អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​អំណាច​ខ្មែរ​ត្រៀម​ធ្វើ​សមាជ​ផ្លាស់​ប្ដូរ​រូប​សញ្ញា​គណបក្ស

ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច អ្នកអង្គម្ចាស់នរោត្តម​ អារុណ​រស្មី ដែលបាន​ចូលរួម​ឃោស​នាក្នុង​ការ​បោះឆ្នោតនីតិកាលទី៥នេះ។
ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច អ្នកអង្គម្ចាស់នរោត្តម​ អារុណ​រស្មី ដែលបាន​ចូលរួម​ឃោស​នាក្នុង​ការ​បោះឆ្នោតនីតិកាលទី៥នេះ។ rfi/siv channa
ដោយ៖ អេង គីមហុង
១៥ នាទី

បន្ទាប់​ក្រសួង​មហាផ្ទៃ​ក្រើន​រំលឹក​ទៅ​គណបក្ស​នយោបាយ​ចំនួន​ពីរ​ឲ្យ​គោរព​ទៅ​តាម​ខ្លឹម​សារ​នៃ​ច្បាប់​ថ្មី តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​អំណាច​ខ្មែរ​នៅ​ថ្ងៃ​ទី​៣១​សីហា​នេះ​ បាន​អាង​ដូច​គ្នា​ថា ​ពួក​គេ​ត្រៀម​ខ្លួន​ធ្វើ​សមាជ​ដើម្បី​គិត​គូរ​ទៅ​លើ​រូប​សញ្ញា​ថ្មី​យក​មក​ជំនួស​រូប​ចាស់ ។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង លោក សួង សុភណ្ឌ ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​លិខិត​ពី​ក្រសួង គណបក្ស​អំណាច​ខ្មែរ​នឹង​រៀប​ចំ​សមាជ​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ខាង​មុខ​ដើម្បី​រៀប​ចំ​រចនា​សម្ព័ន្ធ​ថ្មី​បញ្ជូន​ទៅ​ក្រសួង។

សមាជ​សាមញ្ញ​នៅ​ថ្ងៃ​ខាង​មុខ នឹង​ផ្ដោត​ទៅ​លើ​បី​ចំណុច​សំខាន់​គឺ​ការ​បោះ​ឆ្នោត​ផ្ដល់​សេច​ក្ដី​ទុក​ចិត្ត​ដល់ លោក សួង សុភណ្ឌ ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស។ បន្ទាប់​ពិភាក្សា​ទៅ​លើ​ការ​ប្ដូរ​ឡូហ្គោល និង​ចុង​ក្រោយ​កែ​ប្រែ​លក្ខន្តិកៈ​មួយ​ចំនួន​របស់​គណបក្ស។ បើ​តាម​គម្រោង​គណបក្ស​អំណាច​ខ្មែរ​នឹង​ប្រើ​ប្រាស់​ទឹក​ប្រាក់​ប្រមាណ​ជា​១៥០០០​ដុល្លារ​ដើម្បី​ផ្លាស់​ប្ដូរ​ស្លាក​គណបក្ស​នៅ​ទូទាំង​ប្រទេស។

ត្បិត​តែ​ប្រធាន​គណបក្ស​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​លោក សួង សុភណ្ឌ ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ​ថា គណបក្ស​មួយ​នេះ​នៅ​តែ​រឹង​មាំ​អាច​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

ចំណែក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ។ លោក ញេប ប៊ុនជិន អនុប្រធាន​និង ជា​អ្នក​នាំ​ពាក្យ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា ហ៊្វុនស៊ិនប៉ិច នឹង​ធ្វើ​សមាជ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ តែ​មិន​ទាន់​កំណត់​ថ្ងៃ។ បើ​តាម​លោក​ញេប ប៊ុនជិន គណបក្ស​ទំនង​ជា​បោះ​ពុម្ព​ស្លាក​សញ្ញា​គណបក្ស​ថ្មី​យក​ទៅ​បិទ​នៅ​ពី​លើ​ស្លាក​គណបក្ស​ចាស់ ដែល​ការងារ​នេះ​លោក​ថា​ចំណាយ​អស់​តិច​ក្នុង​ទំហំ​ទឹក​ប្រាក់​១០​ម៉ឺន​ដុល្លារ ដែល​យក​ទៅ​ប្រើ​ប្រាស់​នៅ​ទូទាំង​ប្រទេស។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៩​សីហា ក្រសួង​មហាផ្ទៃ​បាន​ទុក​ពេល​ទៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​៩០​ថ្ងៃ​ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា​គណបក្ស​ដែល​បច្ចុប្បន្ន​មាន​ស្លាក​សញ្ញា​ជា​ព្រះ​ឆាយាលក្ខណ៍​សម្ដេច​ក្រុម​ព្រះ​ដែល​ជា​ព្រះ​ប្រធាន​គណបក្ស។ ដោយ​ឡែក​គណបក្ស​អំណាច​ខ្មែរ​ក្រសួង​បង្គាប់​ឲ្យ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ។

ក្រឡេក​ទៅ​មើល ខ្លឹម​សារ​នៃ​មាត្រា​៤៨​ស្ទួន​វិសោធកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ថ្មី​កំណត់​ថា ចំពោះ​គណបក្ស​នយោបាយ​ណា​ដែល​មាន​ឈ្មោះ ឬ​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ​មិន​ថា​ជា​ឈ្មោះ ឬ​រូបភាព​រូប​វ័ន្ត​បុគ្គល ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ ឬ​សញ្ញា​សម្គាល់​ឲ្យ​ស្រប​តាម​បទ​បញ្ញត្តិ​នៃ​ច្បាប់​នេះ​ក្នុង​រយៈ​ពេល​៩០​ថ្ងៃ​យ៉ាង​យូរ គិត​ចាប់​ពី​ថ្ងៃ​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ