កម្មកររោងចក្រប្រមាណ២០០នាក់ តវ៉ារឿងរោងចក្របណ្តេញសហជីពមូលដ្ឋាន
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃទី២៥ ខែធ្នូ កម្មកររោងចក្រប្រេស្ទិច នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានលើកគ្នាប្រមាណ២០០នាក់មកតវ៉ា បន្ទាប់ពីមានការបណ្តេញសហជីពប្រចាំក្នុងរោងចក្រខាងលើនេះ ចេញពីការងារ។ នេះបើតាមការអះអាងរបស់ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា។ គិតរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយណាមួយត្រូវបានធ្វើឡើងតាមការទាមទាររបស់កម្មករនៅឡើយទេ។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៥ ខែធ្នូនេះ ថា មូលហេតុដែលបណ្តាលឲ្យកម្មករលើកគ្នាមកតវ៉ានេះ គឺកើតឡើងបន្ទាប់ពីរោងចក្រប្រេស្ទិច បានបញ្ឈប់តំណាងសហជីពមួយរូបនៅក្នុងរោងចក្រ កាលពីថ្ងៃសៅរ៍ ទី២២ ខែធ្នូកន្លងទៅ។ ការបញ្ឈប់តំណាងសហជីព ដោយសាររោងចក្រ ខាងលើនេះមិនចង់ឲ្យមានសហជីពនៅក្នុងរោងចក្រ។
ប្រធានសហភាពចលនាកម្មករកម្ពុជាបាន បានអះអាងថាចាប់តាំងពីការតវ៉ាកើតឡើង កាលពីថ្ងៃទី២៤ ខែធ្នូរហូតមកដល់ថ្ងៃទី២៥ ខែធ្នូនេះ មិនទាន់ឃើញមានមន្ត្រីពាក់ព័ន្ធណាចុះមកដោះស្រាយឲ្យទាន់ពេលវេលានោះទេ។ លោកបញ្ជាក់ថា ការតវ៉ាហាក់ដូចជាគ្មានអ្នកចាប់អារម្មណ៍ចុះអន្តរាគមន៍ដោះស្រាយសោះ។
យោងតាមលិខិតផ្ទេរសិទ្ធិចុះថ្ងៃទី២៤ ខែធ្នូ បានស្នើសុំឲ្យមានការជួយដោះស្រាយលើបញ្ហាចំនួន១០ចំណុច។ ចំណុចទាំងនោះរួមមាន ស្នើឲ្យរោងចក្រខាងលើទទួលយកប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រចូលមកធ្វើការវិញ, ក្រុមហ៊ុនត្រូវធ្វើកាត ប.ស.ស ឲ្យកម្មករ, ក្រុមហ៊ុនមិនត្រូវកាត់លុយកម្មករ នៅពេលកម្មករដាក់ច្បាប់កន្លះថ្ងៃ, នៅពេលកម្មករ ឈឺ មានសំបុត្រពេទ្យត្រឹមត្រូវ ក្រុមហ៊ុនត្រូវរក្សាប្រាក់ឈ្នួលឲ្យកម្មករ, ក្រុមហ៊ុនមិនត្រូវរើសអើងសហជីពចលនាកម្មករគ្រប់រូបភាព, រួមទាំងចំណុចមួយចំនួនទៀត។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាបានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធត្រូវពន្លឿនការដោះស្រាយលើការតវ៉ារបស់កម្មករនាពេលនេះ ហើយបញ្ឈប់ការបណ្តែតបណ្តោយឲ្យក្រុមហ៊ុនខាងលើនេះរំលោភសិទ្ធិការងាររបស់កម្មករតទៅទៀត។ បើគ្មានដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធទេ នោះកម្មករនៅក្នុងរោចក្រ ប្រេស្ទិច នឹងរងការធ្វើទុក្ខបុកម្នេញ និងរំលោភសិទ្ធិបន្តទៀត។
លោក ប៉ាវ ស៊ីណា បានកត់សម្គាល់ឃើញថាករណីរំលោភសិទ្ធិសហជីពនៅមូលដ្ឋាននៅតែកើតមានជាបន្តបន្ទាប់ បើទោះបីជាថ្មីៗនេះមានការជំរុញពីប្រមុខរដ្ឋាភិបាលឲ្យពន្លឿននូវដំណោះស្រាយលើមេដឹកនាំសហជីពក៏ដោយ។
សូមជម្រាបជូនថាកាលពីថ្ងៃទី៣ ខែធ្នូ រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយដោយក្នុងនោះបានបញ្ជាក់ថារដ្ឋាភិបាលបានដាច់ចេញនូវវិធានការមួយចំនួន ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសិទ្ធិការងារ និងសហជីព។ ក្រៅពីនេះក្រសួងការងារកម្ពុជានឹងបង្កើតក្រុមការងារមួយ ដើម្បីរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសហជីព ព្រមទាំងភាគីពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ