ការឃោសនាបោះឆ្នោតនៅថ្ងៃស្អែក៖ គណបក្សភាគច្រើនមិនហែក្បួនឃោសនាដូចការបោះឆ្នោតទូទៅទេ
ចុះផ្សាយនៅថ្ងៃ៖
ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩នេះ នឹងចាប់ផ្ដើមពីថ្ងៃទី១៧ឧសភាស្អែកនេះហើយ។ ខុសពីអាណត្តិទី១ និង អាណត្តិទី២ ដែលការឃោសនាបោះឆ្នោតមានរយៈពេល១៥ថ្ងៃ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ ការឃោសនាបោះឆ្នោតមានរយៈពេលពេលតែ៨ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែគណបក្សនយោបាយភាគច្រើនដែលចូលរួមបោះឆ្នោត រួមទាំងគណបក្សកាន់អំណាចផងមិនធ្វើការហែក្បួនឃោសនាទ្រង់ទ្រាយធំដូចការបោះឆ្នោតដែលមានការចូលរួមផ្ទាល់ពីប្រជាពលរដ្ឋឡើយ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា គណបក្សនយោបាយទាំងអស់ដែលចូលរួមការបោះឆ្នោតនៅថ្ងៃទី២៦ខែឧសភានេះ សុទ្ធតែបានត្រៀមខ្លួនធ្វើការឃោសនានៅទីតាំងរបស់ខ្លួន ដោយបានជូនដំណឹងទៅកាន់គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតរួចហើយ។ ការឃោសនាបោះឆ្នោតអសកលនេះ គឺមានរយៈពេល៨ថ្ងៃដោយរាប់ចាប់ពីថ្ងៃទី១៧ខែឧសភា។
ទោះជាយ៉ាងណា គណបក្សនយោបាយភាគច្រើនដែលចូលរួមការបោះឆ្នោតនេះ រួមទាំងគណបក្សកាន់អំណាចផងមិនធ្វើការហែក្បួនឃោសនាទ្រង់ទ្រាយធំដូចការបោះឆ្នោតដែលមានការចូលរួមផ្ទាល់ពីប្រជាពលរដ្ឋឡើយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការមិនឃោសនាទ្រង់ទ្រាយធំព្រោះគេដឹងច្បាស់ហើយថា អង្គបោះឆ្នោតគឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សដែលជាប់ឆ្នោត។
ដូចគ្នាអញ្ចឹងដែរ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាដែលមានអង្គបោះឆ្នោតតែចំនួន៣នាក់ក៏មិនធ្វើការឃោសនាហែក្បួនឡើយ ខណៈគណបក្សឆន្ទៈខ្មែររបស់កូនប្រុស លោក គង់ គាំ នឹងធ្វើការឃោសនាហែក្បួនខ្នាតតូច ក្រោយពីធ្វើសមាជវិសមញ្ញរួចនៅថ្ងៃអាទិត្យទី១៩ខែឧសភា។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ដែលនឹងធ្វើឡើងនាថ្ងៃទី២៦ឧសភាខាងមុខនេះ គឺមានគណបក្សនយោបាយចូលរួមចំនួន៧៖ គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា ហ្វ៊ុនស៊ិនប៉ិច ខែ្មររួបរួមជាតិ យុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និង គណបក្សខ្មែរសាធារណៈរដ្ឋ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ