កម្ពុជា

កម្ពុជា​បង្កើត​ពិធី​បុណ្យ​​ស្រូវលើកទី១​ ដើម្បី​ទាក់ទាញ​ទេសចរ​

ការរៀប​ចំពីធីបុណ្យ​ស្រូវ ​និង​បុណ្យ​ចំបើងវនៅខេត្តបន្ទាយមានជ័យ
ការរៀប​ចំពីធីបុណ្យ​ស្រូវ ​និង​បុណ្យ​ចំបើងវនៅខេត្តបន្ទាយមានជ័យ @ក្រសួងទេសចរណ៍

នៅថ្ងៃទី៣ ​ខែមករា​ នេះ ​ក្រសួង​ទេសចរណ៍ ​បាន​រៀប​ចំពិធី​បុណ្យស្រូវ ​និង​ចំបើង​ លើកទី​១ ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។​ ការ​រៀប​ចំពីធី​បុណ្យ​នេះ​ឡើង ​ត្រូវ​បាន​ក្រសួង​ទេសចរណ៍ ​និង​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​បញ្ជាក់​​ថា គឺ​ដើម្បី​ទាក់ទាញ​​ទេសចរ​មក​លេង​កម្សាន្ត​ក្នុង​តំបន់​ទាំង​នោះ ​និង​រក្សា​វប្បធម៌​ទំនៀម​ទំលាប់​។​

ផ្សាយពាណិជ្ជកម្ម

ក្រសួងទេសចរណ៍​កម្ពុជា នៅថ្ងៃនេះ បានរៀបចំ​ពី​ធី​បុណ្យ​ស្រូវ និង​បុណ្យ​ចំបើង​លើក​ទី១ ក្រោម​ប្រធានបទ “ស្រូវ ជីវិត វប្បធម៌ និង​ទេសចរណ៍” នៅក្នុង​នៅ​ភូមិ​ទឹកជោរ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦។ ព្រឹត្តិការណ៍​នេះ នឹងមាន​ការតាំងពិព័រណ៍​ផលិតផល​ក​សិ-ទេសចរណ៍ និង​ផលិតផល​ក្នុងស្រុក រួមទាំង​ការសម្តែង​សិល្បៈ​ចម្រៀង​បុរាណ សម័យ និង​ល្ខោនបាសាក់​ផងដែរ។

អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​លោក ទិ​ត ចន្ថា បាន​ប្រាប់​វិទ្យុ​បារាំង​ថា ការរៀបចំ​ពី​ធី​បុណ្យ ដែល​ទាក់ទង​នឹង​ប្រពៃណី​វប្បធម៌​នេះ​ឡើង ដើម្បី​បំផុស​ឲ្យ​មាន​ចលនា​ទេសចរ​ចូលរួម​ឲ្យ​បាន​ច្រើន ហើយ​អាច​ទទួលបាន​ផល​ទាំង​សេដ្ឋកិច្ច និង​បំផុសគំនិត​ក្នុង​ការផលិត​ស្រូវ​ក្នុងស្រុក​ផងដែរ។ លោក ទិ​ត ចន្ថា បញ្ជាក់ថា វិស័យ​ទេសចរណ៍ គឺមាន​សារៈសំខាន់​ណាស់ ក្នុង​ការជួយ​ជម្រុញ​ការផ្សព្វផ្សាយ លើ​ការលក់ដូរ​ផលិតផល​ទាំងអស់នោះ។ ការបង្កើត​បុណ្យ​ស្រូវ​នេះ គឺអាច​ត្រឹមតែ​ទាក់ទាញ​ទេសចរ​ក្នុងស្រុក ហើយ​លោក​មិនអាច​ប៉ាន់​ស្មានថា​នឹងមាន​អ្នកចូលរួម​ប៉ុន្មាន​នោះទេ ដោយសារ​ការរៀប​ចំក​ម្ម​វិធី​នេះ​គឺ​លើក​ទី។ លោក​បន្ថែមថា​ពិធីបុណ្យ​នេះ នឹង​ពង្រីក​ទៅតាម​បណ្តាល​ខេត្តផ្សេងៗទៀត​ក្នុងប្រទេស​កម្ពុជា។

ពាក់ព័ន្ធ​នឹង​ការរៀបចំ​ពិធីបុណ្យ​នេះ ក្នុង​ខេត្តបន្ទាយមានជ័យ។ អភិបាលខេត្ត​បន្ទាយមានជ័យ លោក គោ​ស៊ុំ សារឿ​ត បាន​ឲ្យ​ដឹងថា ខេត្តបន្ទាយមានជ័យ​មាន​សក្តានុពល​ស្រូវ​អង្ករ​ច្រើន ហើយ​ម្យ៉ាង​គឺ​ដើម្បី​លើកស្ទួយ​ការធ្វើ​អាជីវកម្ម​ស្រូវ​អង្ករ និង​ឲ្យ​ប្រជាពលរដ្ឋ​ស្គា​ល់ពី​តម្លៃ​នៃ​ចំបើង ហើយ​ប្រើប្រាស់​ឲ្យ​បាន​ច្រើន។ អភិបាលខេត្ត​រូបនេះ​បន្ថែមទៀតថា ការរៀបចំ​ពិធី​នេះ នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ពី​ចំបើង និង​ស្រូវ​អង្ករ និង​រក្សា​ប្រពៃណី​នៃ​ការធ្វើ​ស្រូវ​អង្ករ។

ជុំវិញ​ការបង្កើត​ពិធីបុណ្យថ្មីៗ ជាច្រើន​របស់​ក្រសួងទេសចរណ៍​នេះ លោក ម៉ម រិទ្ធី ជា​ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេ​សចណ៍​បាន​និយាយថា កម្មវិធី​បុណ្យ​ទាំងអស់នេះ​គឺ​ល្អ​ហើយ ប៉ុន្តែ​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​ទាំងនេះ​មិនអាច​ទាក់ទាញ​ទេសចរ​បរទេស​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​ទេ ហើយ​ក្រសួង​គួរតែមាន​យុទ្ធសាស្ត្រ​ទាក់ទាញ​ឲ្យ​បានល្អ​ជាង​នេះ។

សូមបញ្ជាក់ថាថ្មីៗនេះ ក្រសួងទេសចរណ៍​បានរៀបចំ​បង្កើត​បុណ្យថ្មីៗមួយចំនួន ដូចជា​បុណ្យ​សមុទ្រ​នៅ​ឆ្នាំ២០១២ បុណ្យ​ទន្លេ​នៅ​ឆ្នាំ២០១៥ និង​ពិធីបុណ្យ​អង្ករ​ឆ្នាំ២០១៦នេះ៕   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI