទាប​ជាង​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ ដូចជា​វៀតណាម ថៃ ឥណ្ឌូនេស៊ី ជាដើម។ គេ​អាច​និយាយ​ថា​នៅ​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​នៅ​តែ​មាន​បញ្ហា​ចោទ​មក​លើ​ការ​រស់នៅ​របស់​កម្មករ នោះ​ការ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​នឹង​មិន​អាច​បញ្ចប់​ទៅ​បាន​ទេ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ